(អប់រំ)៖ ឪពុក-ម្តាយគ្រប់រូបគួរឲ្យកត់ចំណាំទាំងអស់គ្នាថា ប្រសិនបើអ្នកចូលចិត្តបើកទូលាយឲ្យកូនៗ លេងស្មាតហ្វូន ឬថេប្លេតតាមតែអំពើចិត្តនោះ វានឹងបង្កផលវិភាគធ្ងន់ធ្ងរដល់ពួកគេ ជាពិសេសនោះគឺវាអាចបំផ្លាញ ខួរក្បាលរបស់ក្មេងៗទាំងអស់នោះបានថែមទៀត។ នេះមិនមែនជាលើកទីមួយនោះឡើយ សម្រាប់ការព្រមាន ពីសំណាក់វេជ្ជបណ្ឌិត និងអ្នកស្រាវជ្រាវសុខភាពនានារបស់អន្តរជាតិ។

បើតាមការសិក្សាស្រាវជ្រាវថ្មីៗបានឲ្យដឹងថា ការប្រើប្រាស់ និងសំឡឹងមើលទូរស័ព្ទយូរៗពេក អាចឈានទៅរកជំងឺញៀនស្រ្គីន (Screen Dependency Disorder ឬហៅកាត់ថា SDD) ដែលនាំមកជាមួយនូវរោគសញ្ញាជា ច្រើនរួមមានដូចជា ការមិនងងុយគេង ឈឺខ្នង ឡើងឬស្រកទម្ងន់ បញ្ហាភ្នែកស្រវាំងទៅៗ ឈឺក្បាល និងកង្វះ អាហាររូបត្ថម្ភជាដើម។


ក្រៅពីអាការៈផ្នែករូបរាងកាយ ជំងឺ SDD ក៏បង្ករោគសញ្ញាផ្នែកសតិអារម្មណ៍ផងដែរ ដូចជា ភាពតានតឹង ភាពមិនស្មោះត្រង់ ភាពមានកំហុស និងភាពឯកោ។ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះ គឺជំងឺញៀនស្រ្គីននេះ អាចឈានទៅដល់ការបំផ្លាញប្រព័ន្ធប្រសាទបាន ដោយគេរកឃើញថា អ្នកដែលមាន SDD បានបង្ហាញសញ្ញាមិនប្រក្រតី នៅក្នុងប្រព័ន្ធខួរក្បាលរបស់ពួកគេ។


យ៉ាងណាក៏ដោយ បែបនេះពុំមែនមានន័យថា យើងមិនគួរឲ្យក្មេងៗប្រើគ្រឿងអេឡិចត្រូនិកទាំងស្រុងឡើយ។ ឧបករណ៍ទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការទំនាក់ទំនង ការសិក្សាជ្រាវជ្រាវ រៀនសូត្រ និងកម្សាន្ត ក្នុងចំណោមមុខងារដទៃទៀត។ ដូច្នេះឪពុក-ម្តាយ អាចឲ្យពួកគេប្រើបាន ប៉ុន្តែការប្រើប្រាស់ត្រូវមានតុល្យភាពត្រឹមត្រូវ។

គួរជម្រាបថា ក្មេងៗអាយុចាប់ពី ២-៥ឆ្នាំ គួរចំណាយពេលច្រើនបំផុតត្រឹមតែ ១ម៉ោងប៉ុណ្ណោះ នៅពីមុខស្រ្គីនទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកដទៃទៀតក្នុងមួយថ្ងៃ។ ចំណែកឯទារកអាយុក្រោម ១៨ខែ គួរតែមិនឲ្យមើលស្រ្គីនទាំងនេះសោះតែម្តង៕

រូបតំណាង