(ភ្នំពេញ)៖ ប្រជាជនខ្មែរហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញក្រុមហ៊ុនលក់អនឡាញដ៏ធំមួយលើពិភពលោកឈ្មោះក្រុមហ៊ុន Amazon បានយករូបភាពអត្តសញ្ញាណជាតិខ្មែរដែលប្រជាជនគោរពស្រលាញ់ទៅព្រីនជាប់ក្រណាត់ជូនជើង និងរបស់ប្រើប្រាស់ក្នុងបន្ទប់ទឹកទៅវិញ ។ រឿងនេះធ្វើអោយបុគ្គលមួយចំនួនក្នុងបណ្ដាញសង្គមបង្ហោះសាររិះគន់សម្ដែងការមិនពេញចិត្តថែមទាំងចាត់ទុកថាជាការប្រមាថមកលើជាតិសាសន៍ខ្មែរផងដែរ ។

ជាក់ស្ដែងកាលពីប៉ុន្មាននាទីមុននេះ បើយោងតាមប្រភពហ្វេសប៊ុករបស់លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារអោយដឹងថា៖ «តើនេះជាការប្រមាថមកលើបុព្វបុរសដូនតាខ្មែរនិងជាតិសាសន៍ខ្មែរទាំងអស់ទេ? តើនេះជាការលួចចំលងកម្មសិទ្ធបញ្ញាទេ?»

លោកឧកញ៉ាបន្ដថា៖ «ខ្ញុំបាទ ឌួង ឆាយ សូមថ្កោលទោសនិងសំណូមពរអោយក្រុមហ៊ុន Amazon ដកចេញនូវផលិតផលដែលកំពុងលក់ និង ប្រមូលមកវិញនូវទំនិញទាំងឡាយដែលបានលក់ហើយ ដោយមានរូបប្រាង្គប្រសាទនានារបស់ខ្មែរត្រលប់មកវិញ ព្រោះទង្វើនេះជាការប្រមាថមួយដ៏ធំមិនអាចទទួលយកបានទេ» ៕