ភ្នំពេញ៖ ចំណងស្នេហ៍​ខុសវ័យក្មួយប្រុស ព្រាប សុវត្ថិ, ឆៃ​ដា ពិសិដ្ឋ និងអតីតប្រពន្ធកីឡាករប្រដាល់ ជា ស្រួច, នាង សាត រស្មី ឈាន​ដល់ដំណាក់កាលជិតក្លាយជាប្តីប្រពន្ធស្របច្បាប់ទៅហើយ ដោយ​ចាស់ទុំ​ទាំងសងខាងប្រសិទ្ធិពរជ័យ​ថ្ងៃភ្ជាប់ពាក្យ​អ្នកទាំង ២ ដើមឆ្នាំ២០១៨ ម្តងរួចមកហើយ ដែលប្រភពខ្លះទម្លាយថា៖

«រស្មី គ្រោងដឹកដៃប្រុសក្មេង ពិសិដ្ឋ ចូលរោងការដើមឆ្នាំ២០១៩»។តែការលើកឡើងនោះ មិនមែនជាការពិតទេ ប្រភពច្បាស់ការប្រាប់ថា «ពួកគេបានភ្ជាប់ពាក្យរួចហើយ និងត្រៀម​រៀប​ការជាមួយគ្នា នៅឆ្នាំ២០២០ ពោលគឺនៅ២ឆ្នាំខាងមុខនេះទៀត» បង្កឲ្យមហាជនឆ្ងល់ថា «ម្តេចយូរម្ល៉េះ?

អញ្ចឹងប្រញាប់ភ្ជាប់ពាក្យ​ធ្វើអ្វី?»។ សំណួ​រគ្មានចម្លើយពីសាមីខ្លួន ត្រូវបានគេសន្និដ្ឋានធំថា ក្រុមរាំជំនិត ព្រាប សុវត្ថិ, ឆៃដា ពិសិដ្ឋ មិនហ៊ានបណ្តោយ​ឲ្យ សាត រស្មី ដែលមានវ័យជិត​ស្មើម្តាយនោះ នៅទំនេរអ៊ីចឹងទៀតបានទេ ព្រោះថ្វីត្បិតនាងមានតួលេខអាយុ​ច្រើនបន្តិចក្តី តែមាន ប្រុសៗតាមស្រលាញ់នាងច្រើនណាស់ ដែលមានអ្នកខ្លះ​ហ៊ាននិយាយដល់ថ្នាក់ «រាងនាងក្រមុំសុំខ្មាស​» ទៀតផង។

គេចាំបានថា អំឡុងពេលដែលនាងសាត រស្មី ដឹកដៃអតីតប្ដី ជា ស្រួច ចូលរោងការកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៧ នោះ ឆៃដា ពិសិដ្ឋ នៅកុមារភាពនៅឡើយ ប៉ុន្ដែពេលនេះ ពួកគេបានក្លាយទៅជាគូស្នេហ៍គ្នា ដោយមិនប្រកាន់ពីភាពខុសគ្នានៃអាយុ ហើយប្រុសក្មេងពិសិដ្ឋ បានអះអាងថា ស្នេហារបស់ខ្លួនលើនាង សាត រស្មី គឺកើតចេញពីបេះដូងពិតៗ។