(ភ្នំពេញ)៖ នេះមិនមែនជាលើកទីមួយនោះទេដែលមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកឬផេកក្លែងក្លាយទៅតាមឈ្មោះបុគ្គលដែលមានឈ្មោះល្បីដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។ ការធ្វើបែបនេះដើម្បីតែផលប្រយោជន៍ខ្លួនចង់បានអ្នកចុច Like នឹង Share ច្រើន​តែជាការប៉ះពាល់ដល់សិទ្ឋបុគ្គលនឹងជាការបំផ្លាញគេសុទ្ឋសាធដោយសារតែការធ្វើបែបនេះ ។

ដោយឡែកតារាចម្រៀងចម្រៀងទើបបញ្ចប់ភាពនៅលីវជាមួយនារីអ្នកជំនួញវ័យក្មេង លោ​ក ​នី រតនា បានបង្ហាញនៅលើគណនីហ្វេសប៊ុកថា«ខ្ញុំមានផេកផ្លូវការតែមួយគត់គឺផេកមួយនេះដែលមានចំនួនអ្នក like ជិត 40 ម៉ឺននាក់ និងគណនីហ្វេសប៊ុកពិតរបស់ខ្ញុំមានតែមួយគត់គឺ NY Ratana HM ។

នី រតនា ក៏បានបន្តទៀតថា «ដូច្នេះខ្ញុំបាទមិនទទួលខុសត្រូវរាល់សកម្មភាពទាំងឡាយរបស់គណនីហ្វេសប៊ុក និងផេកក្លែងក្លាយទាំងនេះនោះទេ ហើយខ្ញុំសូមស្នើរសុំដល់លោកដែលយកឈ្មោះ​ខ្ញុំទៅប្រើក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន មេត្តាបញ្ឈប់សកម្មភាពនេះ និងប្តូរឈ្មោះចេញ កុំយកឈ្មោះរបស់ខ្ញុំទៅប្រើនាំឲ្យមានការយល់ច្រឡំដល់អ្នកគាំទ្ររបស់ខ្ញុំទៀត» ។

លោកបន្តថា «បើជាអ្នកគាំទ្ររបស់ខ្ញុំ សូមប្រើឈ្មោះថា Fan មិនមែនប្រើឈ្មោះរបស់ខ្ញុំ ហើយដើរតួជាខ្ញុំ ផុសព័ត៌មានពីខ្ញុំដោយគ្មានការអនុញ្ញាតនោះទេ ។ក្នុងករណីនៅតែបន្តសកម្មភាពនេះទៀត ខ្ញុំនឹងចាត់វិធានការទៅតាមការគួរហើយ ។សូមបងប្អូនជួយស៊ែរដើម្បីឲ្យសាំមីខ្លួនគាត់បានឃើញផង» ។