សកម្មភាពដូចខាងក្រោមនេះ គឺជាសកម្មភាពអាក្រក់ ដែលនឹងបង្កើនកម្រិតភាពតានតឹងក្នុងអារម្មណ៍របស់អ្នក ឲ្យកាន់តែមានលក្ខណៈធ្ងន់ធ្ងរថែមទៀត ប្រសិនបើអ្នកធ្វើវានៅពេលមានអារម្មណ៍តានតឹងស្មុគស្មាញនោះ។

១) ស្តាប់ភ្លេងរ៉ុកខ្លាំងៗ៖ តាមធម្មតា ភ្លេងរ៉ុកធ្វើឲ្យចង្វាក់បេះដូងលោតខ្លាំងជាងធម្មតាស្រាប់ហើយ រួចចុះទម្រាំមនុស្សកំពុងតែមានភាពតានតឹងក្នុងអារម្មណ៍ ហើយមកប៉ះសំលេងភ្លេងខ្លាំងៗស្ទើរបែកក្រដាសត្រចៀកទៀតនោះ វាកាន់តែធ្វើឲ្យហ៊ឹងត្រចៀក និងមានអារម្មណ៍ច្របូកច្របល់។

២) អុកឡុកអ្នកជុំវិញខ្លួន៖ បើអ្នកសំដែងអាការមុខក្រញូវ និយាយស្តីទ្រគោះបោះបោកដាក់អ្នកជុំវិញខ្លួន ពេលនោះគេនឹងមានប្រតិកម្មអវិជ្ជមានបកមកវិញភា្លមៗ ហើយវាកាន់តែធ្វើឲ្យអ្នកស្មុគស្មាញខ្លាំងថែមទៀត។ វិធីនេះមិនត្រឹមតែមិនបានជួយឲ្យអារម្មណ៍អ្នកធូរស្បើយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតសត្រូវថែមទៀត។ ដូច្នេះយល់ល្អ កាលណាយើងមានអារម្មណ៍ថាតានតឹងខ្លាំង យើងគួរតែចេះរំងាប់អារម្មណ៍ម្នាក់ឯងរហូតដល់អារម្មណ៍ល្អ ទើបជាការប្រសើរ ដើម្បីសុវត្ថិភាពជីវិត និងមិត្តភាពរបស់យើងផង។

៣) ផឹកកាហ្វេបំបាត់ភាពតានតឹង៖ បើគ្រាន់តែផឹក១ពែង នោះមិនជាថ្វីទេ ប៉ុន្តែកុំផឹកកាហ្វេដូចផឹកទឹកសុទ្ធ ពីព្រោះជាតិកាហ្វេអ៊ីន មិនមែនជាទឹកសេរ៉ូ ទេ តែកាលណាយើងផឹកចូលទៅ វានឹងរំញោចឲ្យបេះដូងលោតខ្លាំង ញ័រដៃញ័រជើង ខួរក្បាលច្របូកច្របល់ ធ្វើឲ្យអ្នកកាន់តែតានតឹងអារម្មណ៍ថែមទៀត។ ស្រួលមិនស្រួលអាចគាំងបេះដូងស្លាប់ក៏អាចថាបាន។ 

៤) បបួលមិត្តភក្តិទៅផឹក៖ ស្រាមានជាតិអាល់កុល កាលណាយើងផឹកចូលទៅ គឺវាត្រូវតែស្រវឹងជារឿងធម្មតា។ ពេលដែលកំពុងផឹកស៊ីសប្បាយជាមួយមិត្តភក្តិ អ្នកនឹងអាចបាត់តានតឹងមែន ប៉ុន្តែលុះដល់ស្អែកឡើងអ្នកនឹងឈឺក្បាល ធេងធោង ស្ងួតមាត់ និងគិតអ្វីក៏មិនចេញពេញមួយថ្ងៃ។