មនុស្សយើងភាគច្រើនក៏មានចំណុចដូចគ្នាមួយចំនួនដែរតែមិនទាំងអស់នោះទេ ដោយឡែកក្នុង​រឿង​ជា​ច្រើន​នៅ​ក្នុង​មនោសញ្ចេតនា ដែល​មតិ​ពួក​គេ​ខុស​គ្នា ដោយ​រឿង​ខ្លះ​មនុស្ស​ស្រី​គិត​ថា​បុរស​ចូល​ចិត្ត តែ​តាម​ការ​ពិត​គឺ​ពួក​គេ​ស្អប់​ដល់​ឆ្អឹង។ ខាង​ក្រោម​នេះ​គឺ​ជា​សកម្មភាព​មួយ​ចំនួន​ដែល​មនុស្ស​ស្រី​ឧស្សាហ៍​យល់​ច្រឡំ​ថា​មនុស្ស​ប្រុស​ចូល​ចិត្ត តែ​ការ​ពិត​គឺ​ផ្ទុយ​មក​វិញ។

១. ធ្វើ​សំឡេង​ម្ញែក​ៗ​ដូច​កូនក្មេង សកម្មភាព​ខំ​ប្រឹង​ធ្វើ​ឲ្យ​គួរ​ស្រលាញ់​ហួសហេតុ​ដូច​ជា ធ្វើ​ម្ញិម្ញក់ ឬ​ធ្វើ​សំឡេង​ដូច​កូន​ក្មេងបែប​ក្ងួរៗ នឹង​ធ្វើ​ឲ្យ​គេ​ធុញ​ទ្រាន់ វាយ​តម្លៃ​យើង​ថា​ចរិត​អាឡិអាឡក់ មិន​ចាស់​ទុំ។ សកម្មភាព​នេះ​យូរៗ​នឹង​ធ្វើ​ឲ្យ​គេ​នឿយហត់ ព្រោះ​ហាក់​ដូច​កំពុង​ស្ថិត​នៅ​ក្នុង​មនោសញ្ចេតនា​ជាមួយ​ក្មេង​ម្នាក់។

រូបតំណាង

២. រករឿងប្រចណ្ឌ​គ្មាន​ទិស​តំបន់ការ​ប្រចណ្ឌ​​ដឹង​ខុស​ដឹង​ត្រូវ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​សប្បាយ​ចិត្ត ព្រោះ​គេ​ដឹង​ថា​យើង​ស្រលាញ់​ និង​យក​ចិត្ត​នឹង​គេ​ទើប​ប្រចណ្ឌ​បែប​នេះ។ តែ​បើ​អ្នក​ប្រចណ្ឌ​ងប់ងល់លែង​ដឹង​អ្វី​នោះ​នឹង​ធ្វើ​ឲ្យ​ហត់​ចិត្ត​ខ្លាំង។ ព្រោះ​គ្មាន​អ្នក​មាន​កម្លាំង និង​ពេល​វេលា​អង្គុយ​បកស្រាយ​រាល់​ការ​ប្រចណ្ឌ​របស់​អ្នក​នោះ​ទេ។ យូរ​ៗ​ទៅ​ គេ​នឹង​ព្រលែង​អ្នក​ចោល ហើយ​លែង​ខ្វល់​ជា​មិន​ខាន។

៣. ផាត់មុខមើលមិនយល់

មនុស្ស​ស្រី​មួយ​ចំនួន​តែង​ភ័យ​ខ្លាច​ក្នុង​ការ​បង្ហាញ​មុខ​ពិត​របស់​ខ្លួន​ពេល​ណាត់​ជួប​ម្ដង​ៗ ដូច​នេះ​ហើយ ពួក​គេ​តែង​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​ផាត់​មុខ​មុន​ចេញ​ក្រៅ។ យ៉ាងណាក្ដី អ្នក​មិន​ដឹង​ឡើយ​ថា ស្ដាយ​ផាត់​មុខ​ធម្មជាតិ ឬ​គ្រាន់​តែ​លាប​ក្រែម​បន្តិច គឺ​ទាក់ទាញ​សម្រាប់​មនុស្ស​ហើយ កុំ​បំពក​មុខ​ស ភ្នែក​ខៀវ ហើយ​មាត់​ក្រហម​ឆេះ​ឲ្យ​សោះ ប្រយ័ត្នគេ​ដាក់​មេប្រូច។

៤. អត់ចេះរៀបចំខ្លួន

ផ្ទុយ​ពី​ខាង​លើ ដែល​មនុស្ស​ស្រី​ផាត់​មុខ​ក្រាស់​ពេក​អាច​ធ្វើ​ឲ្យ​គេ​ខ្លាច​នោះ មនុស្ស​ស្រី​ដែល​មិន​ចេះ ឬ​មិន​ព្រម​ធ្វើ​ខ្លួន​សោះក៏​ធ្វើ​ឲ្យ​សង្សារស្រងាក​ចិត្ត​ដូច​គ្នា។ ត្បិត​ពេល​ចេញ​ទៅ​ណា​មក​ណា មនុស្សស្រី​ដែល​មិន​មែន​ក្រែម ឬ​ចិញ្ចើម​បន្តិច​នោះ នឹង​មើល​ទៅ​ស្លេក​ដូច​សព។ ទោះ​មិន​ចេះ​ធ្វើ​ខ្លួន​ខ្លាំង​ក៏​ដោយ ក៏​អ្នក​គួរ​រៀន​ពី​ជំហាន​មូលដ្ឋាន​ដូច​ស្លៀកពាក់​យ៉ាង​ម៉េចឲ្យ​សម ក៏​ដូច​ផាត់​មុខ​បែប​ធម្មជាតិ​ដែរ រាល់​ពេល​ចេញ​ក្រៅ​ម្ដង៕