(ភ្នំពេញ)៖ ក្រោយពីល្បីឡើងកក្រើកហ្វេសប៊ុករឿងគ្រឿងញៀននៅមជ្ឈមណ្ឌលរ៉ុកទីបំផុត​ក្រោយការប្រកាសយ៉ាងដាច់ខាតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា ឲ្យតាមចាប់ និងវែកមុខ អ្នកនៅពីក្រោយ​ករណីគ្រឿងញៀន​នៅ​មណ្ឌល​កម្សាន្ត «រ៉ុក» ដែលសមត្ថកិច្ចចុះបង្រ្កាប​បានគ្រឿងញៀនរាប់សិបគីឡូ កាលពីម្សិល​មិញនេះក៏មាន​ការឃាត់ខ្លួន​លោកឧកញ៉ា គិត ធាង ដែលគេស្គាល់ច្បាស់ថា​ជា​ម្ចាស់ធំរបស់ ROCK។

ក្រោយការឃាត់ខ្លួននេះ​នៅមុននេះចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក៏បាន​ចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឧកញ៉ា គិត ធាង ទៅឃុំខ្លួនបណ្តោះ​អាសន្ន​នៅពន្ធនាគារ PJ ជាបណ្តោះអាសន្ន រង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី ដោយជាប់​ចោទពីបទ ៖

«ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត» ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយ​មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និង​មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។