(ស្រុកស្អាង)៖ ករណីជួញដូរគ្រឿងញៀនទៀតហើយនៅភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យមានចំនួន០២នាក់ទីមួយមានឈ្មោះ អាន ហុតលី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅបច្ចុប្បន្នភូមិ កូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ នឹងទីពីរមានឈ្មោះ អ៊ី ធួន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ អាន ហុតលី បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អាន ហុតលី បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់នេះ ខ្លួនបានទិញពីឈ្មោះ អ៊ី ធួន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅចំណុចភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល តម្លៃ ៥០,០០០៛ ដើម្បីយកទៅលក់អោយគេមិនស្គាល់ឈ្មោះ តម្លៃ ៨០,០០០៛ ។

បន្ទាប់មកសមត្ថកិច្ចនគរបាល បានបន្តទៅឃាត់ខ្លួនឈ្មោះ អ៊ី ធួន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច ០៨កញ្ចប់ , ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងសំភារះសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អ៊ី ធួន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ ១,០០០,០០០៛ ពីឈ្មោះ រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចភូមិ ចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីយកមកលក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ៤០,០០០៛ ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។