ចង់ចញ្ចឹមត្រីមែនទេ? វិធីធ្វើស្រះជ្រើសរើសដីដើម្បីធ្វើស្រះមានទំហំល្មម២មx៤ម,៣មx៤ម ឬ៤មx៤ម។ ជីកជម្រៅចុះក្រោមប្រមាណ១ម៉ែត្រនិងត្រូវមានជើងទេនៅតាមមាត់ស្រះប្រមាណ៤៥ដឺក្រេបាតស្រះត្រូវរៀបចំឲ្យបានស្មើរល្អ។ ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចដែលមាំស្វិតល្អនិងដាក់ដីឬដំុំថ្មគ្របសង្កត់ពីលើជាយផ្ទាំងប្លាស្ទិចនៅមាត់ស្រះផងដើម្បីកុំអោយថង់រអិលចូលក្នុងស្រះ។

ដាក់ទឹកចូលកម្ពស់២/៣ នៃស្រះ។ ដាក់ប្រភេទដីបាតត្រពាំងនៅបាតរបស់វាខ្លះកំរាស់ប្រមាណ២សង់ទីមែត្រ។ ដាក់ទឹកEM១លីត្រសម្រាប់ផ្ទៃស្រះ៨ម៉ែត្រការេ។ ដាក់កំប្លោកឬត្រកួនខ្លះនិងចកតូចៗដើម្បីជាជម្រកដល់ត្រីជួយបង្កើតចំណីនិងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល៥-៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។ ក្នុងទំហំស្រះ១ម៉ែត្រការេអាចដាក់ត្រីក្រាញ់បានប្រមាណ៥០ក្បាលឬត្រីអណ្តែងប្រមាណ៣០ក្បាល។

វិធីធ្វើចំណីត្រីធម្មជាតិចំណាយអស់តិចធាតុផ្សំមាន៖-កន្ទក់២បាវជី-កាកដូង១បាវជី-សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម-សណ្តែកសៀងកិន ៦គីឡូក្រាម-អតិសុខុមប្រាណ EM ១លីត្រ-ស្ករងូ ១គីឡូក្រាម-ប្រេងសណ្តែក១-២លីត្រ។ វិធីធ្វើ លាយធាតុផ្សំពី១-៤និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។ លាយអតិសុខុមប្រាណEM ១លីត្រនិងស្ករងូ១គីឡូក្រាមជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។

បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។ ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។

សូមមើលរូបខាងក្រោម៖

ប្រភព៖ អ៊ាង សុផល្លែត