(ភ្នំពេញ)៖ មួយ​រយៈ​ចុង​ក្រោយ​នេះ កញ្ញា កុសម៉ា លីនដា បាន​បញ្ចេញ​ភាព​​សិច​ស៊ី​ជា​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​ដែល​តារា​ប្រុសស្រី​​​ល្បី​ជា​ច្រើន​រូប​ទៀត​កំពុង​តែ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​វប្បធម៌​ត្រៀម​​កោះ​ហៅ​ទៅ​​ណែនាំ​​ ឬ​អាច​ដាក់​ពិន័យ​ជុំវិញ​ការ​ស្លៀក​ពាក់​​​​សិច​ស៊ី។ 

ដោយឡែកទើប​តែ​ចាប់​អាជីព​ជា​តារា​សម្ដែង​មិន​​បាន​១ឆ្នាំ​ស្រួលបួល​ផង កញ្ញា កុសម៉ា លីនដា ចាប់​ផ្ដើម​មាន​ទីផ្សារ​បណ្ដើរៗ​ហើយ នាង​គឺ​ជា​កូន​ច្បង​របស់​អតីត​តារា​សម្ដែង​ជើង​ចាស់​​លោក ហៀង រតនា។ ទាំង​ស្អាត​ទាំង​សមត្ថភាព​ តារា​ស្រី​រូប​នេះ​បាន​ប្ដេជ្ញា​ថា នឹង​ខិត​ខំ​បន្ត​លើ​វិថី​នេះ ក្រែង​អនាគត​មាន​ទីផ្សារ​ប្រសើរ​ដូច​នឹង​តារា​ជូរ​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ។

ទោះ​បី​ជា​មាន​ឪពុក​ជា​តារា​សម្ដែង​ជើង​ចាស់​ធ្លាប់​ដែល​មហាជន​មួយ​ចំនួន​បាន​ស្គាល់​ហើយ​នៅ​ចាំ​​មុខ​​ក្តី ប៉ុន្តែ​ការ​ឈាន​ជើង​​មក​លើ​វិថី​សិល្បៈ​នេះ​កញ្ញា កុសម៉ា លីនដា បាន​ថ្លែង​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ប៉ា​របស់​នាង​មិន​បាន​​គាំទ្រ​​ឡើយ ​ព្រោះ​ មិន​ចង់​ឲ្យ​​ដើរ​លើ​វិថី​នេះ ខ្លាច​ខូច​អនាគត ខាត​ពេល​អត់​ប្រយោជន៍។ បែប​នេះ​ក្ដី ​ដោយ​ស្រលាញ់ នាង​ក៏ខំ​ជម្នះ​ដោយ​ខ្លួន​ឯង រហូត​បាន​មាន​ឱកាស​ចូល​ថត ហើយ​ពេល​ឪពុក​បាន​ឃើញ​ថា​មាន​សមត្ថភាព​​អាច​ទទួល​យក​បាន ទើប​​ក្រុម​គ្រួសារ​បណ្ដោយ​តាម​ចិត្ត​ទៅ។

កុសម៉ា លីនដា បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ងារ​សិល្បៈ​ដំបូង​របស់​នាង គ្រាន់​តែ​ថត Outdoor លេង​ធម្មតា​ទេ ប៉ុន្តែ​ក្រោយ​ពី​ផុស​លើ​បណ្ដាញ​សង្គម​លេង​ក៏​មាន​អ្នក​ដឹក​នាំ​​សិល្បៈ​មួយ​ចំនួន​ចាប់​អារម្មណ៍​​ហៅ​នាង​ទៅ ថត ​MV ស្ប៉ត និង​ភាពយន្ត​ជា​បន្ត​បន្ទាប់។ ជិត​១ឆ្នាំ​មក​នេះ​តារា​ស្រី​មាន​កំណើត​មក​ពី ខេត្ត​ស្វាយរៀង​ខាង​លើ​បាន​រៀបរាប់​​ឲ្យ​ដឹង​ថា ខ្លួន​ធ្លាប់​បាន​ថត​ភាពយន្ត​បាន​៣រឿង​មក​ហើយ ​រឿង​ទី១” បិសាច​គួរ​ឲ្យស្រលាញ់​”​, រឿង​ទី២”គូស្នេហ៍​បម្រុង”, រឿង​ទី៣”ឆន្ទា” ។

ហើយ​បច្ចុប្បន្ន​កំពុងតែ​ត្រៀម​ចុះ​កុងត្រា​ថត​រឿង​ថ្មី​១​ទៀត ប៉ុន្តែ​មិន​ទាន់​ដឹង​ចំណង​ជើង និងតួ​ដែល​​ត្រូវ​សម្ដែង​នៅ​ឡើយ។ តួ​ដែល លីនដា ធ្លាប់​សម្ដែង​កន្លង​មក​នាង​ថា ភាគ​ច្រើន​ជា​តួ​កាច​ឆ្នាសឆ្នើម ហើយ​សិច​ស៊ី​ដែល​ចរិត​តួ​​សម្ដែង​បែប​នេះ គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង​តែ​ម្ដង។

ខុស​ពី​តារា​សម្ដែង​ផ្សេង​ទៀត ដែល​តែង​តែ​ប្រាថ្នា​ថា ថ្ងៃ​ណា​មួយ​​និង​មាន​ឱកាស​អាច​ក្ដាប់​បាន​តំណែង​តួឯក សម្រាប់ កុសម៉ា លីនដា មិន​ហ៊ាន​បំណែង​បែប​នេះ​ឡើយ ប៉ុន្តែ​នាង​បែរ​ជា ចង់​ចាប់​អាជីព​ជំនាញ តួ​កាច​ឆ្នាសឆ្នើម រហូត​តែ​ម្ដង។ នាង​ថ្លែង​​លាយ​នឹង​សំណើច​ថា តួ​ណា​ដែល​គេ​ស្អប់​ជាង​គេ គឺ​នាង​ចូល​ចិត្ត​ជាង​គេ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា!