បើអ្នកមិនមែនកើតមកក្នុងគ្រួសារស្តុកស្តម្ភទេ ច្បាស់ណាស់ថាអ្នកត្រូវតស៊ូរកលុយដោយខ្លួនឯង ប៉ុន្តែបើអ្នកដឹងពីរបៀបដែលមនុស្សរកលុយ វានឹងធ្វើឲ្យអ្នកកាន់តែងាយស្រួល ។ខាងក្រោមនេះគឺជាវិធីសាមញ្ញៗចំនួន ៤ ហើយវាអាចជួយអ្នកបង្កើតសំណាងឲ្យខ្លួនឯងបាន។

១. យកពេលវេលាទៅប្តូរយកលុយ នេះគឺជាប្រភពចំណូលមួយដែលមនុស្សថ្នាក់កណ្តាល និងថ្នាក់ទាបចូលចិត្តជាងគេ។ វាគឺជាការរកលុយដោយយកពេលវេលាទៅប្តូរធ្វើជាកម្មករ ឬបុគ្គលិករបស់អ្នកដទៃ។ នៅកម្ពុជាអ្នកអាចទទួលបានប្រាក់កម្រៃគិតជាខែ ហើយថ្មីៗនេះរដ្ឋាភិបាលមានគោលការណ៍ឲ្យនិយោជកបើកប្រាក់ខែឲ្យបុគ្គលិកពីរដងក្នុងមួយខែ ឬពីរសប្តាហ៍ម្តង ខណៈនៅប្រទេសជឿនលឿនគេបើកប្រាក់ឈ្នួលគិតជាម៉ោង។ អ្នកប្រាកដជាធ្លាប់លឺច្រើនហើយពីឪពុកម្តាយរបស់អ្នក និងអ្នកនៅជុំវិញខ្លួនថា “ខំប្រឹងរៀនឲ្យបានចំណាត់ថ្នាក់ល្អ ដើម្បីរៀនចប់បានការងារល្អធ្វើ មានប្រាក់ខែខ្ពស់”។

ចំនួនលុយដែលអ្នកអាចរកបានពីការប្តូរពេលវេលារបស់អ្នក គឺអាស្រ័យលើតម្រូវការទីផ្សារនៅក្នុងសង្គម ធៀបនឹងជំនាញដែលអ្នកចេះ។ នៅកម្ពុជា អ្នកជំនាញផ្នែកហិរញ្ញវត្ថុអាចរកប្រាក់ខែបានរាប់ម៉ឺនដុល្លារក្នុងមួយខែ ព្រោះមិនសូវមានអ្នកអាចធ្វើការងារនេះច្រើន ខណៈកម្មករសំណង់ អ្នករត់ម៉ូតូឌុប កម្មករតាមផ្ទះ អាចរកប្រាក់ខែបានប្រហែលតែ៣០០ដុល្លារ ក្នុងមួយខែ (តាមតំបន់)។

ដើម្បីបានលុយ អ្នកត្រូវយកខ្លួនឯងទៅលក់ដោយមានទាំងពេលវេលា និងកម្លាំង–ស្មារតី។ ការរកចំណូលប្រភេទនេះសម្រាប់អ្នកមានជីវភាព និងកម្រិតវប្បធម៌ទាប គឺរកមួយថ្ងៃរស់មួយថ្ងៃ ពោលគឺនៅពេលចាស់ជរា លែងមានកម្លាំងធ្វើការ នោះនឹងរស់នៅដោយពិបាក ត្បិតរដ្ឋាភិបាលពុំមានលទ្ធភាពជួយនៅឡើយ។ វាគឺជារឿងល្អបើអ្នកចូលចិត្តធ្វើការឲ្យគេ ប៉ុន្តែអ្នកត្រូវដឹងថាអ្នកដទៃអាចរកចំណូលបានដោយវិធីខុសពីអ្នក។

២. រកលុយពីការយកលុយទៅតម្កល់នៅធនាគារយកការប្រាក់ វិធីរកចំណូលប្រភេទនេះគឺសម្រាប់អ្នកមិនចង់យកលុយទៅរកស៉ី ឬខ្លាចមានហានិភ័យ។ អ្នកអាចរកចំណូលពីការប្រាក់តាមរបៀបចងការប្រាក់ឯកជន ប៉ុន្តែត្រង់នេះខ្ញុំសូមនិយាយតែការដាក់ប្រាក់នៅធនាគារប៉ុណ្ណោះ។ នៅពេលដែលអ្នកយកលុយទៅទិញបណ្ណបញ្ជាក់តម្កល់ប្រាក់នៅធនាគារ ដែលភាសាអង់គ្លេសហៅថា Certificate of Depositឬហៅកាត់ថា CD អ្នកនឹងទទួលបានអត្រាការប្រាក់មកវិញក្នុងអត្រាណាមួយក្នុងមួយឆ្នាំ។ ធនាគារដែលអ្នកយកលុយទៅចតចោលនោះ យកលុយរបស់អ្នកទៅផ្តល់កម្ចីឲ្យអ្នកផ្សេងទៀតក្នុងអត្រាការប្រាក់ខ្ពស់ជាងដែលធនាគារឲ្យអ្នក។និយាយឲ្យខ្លីទៅ គឺគេយកលុយរបស់អ្នកទៅរកស៉ីបន្ត។

រូបខាងលើនេះគឺជា CD ដែលគេយកលុយទៅដាក់ធនាគារក្នុងទឹកប្រាក់ ៧លានដុល្លារអាមេរិក ដោយទទួលបានអត្រាការប្រាក់ចំនួន ៨%ក្នុងមួយឆ្នាំ។ នៅលើ CD នេះបានបង្ហាញថាម្ចាស់លុយរកចំណូលពីអត្រាការប្រាក់ជាស្រេចនៅខាងស្តាំ គឺអាចរកបានសរុបជាង ៥២ម៉ឺនដុល្លារក្នុងមួយឆ្នាំ បន្ទាប់ពីកាត់ពន្ធរួច។ ចំណូលនេះបើគិតជាថ្ងៃគឺ រកបានមួយថ្ងៃជិត ១៥០០ដុល្លារឯណោះ ដោយមិនចាំបាច់ធ្វើការអ្វីឡើយ (រាប់ថ្ងៃយកលុយ) ហើយនៅពេលផុតកុងត្រាធនាគារនឹងប្រគល់លុយទាំងដើម ទាំងការមកម្ចាស់លុយវិញ។

៣. រកលុយពីភាគលាភក្នុងអាជីវកម្មដែលអ្នកមានចំណែកកម្មសិទ្ធ នៅពេលអ្នកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនណាមួយ មានន័យថាអ្នកមានសិទ្ធទទួលបានភាគលាភនៃចំណូលដែលក្រុមហ៊ុននោះរកបាន។ ឧទាហរណ៍៖ ប្រសិនបើអ្នកមានភាគហ៊ុន ៥០% នៅក្នុងអាជីវកម្មលក់ចេកអាំងមួយដែលរកចំណូលពីការលក់បាន ៥០០ដុល្លារ ហើយមានចំណាយសរុប ៥០០ដុល្លារ។ នៅពេលដកចំណាយហើយ គឺទទួលបានចំណេញសរុប ៥០០ដុល្លារ ហើយចំណែករបស់អ្នកគឺទទួលបាន ៥០%នៃ $៥០០ ស្មើរនឹង $២៥០។ ការវិនិយោគដើម្បីរកភាគលាភដែលល្អ គឺជាការវិនិយោគក្នុងក្រុមហ៊ុនដែលមានកំណើនប្រាក់ចំណេញជារៀងរាល់ឆ្នាំ និងអាចផ្តលសាច់លុយឲ្យអ្នកបានទៀងទាត់។

ត្រង់នេះទោះបីជាខ្ញុំនិយាយសំដៅតែភាគលាភពិតមែន ប៉ុន្តែវាស្ថិតក្នុងដូចគ្នានឹងវិធីរកលុយពីការបើកអាជីវកម្មដែរព្រោះថានៅពេលអ្នកបើកក្រុមហ៊ុន អ្នកនឹងត្រូវការទុនវិនិយោគពីខាងក្រៅដើម្បីមានលំនឹង ដូច្នេះអ្នកក៏នឹងរកចំណូលបានក្នុងទម្រង់ជាភាគលាភដែរ តែបើអ្នកធ្វើការក្នុងតំណែងណាមួយក្នុងអាជីវកម្មនោះ អ្នកអាចទទួលបានប្រាក់ខែមួយតង់ទៀត ។​

រូបតំណាង