(ភ្នំពេញ)៖ មានរឿងរ៉ាវជាច្រើនដែលយើងមិនដែលបានដឹងពីរឿងនៅក្រោយតារាខ្មែរយើងមួយចំនួន ។ ថ្មីនេះ​មានសារព័ត៌មាន​បានចុះផ្សាយ​រវាងចំណងស្នេហ៍​អ្នក​ចម្រៀង​បបូរ​មាត់​មាន​មន្តស្នេហ៍ បាន មុន្នីល័ក្ខ និង DJ Cake កំពុងសាងភាពផ្អែមល្ហែម ថែម​ទាំង​​បង្ហើប​មកថា​អ្នកទាំងពីរ​នេះបានផ្តើម​ស្នេហ៍អស់ពេល​ជិត​៥ឆ្នាំទៅហើយ និងមានឈ្មោះ​ជាគូ​ដណ្តឹង​ថែមទៀតផង ។ប៉ុន្តែនៅមុននេះបន្តិច​គេក៏ស្រាប់​ឃើញ​អតីត​​បេក្ខជន The Voice Cambodia រូបនេះបានចេញមកបញ្ជាក់​យ៉ាងច្បាស់ពីដំណើរ​វិវត្តន៍នៃស្នេហារបស់ខ្លួន។

បង្ហាញសារទាំងទំនុកចិត្ត ទំនងជាខ្លាចខូចហាងឆេង​ជា​តារាក្រមុំ​ពេញសាច់គួរ​ចោម​ពី​កន្លង់ផងនោះ បាន មុន្នីល័ក្ខ ឲ្យដឹងថា «ខ្ញុំសុំបញ្ជាក់ថា ខ្ញុំ និងបង DJ Cake បានផ្ដាច់​ពាក្យនឹង​គ្នាចប់យូរណាស់ហើយ ដូច្នេះសូមបងប្អូនកុំយល់ច្រឡំខ្ញុំ និងបង DJ CAKE ជាអ្វីនឹងគ្នាតទៀត ហើយសព្វថ្ងៃពួកយើងត្រឹមតែជាមិត្តរួមការងារប៉ុណ្ណោះ»។

រំពេចលេច​ឡើង​នូវ​សម្តីបដិសេធ​ពីទំនាក់​ទំនង​របស់តារាស្រីកំពុងឡើងកូដរីក​ស្គុះ​ស្គា​យ​​លើ​​ទ្រនំ​ហង្ស​មាសរូបនេះ ហាក់​បានផ្តល់​សង្ឃឹម​ដល់​មិត្តបុរសៗដែល​តែងប៉ង​ចង់​បាន​នាង​ស្ម័គ្រ​ ដ្បិត​ក្រៅពីមាន​ទឹក​ដម​ពិរោះទាក់ចិត្តហើយនោះ បាន មុន្នីល័ក្ខ ក៏មានរូប​រាង​ស្រឡូន និងកែវ​ភ្នែក​មុតស្រួច​គួរខ្នាញ់ទៀតផង ក្នុងនោះ​ក៏មាន​អ្នកគាំទ្រ​នាងបាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះ​បរាជ័យស្នេហ៍នេះផងដែរ។