(ភ្នំពេញ)៖ ក្រោយពីរងព្យុះភ្លៀងបាត់បង់សមាជិកនឹងជាប្អូនស្រីបង្កើតដែលស្រលាញ់ពេញបេះដូងលោក ខេមរៈ សិរីមន្ត ហាក់ចាប់ផ្តើមមានស្នាមញញឹមសារជាថ្មីវិញហើយ ។ វាជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ ក៏ដូចជាភ្ញាក់ផ្អើល សម្រាប់ទស្សនិកជន បន្ទាប់ពីបានឃើញ វត្តមាន របស់កំពូលតារាចម្រៀង ២រូប ក្នុងផលិតកម្មរស្មីហង្សមាស គឺ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត និងតារា ចម្រៀង សុខ សីឡាលីន ។

ដោយត្រូវបានផលិតកម្មរស្មីហង្សមាសបានលើកតម្កើងឲយបានក្ដោបតំណែង ក្លាយជាគណៈកម្មការ ក្នុងកម្មវិធី ប្រឡងចម្រៀងរបស់ ទូរទស្សន៍ហង្សមាស គឺកម្មវិធី «X Factor Cambodia» ដែលជាកម្មវិធីលំដាប់កំពូល ល្បីពាសពេញពិភពលោក ដែលប្លែកពីកម្មវិធី ប្រឡងចម្រៀងផ្សេងៗ។

ដោយឡែក ដូចប្រិយមិត្តទស្សនិកជម បានជ្រាបរួចមកហើយថា តារាចម្រៀងសំឡេងធ្ងន់ លោក ខេមរៈ សិរីមន្ត និងតារាចម្រៀងសម្លេងស្រទន់ សុខ សីឡាលីន បានប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំហើយ ខណៈដែលក្រៅពីបង្ហើរសំនៀង បម្រើអារម្មណ៍ទស្សនិកជន ហើយនោះ តារាទាំងពីររូបនេះ ពុំធ្លាប់ធ្វើជា គណៈកម្មការក្នុងកម្មវិធីប្រឡងប្រជែងលំដាប់ពិភពលោក ណាមួយឡើយ ខណៈដែលនេះ ជាលើកទីមួយហើយ ដែលអ្នកទាំងបានក្ដោបបានដំណែងនេះ។

ជាមួយគ្នានេះ ប្រិយមិត្តទស្សនិកជន ជាច្រើនហាក់សប្បាយរីករាយ ដែលបានឃើញវត្តមាន តាចម្រៀងដែលជា Idol ទាំងដួងរបស់ខ្លួន បានឈរតំណែងជាគណៈកម្មការ និងមានអ្វីពិសេស ដែលជាបទពិសោធន៍ ចែកជូនដល់ បេក្ខជន បេក្ខនារីដែលបានចូលរួមក្នុងកម្មវិធីនេះ។

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «X Factor Cambodia» មានកំពូលតារាចម្រៀង៤ដួង នឹងត្រូវបង្ហាញវត្តមាន ធ្វើជាគណៈកម្មការ ក្នុងនោះមានតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា, លោក ខេមរៈ សិរីមន្ត, លោក ណុប បាយ៉ារិទ្ធ, និងកញ្ញា សុខ សីឡាលីន ៕