(រឿងក្នុងចិត្ត)៖ ធ្លាប់សួរខ្លួនឯងកើតមកដើម្បីអ្វី? បើមើលទៅផែនដីមួយនេះហាក់មិនមែនសម្រាប់ជីវិតខ្ញុំរស់នៅនោះទេ ។ ពេលខ្លះខ្សែជីវិតមួយនេះហាក់ដូចជាខ្លែងដាច់ខ្សែវង្វេង ហើយរសាត់តាមខ្យល់បក់ ពេលខ្លះជីវិតនេះក៏ធ្លាប់ដើរដល់ផ្លូវទាល់ច្រកមានអារម្មណ៍ថាច្របូកច្របល់រហូតពេលខ្លះចង់បកក្រោយក៏មាន ។

រំពេចនោះក៏មានសម្លេងមួយចេញមុខមកហើយបានខ្សឹបប្រាប់ខ្ញុំថា ទៅស្លាប់ទៅល្អជាងរស់នៅធ្វើអីបើរស់នៅលំបាកបែបនេះ គ្មានអ្នកយល់ចិត្ត គ្មានអ្នកស្រលាញ់ គ្មានអ្នកជួយជ្រោមជ្រែង មានតែបញ្ហាចាក់ស្រេះមិនអស់ អស់ពីមួយចូលមួយ ។ តែក៏មានសម្លេងមួយមកខ្សឹបប្រាប់ទៀតថាកុំឲ្យទៅណា តស៊ូឡើង រឹងមាំឡើង ត្រូវរស់នៅតទៅមុខទៀត ។ ហើយបានប្រាប់ខ្ញុំទៀតថាការលំបាកទាំងអស់ដែលខ្ញុំបានឆ្លងកាត់វាជាមេរៀនជីវិតដ៏ល្អ ហើយឩបសគ្គទាំងអស់នោះវាគ្រាន់តែជាការសាកល្បងការតស៊ូ ការអត់ធ្មត់របស់ខ្ញុំតែប៉ុណ្ណោះ ។

ជីវិតយើងម្នាក់ៗស្មើនឹងលេខសូន្យដូចតែគ្នានៅចុងបញ្ចប់នៃជីវិតគ្មានអ្នកណាម្នាក់អាចយកអ្វីទៅជាមួយបាននោះទេ ទ្រព្យសម្បត្តិលុយ ឡាន ផ្ទះដែលរកបានត្រូវទុកចោលទាំងអស់ ហេតុដូចនេះត្រូវរស់នៅដកដង្ហើមចេញចូលដោយសប្បាយចិត្តនឹងធ្វើរឿងដែលយើងចង់ធ្វើឲ្យហើយទាន់នៅមានពេល ។ បើរស់នៅដើម្បីតែមួយឆ្អែតក្រពះវាមិនលំបាកនោះទេសម្រាប់ខ្ញុំ​តែការចង់បានការលោភលន់ច្រើន ចង់បាននេះ​ ចង់បាននោះទើបធ្វើឲ្យជីវិតនេះវារញ៉េរញ៉ៃរកក្តីសុខសម្រាប់ខ្លួនឯងមិនបាន ។ ដ្រាម៉ារឿងក្នុងចិត្ត

រូបតំណាង