(ភ្នំពេញ)៖ ស្រីក្មេងសាច់សខ្ចីដូចបណ្តូលចេក នាងរ៉េត ស៊ូហ្សាណា ដែលត្រូវថៅកែផលិតកម្មរស្មីហង្សមាស ពេញចិត្តនិងលើកតម្កើងជាងគេនោះ ស្ថិតក្នុងក្រសែភ្នែកនៃបុរសមានអំណាច និងសម្បូរទ្រព្យទាំងឡាយ ចង់រាយអន្ទាក់ស្នេហ៍គ្រប់ពេល ទើបថ្មីៗនេះ គេឃើញឪពុករបស់ហ្សាណា បានតាមការពារស្រីស្អាតរូបនេះជាប់ជានិច្ច ដើម្បីទប់ស្កាត់កូនស្រីកុំឱ្យប៉ះរឿងអាស្រូវស្នេហ៍…។

រ៉េត ស៊ូហ្សាណា ដែលលេចមុខតាមឆាកតន្ត្រីតាមផ្សារទំនើបៗ និងបណ្តាខេត្តមួយចំនួននោះ ត្រូវបានគេបង្ហើបថា អ្នកចម្រៀងសម្រស់ដាច់គេនៅហង្សមាសរូបនេះ  ត្រូវបានឪពុកនាងតាមជាប់ស្អិត គ្រប់ពេលទាំងអស់ ដើម្បីកុំឱ្យមានការថ្លោះធ្លោយពីក្រញាំដៃប្រុសព្រាន ដែលតែងតែចង់តាមឆ្មក់ស្នេហ៍។

ប្រភពបានឱ្យដឹងថា នាងស៊ូហ្សាណា  សឹងតែគ្រប់ពេលទាំងអស់ ដែលនាងច្រៀងសម្តែងថតភាពយន្ត ជាដើមនោះ គឺត្រូវបានឪពុកម្តាយនាងតាមជាប់ជានិច្ច ហើយសូម្បីតែទូរស័ព្ទនាងហ្សាណា វិញ ក៏ម្តាយនាងនិយាយជំនួសដែរ។ ការប្រយ័ត្នប្រយែងបែបនេះ មិនមែនមានតែស៊ូហ្សាណា  ម្នាក់ទេដែលត្រូវឪពុកម្តាយតាមឃ្វាលជាប់ជានិច្ច គឺមានតារាស្រីស្អាតជាច្រើននាក់មកហើយ ដែលចូលសិល្បៈ ហើយធ្វើបែបនេះ តែចុងក្រោយ គេកត់សម្គាល់ឃើញថាតារាស្រីស្អាតៗមួយចំនួននៅតែមិនអាចគេចផុតពីអន្ទាក់ស្នេហ៍បានទេហើយចុងក្រោយមានអ្នកខ្លះបានបាត់ខ្លួន ដោយអាថ៌កំបាំង និងពេលវិលត្រឡប់មកវិញស្រាប់តែមានកូន ដោយគ្មានប្តីទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?