ការចិញ្ចឹមត្រីជាមួយខ្យងអាចរកប្រាក់ចំណូលបានច្រើន ព្រោះប្រមូលផលម្តងៗបាន២មុខ ហើយត្រីពុំសូវមានជំងឺ និងលូតលាស់លឿនជាងចិញ្ចឹម ត្រីតែឯង។ កសិករអាចសាកល្បងបទពិសោធន៍ចិញ្ចឹមត្រីជាមួយខ្យងនេះ ដើម្បីបង្កើនប្រាក់ចំណូល។
បច្ចេកទេសចិញ្ចឹមមានដូចខាងក្រោម៖

១. ការរៀបចំស្រះដាក់កូនត្រី ទំហំស្រះ ១០ x ១២ x ០,៥ម៉ែត្រ បាចកំបោរសចំនួន ១៥ គីឡូក្រាម ដាក់ទន្ទ្រានខែត្រចំនួន ៤ បាច់ធំៗ លាមកគោស្រស់ ៤ថង់ ស្មើ ៤០ គីឡូក្រាម។ ក្រោយរយៈពេល ១៥ថ្ងៃ សង្កេតឃើញមានសត្វប្លង់តុងកើតឡើង ត្រូវព្រលែងកូនត្រីចូលដើម្បីចិញ្ចឹម។

២. របៀបដាក់ខ្យងចិញ្ចឹម៖ ក្រោយពេលកូនត្រីដែលបានដាក់ចិញ្ចឹមមានទំហំ ១៥សង្ទីម៉ែត្រ ឬ ៤៥ថ្ងៃ ចាប់ផ្តើមព្រលែងខ្យង ១បង្គីចូល ធ្វើដូចនេះដើម្បីជួយឲ្យការលូតលាស់របស់ត្រី និងខ្យងបានល្អព្រមគ្នា។ ក្រោយពីដាក់ខ្យង ត្រូវបន្ថែមនូវចំណីគ្រប់មុខដើម្បីជំរុញដល់ការលូតលាស់។ ត្រូវដាំដំណាំដូចជា ត្រកួនបណ្តែតលើទឹក ដោតដើមទន្ទ្រានខែត្រសំរាប់ឲ្យខ្យងពងកូន។

៣. ការប្រមូលផល៖ សំរាប់សត្វខ្យងក្រោយរយៈពេល ៦ខែ អាចប្រមូលផលបានដែលមានបរិមាណរហូតដល់ ៩០គីឡូក្រាម។ ចំពោះត្រី នៅពេលមានអាយុ ៧ខែ អាចប្រមូលផលបានដែលមានប្រមាណរហូតដល់ ៩០គីឡូក្រាម។

៤. សរុបបច្ចេកទេសរៀបចំស្រះដោយធ្វើការដាក់រុក្ខជាតិ និងលាមកសត្វដើម្បីបង្កើនប្លង់តុង (ចំណីត្រី) ដាក់កូនត្រីចូលទៅក្នុងស្រះឲ្យបានអាយុ ៤៥ថ្ងៃ គាត់ចាប់ផ្តើមព្រលែងខ្យងចូលទៅក្នុងស្រះ ដាក់ចំណីបន្ថែម និងចំរុះចូលទៅក្នុងស្រះ ដើម្បីឲ្យត្រី និងខ្យងស៊ី
ដាក់ត្រកួន និងទន្ទ្រានខែត្របណ្តែតទឹកប្រមាណ ២៥ភាគរយ ដើម្បីឲ្យខ្យងពងកូនឧស្សាហ៍ពិនិត្យមើលទឹកស្រះ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពត្រី និងខ្យង។ អាចសាកល្បងធ្វើតាមបាន!

រូបតំណាង
រូបតំណាង