~
~
ខេត្តព្រះវិហារ ៖ រថយន្ត ១បាំងកន្លះ ដឹកទំនិញចាប់ហួយ ចំនួន២គ្រឿង បានបើកឡើងទូកដ ដើម្បីចម្លងចេញពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត ស្រាប់តែអកុសល ដោយសារយប់ងងឹត ហើយគ្មានភ្លើងបំភ្លឺ ធ្វើឱ្យលិចទូកដ និងរថយន្តទាំង២គ្រឿង ចូលទៅក្នុងបាតស្ទឹង រកមិនទាន់ ឃើញនៅឡើយ ខណៈដែលមនុស្ស ៦នាក់ បានរួចរស់ជីវិត ដោយចេះហែលទឹកឡើងគោកទាន់ពេលវេលា។
~
~
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចកំពង់ចម្លងស្ទឹងសែន ស្ថិតនៅក្នុងភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង។
~
~
លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុករវៀង បានប្រាប់ឱ្យដឹងថា ពិតជាមានហេតុការណ៍លិចទួកចម្លងរថយន្តដឹកទំនិញខ្នាតតូច ២គ្រឿងមែន ដោយម្ចាស់រថយន្តទាំង២គ្រឿង ដែលរងការលិចបាត់ទៅក្នុងបាតស្ទឹងសែននោះ ឈ្មោះកែវ ចាន់សូរិយ៉ា រស់នៅភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង។ លោកថា នៅក្នុងហេតុការណ៍លិចទូកចម្លង ១គ្រឿង និងរថយន្ត ២គ្រឿងនោះ ពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ដោយអ្នកទាំងនោះ បានតោងប៊ីដុង និងតោងដើមឫស្សី ហែលទៅរកច្រាំងដីគោក។
~
~
លោកវរសេនីយ៍ឯក ស៊ឹម សាយ បានឱ្យដឹងទៀតថា មនុស្សនៅក្នុងហេតុការណ៍លិចទូកចម្លងនោះ មានចំនួន៦នាក់ ក្នុងនោះ ២នាក់ ជាអ្នកបើកទូក ចំណែក ៤នាក់ទៀត ជាតៃកុងរថយន្ត ២នាក់ និងព្រូរថយន្ត ២នាក់។ យ៉ាងណា មនុស្សទាំង៦នាក់ បានរួចផុតពីគ្រោះថ្នាក់ទាំងអស់។
~
~
លោកអធិការស្រុករវៀង បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យលិចទូកដនោះ គឺដោយសារទូកចម្លងនោះ គ្មានភ្លើងបំភ្លឺផ្លូវ ទើបមើលច្រាំងអត់ឃើញ ហើយអណ្តែតចុះទៅផ្នែកខាងក្រោម រួចក៏លិចចូលទៅក្នុងបាតស្ទឹងសែន តែម្តង។ លោកបញ្ជាក់ទៀតថា រហូតមកទល់នឹងពេលនេះ ទាំងទូកនិងរថយន្ត នៅពុំទាន់រកឃើញនៅឡើយទេ៕
~
~