(ភ្នំពេញ)៖ តារាចម្រៀងនៅផលិតកម្មសាន់ដេ លោកសុខ មេសា ហៅនាយចឺម តារាចម្រៀងផលិតកម្មសាន់ដេ កំពុងតែមានយីអ៊ុនឡើងខ្ពស់ត្រដែតត្រដឹមតែម្ដង ក្រោយពេលដែលឡើងកូដចូលទៅជំនួសតំណែងខេមរៈសិរីមន្ដ នោះ ពេលនេះ នាយចឺម ទៅដល់ឆាកតន្ដ្រីណា មានស្រីចោមស្នេហ៍ ព័ទ្ធឱបថើបមិនចាញ់ Super Star ឡើយ។

តើនាយចឺម ដែលបោះបង់អាជីពកំប្លែង មកចាប់អាជីពចម្រៀងតែមួយមុខនោះ ពិតជាធ្វើឲ្យគេកាន់តែល្បីថែមទៀត?

អតីតតារាកំប្លែង ក្លាយទៅជាអ្នកចម្រៀងនៅផលិតកម្មសាន់ដេ រូបនេះ នាយចឺម ដែលត្រូវពិធីករហៅថា លោកចឺម វិញម្ដងនោះ និយាយដោយរីករយថា ”និយាយទៅ តាំងពីខ្ញុំផ្អាកអាជីពកំប្លែងមកច្រៀងផ្ដាច់នេះ គឺមានការរវល់ច្រើនជាងមុនឆ្ងាយណាស់ ក្នុង១ខែៗ គឺរវល់គ្រប់ថ្ងៃតែម្ដង ខ្ញុំចុះច្រៀងតាមខេត្តរាល់ថ្ងៃហ្នឹង និយាយទៅ គេកក់អស់ហើយ។ ឥឡូវខ្ញុំផ្ដោតតែលើអាជីពចម្រៀង១មុខ ប៉ុន្តែពេលទៅច្រៀង បងប្អូនបានសប្បាយរីករាយ ព្រោះខ្ញុំនិយាយកំប្លែងលេងដែរ។ កាលពីមុន ខ្ញុំលេងកំប្លែងផង ច្រៀងផង គឺខ្ញុំច្រៀងមានតម្លៃខ្លួន៧០០ដុល្លារ តែពេលនេះតម្លៃខ្លួនខ្ញុំ គឺច្រៀង១កម្មវិធី ១៥០០ដុល្លារ ហើយរវល់សឹងរាល់ថ្ងៃ អីចឹងប្រាក់ចំណូលគួរដែរសម”។

ទោះជានាយចឺម ថា ឆ្នាំនេះតម្លៃខ្លួនគេច្រៀងកើនឡើងទ្វេ១ជា២ក្ដី ប៉ុន្តែលោកចឺម បែរជាត្អូញត្អែរថា គ្រាន់តែចំណាយលុយចាក់សាំងឡានក្នុង១ខែ អស់ដល់ទៅ៥ពាន់ដុល្លារឯណោះ អីចឹងហើយបានជាមិនសល់លុយទាំងដុំៗទេ ហើយពេលនេះក្ដីស្រម៉ៃរបស់គេ គឺចង់សង់វីឡាជូនឪពុកម្ដាយនៅខេត្តកំពង់ស្ពឺ ឲ្យបានសម្រេចសិន ចាំគិតរឿងស្នេហាផ្ទាល់ខ្លួន។

នាយចឺម រៀបរាប់ថា ”ខ្ញុំបានសន្សំបុងក្រដាសចាក់សាំងឡាន សរុបក្នុង១ខែ ខ្ញុំត្រូវចំណាយលុយអស់ដល់ទៅ៥០០០ដុល្លារឯណោះ។ ឡានខ្ញុំ Tundra ហ្នឹង ស៊ីសាំងច្រើនដែរ តែវាធំទូលាយ ស្រួលជិះចុះទៅតាមខេត្ត៕