Tuesday, October 4, 2022
Google search engine
Homeព័ត៌មានជាតិព្រះគ្រូសាន សុជា ថាគ្មានទឹកលិចលោក ខឹម វាសនា ជេរប្រមាថ អាជាមេតុយ

ព្រះគ្រូសាន សុជា ថាគ្មានទឹកលិចលោក ខឹម វាសនា ជេរប្រមាថ អាជាមេតុយ

~

~

ភ្នំពេញ ៖ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ព្រះសង្ឃល្បីល្បាញរឿងធម៌ទេសនា អប់រំមនុស្សដែលបាននិមន្តទៅប្រទេសកូរ៉េ ទេសនាពន្យល់បងប្អូនពលករខ្មែរ ថាគ្មានទឹកលិចលោកអីទេកុំឲ្យជឿការបង្អើលរបស់លោកខឹម​ វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រហ្មរក្សាលោក និយាយបង្អើលនោះ ត្រូវបានលោកខឹម វាសនា ជេរប្រមាថព្រះអង្គយ៉ាងធ្ងន់ រហូតហៅព្រះអង្គថា “អាជាមេតុយ” ធ្វើឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទដែលគាំទ្រព្រះគ្រូ សាន សុជា ផ្ទុះប្រតិកម្មចំពោះមេបក្សជួងនេះយ៉ាងខ្លាំង ហើយថា ខណៈដែលចូលដល់រដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលនរកបើកទ្វារលែងប្រេតភ្លាម លោកខឹម វាសនា ដែលកន្លងទៅតែងជេរប្រមាថព្រះសង្ឃ ដោយហៅ «អាចោរថង់យាម» នោះ បានចាប់ផ្តើមជេរប្រមាថព្រះសង្ឃជាថ្មីម្តងទៀត ។

លោកខឹម វាសនា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ថា “ មនុស្សអនត្តា គឺវិញ្ញាណ ដែលហៅថាវិញ្ញាណដឹង គឺវិញ្ញាណគិតហេតុផលយល់។ សម្មាទិដ្ឋិ គឺយល់ត្រូវ គឺដឹងត្រូវ គឺគិតហេតុផលទៅយល់ត្រូវហ្នឹងហើយ គឺសម្មាទិដ្ឋិនោះហើយ។ មិច្ឆាទិដ្ឋិ ប្រែថាយល់ខុស យល់គឺដឹង យល់ខុស គឺដឹងខុសហ្នឹងឯង។ សាន សុជា ឬជាមេតុយ វានិយាយនៅកូរ៉េ ថា ពូហាក់បីដូចជាមានបំណងចង់ឲ្យពិភពលោករលាយ។ អូ អាជាមេតុយ គិតពីពូទៅ ដឹងចិត្តពូថាបែបហ្នឹង? អូក្មួយគិតទៅមើល តើដឹងខុសចិត្តពូ ឬដឹងត្រូវចិត្តពូ មិច្ឆាទិដ្ឋិ ឬសម្មាទិដ្ឋិ? អូ ពូគ្រាន់តែចង់ឲ្យពិភពលោករលាយ ពិភពលោកនេះ រលាយតាមពូចង់ឬ? អូ គ្រាន់តែចង់ឲ្យពិភពលោករលាយ ទៅជាហៅសមាជិកគ្រួសារ LDP ពីគ្រប់ទិសទី ឲ្យប្រញាប់ប្រញាល់មកសៀមរាប កើតដែរ? ដឹងថាដើម្បីបានមក ពួកគេចំណាយស្អីខ្លះ រួចបើមិនមែន ពួកគេនឹងត្រូវខាតបង់អ្វីខ្លះទេ? គ្រាន់តែចង់សោះ ហើយដឹងថា ពិភពលោកនេះមិនរលាយតាមពូចង់ផងហ្នឹង ពូទៅបំផ្លាញសមាជិកគ្រួសារខ្លួនឯងយ៉ាងហ្នឹងកើតដែរ? អូ ចិត្តពូអ៊ីចឹង? អាឃ្ជា ដឹងត្រូវចិត្តពូទេ? នេះមិច្ឆាដឹង ឬមិច្ឆាទិដ្ឋិនោះហើយ។ ហើយចុះបើពូដឹងពិតថា ពិភពលោកនេះ នឹងរលាយ ព្រោះទឹកលិចមែន មិនឲ្យពូហៅ មិនឲ្យហៅ ឲ្យពូធ្វើម៉េច? ឲ្យពូនៅស្ងៀម? ហ្នុងឪឆ្កួតហ្នឹង ដឹងថាពិភពលោកលិចទឹកមែន មិនហៅកូនៗក្នុងគ្រួសារ ឲ្យមកទីតាំងដែលខ្លួនដឹងថាសុវត្ថិភាពអ៊ីចឹងនោះ។ ពូត្រូវតែប្រាប់កូនៗ ពីរឿងពិតដែលពូបានដឹង ហើយពូស៊ែរព័ត៌មានអំពីទឹកជំនន់ អំពីភ្លៀង អំពីគ្រោះរញ្ជួយដី អំពីខ្យល់ព្យុះ និងអំពីគ្រោះឡើងកម្តៅខ្លាំង រហូតកើតជាភ្លើងសុខៗឆេះព្រៃ ដើម្បីឲ្យកូនៗដែលពូហៅមកទីសុវត្ថិភាព បានឃើញជាភ័ស្ដុតាងថា ពូប្រាប់ពួកគេនេះ ជាការពិត បើពូមិនធ្វើអ៊ីចឹង តើឲ្យពូធ្វើម៉េច? ការដឹងដំណើរចិត្តពូពិត គឺសម្មាទិដ្ឋិ ឬសម្មាដឹង ដឹងតាមការពិតក្នុងចិត្តពូ តែអាជា វាថា ពូហាក់បីដូចជាចង់ឲ្យពិភពលោកកើតគ្រោះលិចទឹកនេះមែន។ អូ ពិភពលោកនេះ លិចទឹកមែន ដោយសារចិត្តពូចង់? ពូចង់ឲ្យទាល់តែងាប់ ក៏ពិភពលោកនេះ វាមិនទៅតាមចិត្តពូចង់ដែរ គឺវាយ៉ាងម៉េច វាទៅតាមដំណើរវាហ្នុងហើយ ហើយពូមិនមែនភ្លើអីដឹងថា ពិភពលោកមិនមានដំណើរដូចពូចង់ផងអ៊ីចឹង ហើយទៅហៅសមាជិកខ្លួនឯងឲ្យខាតសព្វគ្រប់ គ្រាន់តែខ្លួនចង់សោះហ្នឹង? ប៉ុន្មានថ្ងៃទៀត លទ្ធផលចេញមក នឹងដឹងថា ពិភពលោកនេះ មិនដូចខ្លួនចង់ផងហ្នឹង? ម៉េចក៏ពូទៅជាឆ្កួតធ្វើរឿងដែលដឹងលទ្ធផលថា សម្លាប់ខ្លួនឯងអ៊ីចឹង? តើពូអាចជាមនុស្សឆ្កួតបែបហ្នឹងកើតទេ? ស្ទាបដឹងត្រូវតាមដំណើរចិត្តពូ គឺសម្មាទិដ្ឋិក្នុងរឿងហ្នឹង ស្ទាបដឹងខុសតាមដំណើរចិត្តពូក្នូងរឿងហ្នឹង គឺមិច្ឆាទិដ្ឋិ ព្រះពុទ្ធ ហាមមិនឲ្យសេពគប់នឹងបុគ្គលពាល កិរិយាមិនសេពគប់នឹងបុគ្គលពាល ជាមង្គលដ៏ឧត្តម គឺមិនសេពគប់នឹងបុគ្គលដែលវិញ្ញាណដឹងជាអារម្មណ៍មិនត្រូវតាមដំណើររឿងពិត គឺមិច្ឆាទិដ្ឋិ ឬមិច្ឆាដឹងហ្នឹងឯង។ ឥឡូវមានអ្នកសេពគប់ គាំទ្រអាមិច្ឆាទិដ្ឋិ ឃ្ជា ជូនដំណើរទាំងងងើល ទៅរកជ្រោះមរណៈ ហើយដឹងវង្វេងថា ខ្លួនឯងត្រូវទៀត ចាំមើលលទ្ធផល វានឹងចេញទៅជាយ៉ាងម៉េច បើធ្វើផ្ទុយពីពាក្យប្រាប់របស់ព្រះពុទ្ធ ផងអ៊ីចឹង? ឆាកល្ខោនលោកិយនេះ នឹងបើកបង្ហាញការពិតក្នុងពេលដ៏ឆាប់ៗខាងមុខនេះហើយ ពូអស់អីពន្យល់ហើយ ឯវំ“ ។

លោកខឹម វាសនា បានសរសេរបន្ថែម នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ថា “គ្មានអ្នកណាម្នាក់ រួមទាំងព្រះពុទ្ធ មានអំណាចលើកម្ម គឺកំម្លាំងចេញពីកលាបៈវិលនេះកើតទេ។ ទោះមនុស្សច្រើនប៉ុនណា ខំនិយាយឲ្យខុសការពិតដែលកម្មជាអ្នករៀបចំ ក៏រឿងពិតមិនប្រែប្រួលទៅតាមក្រុមមនុស្សដែលមិនព្រមទទួលយកការពិតនោះដែរ។ ពូនិយាយថា ទឹកនឹងលិចលោកហើយ វាជាការពិត ដែលកម្មរៀបចំទេតើ ពូយល់ដំណើរកម្ម ពូស្រែកប្រាប់ការពិតដល់គ្រួសារខ្លួន និងមនុស្សទាំងអស់ដែលរស់នៅក្នុងលោក តែអ្នកប្រឆាំងការពិត គេមិនចង់ឲ្យពូនិយាយការពិតហ្នឹង នាំឲ្យប្រជាពលរដ្ឋផ្អើលភ្ញាក់ រដ្ឋាភិបាល ពិបាកគ្រប់គ្រង។ ពូឆ្លើយតបវិញថា ចុះបើនេះជាការពិត ទឹកលិចលោកក្នុងពេលដ៏ឆាប់ៗ ជាការពិត តើអ្នកដឹងការពិត ត្រូវធ្វើយ៉ាងម៉េច? គេឆ្លើយនឹងពូថា វាមិនដែលទឹកឯណាទៅលិចលោកទេ? ពូនឹកហួសតែក្នុងចិត្ត ពួកគេមានអាយុយ៉ាងច្រើន គឺមួយរយឆ្នាំ គេមិនដឹងរឿងផែនដី ត្រូវទឹកលិចមួយផែនដី ពីរបីបួនប្រាំដង ជារឿងធម្មតាទៅហើយទេ បើគេមានអាយុខ្លី យ៉ាងច្រើនត្រឹមមួយរយឆ្នាំអ៊ីចឹង ដូច្នេះដើម្បីដឹងការពិតនៃដំណើរធម្មជាតិចំពោះផែនដី ដែលមានអាយុយ៉ាងវែង គេត្រូវប្រើទ្វារមនោ គិតហេតុផល ទើបគេយល់បាន យល់គឺដឹង ទើបគេដឹងបានពីដំណើរធម្មជាតិកើតឡើងចំពោះផែនដី។ ហក ឥឡូវប្រើទ្វារមនោ គិតហេតុផលទៅ គ្រាន់តែព្រះពុទ្ធ ព្រះនាមសមណគោតម ដែលត្រាស់ដឹងដោយបញ្ញាលឿនផង ព្រះពោធិសត្វ ដែលនឹងក្លាយទៅជាព្រះពុទ្ធ ព្រះនាមសមណគោតម ប្រើរយៈពេលអស់បួនអសង្ខេយ្យ មួយសែនកប្ប ទម្រាំសម្រេចការត្រាស់ដឹងបាន។ តើមួយកប្ប ជាស្អី? គឺមួយអាយុផែនដី។ អូ ផែនដីមានអាយុផង? មាន គឺកើតឡើងម្ដង ហើយផ្ទុះបែកម្ដង ហៅថាមួយកប្ប។ ចុះបួនអសង្ខេយ្យ មួយសែនកប្ប ផែនដីបែកប៉ុន្មានដង? គឺបែកបួនអសង្ខេយ្យ មួយសែនកប្បដងហ្នុងហើយ។ អ្នកកាន់ព្រះពុទ្ធសាសនាខ្មែរ សូត្ររឿងនេះចាំមាត់ស្អេក តែអត់គិតឲ្យយល់ ដើម្បីឲ្យវិញ្ញាណដែលជាអ្នកបានដឹងទេ អ៊ីចឹងបានជាវាមិនដឹងខ្យល់អី ដូចសត្វដូចធាតុអ៊ីចឹងនោះ ចេះតែធ្វើពិធីបុណ្យផ្សេងៗ និងរាប់បាត្រលោក ហើយសង្ឃឹមថា កើតមកវិញបានជាមនុស្ស ឬសត្វសួគ៌ផ្សេងប្រសើរនោះ។ នេះជាវិធីរបស់អ្នកស្រុកសាមញ្ញ ឬវិធីមនុស្សរបស់ភ្លើ វិស័យនរក ប្រេត តិរច្ឆាន ខួរអត់មែនជាទ្វារមនោ ចេះគិតហេតុផលទេតើ។ តាមពិត ការដែលពិភពលោកលិចទឹក ដូចពេលនេះ ជារឿងកើតឡើងញឹកញយដដែលៗ អត់អីចម្លែកផងហ្នឹង។ ចុះបើមិនលិចលោកងាប់ស្ទើរអស់មនុស្សពីផែនដីទេ អ៊ីចឹងវិទ្យាសាស្ត្រ មិនរីកចម្រើនទៅរហូតទេហើយអី? តើដំណើរស្អីមួយអាចឡើងរហូត គ្មានទីបំផុតអ៊ីចឹងកើតដែរ? គ្រាន់តែម៉ូដសក់ ម៉ូដខោអាវ ក៏មានទីបំផុតរបស់វាដែរ វានឹងវិលមកម៉ូដដដែលពីខាងដើមវិញ វាមិនដែលម៉ូដចេញថ្មីរហូត គ្មានទីបញ្ចប់នោះទេ។ ផែនដី ក៏អ៊ីចឹងដែរ វាមិនដែលវិទ្យាសាស្ត្ររីកចម្រើនទៅមុខតែរហូតនោះទេ ទោះយ៉ាងណាក៏ផែនដីត្រូវផ្ទុះម្ដង នៅទីបំផុត ហៅថា មួយកប្ប ហើយចុះវិទ្យាសាស្ត្រនៅលើផែនដីមិនផ្ទុះបែកដោយសារផែនដីទេឬអី? ដូច្នេះវិទ្យាសាស្រ្ត ក៏នៅតែមានទីបញ្ចប់មករកសម័យបុរាណម្ដងទៀតដែរ ផែនដីណាក៏អ៊ីចឹងៗ គិតហេតុផលនេះទៅមើល អ៊ីចឹងឬមិនអ៊ីចឹង? អ៊ីចឹងពូនិយាយថា ទឹកលិចលោក ងាប់មនុស្សអស់ស្ទើរពីផែនដី គឺវាមានរឿងបែបនេះដដែលៗ មានអីថារឿងនេះមិនអាចកើតមានឡើង? តែអ្នកទាំងឡាយដែលមិនព្រមប្រើខួរក្បាល ដើម្បីគិតយល់ហេតុផល ឬព្រោះតែក្បាលពួកគេមិនមែនជាទ្វារមនោ គិតយល់ហេតុផល គេខំធ្វើសកម្មភាពបន្លប់ការពិត ដូចជា អាជាមេតុយ វាប្រឹងទៅកូរ៉េ ដើម្បីបង្ហាញពួកខួរស្ងោរស៊ី វាថាវាគ្មានទឹកលិចលោកស្អីទេ ហើយកូនសិស្សឆ្កួត ជាសត្វដែលទ្វារខួរមិនចេះគិតហេតុផលដូចវាដែរ ខំហែហមគ្រូឡប់គេ ទៅរកកន្លែងមរណៈទាំងពូជទៅ។ ដំណើរពិត គឺកម្មជាអ្នករៀបចំ គ្មានអ្នកណាមួយ អាចបង្វែររឿងពិតនេះបានទេ ទោះព្រះពុទ្ធ ក៏ដោយ ពូនិយាយតាមរឿងពិត មិនមែនរឿងពិតវាកើតតាមសម្ដីពូទេ គឺសម្ដីពូ កើតក្រោយដំណើររឿងពិតទេតើ តែអាជា និងក្រុមគេដែលខួរអត់មែនជាទ្វារមនោ ចេះគិតហេតុផល គេប្រឹងប្រឆាំងនឹងការពិត មិនយូរទេ លទ្ធផលថាពិតឬអត់ នឹងបើកបង្ហាញហើយ។ ប៉ុន្តែពូសូមរំលឹកថា ភ្លើដូចសាន សុជា និងបក្ខពួករបស់គេ មិនមែនចប់ត្រឹមងាប់ដោយលិចទឹកហ្នឹងទេណា គឺវិញ្ញាណដែលជាខ្សែកម្លាំងហូរគ្មានពេលឈប់ នឹងទៅបង្កកំណើតជាប់មិនដាច់ រងទុក្ខរងទោសក្នុងវាលវដ្ដសង្សារ បន្តទៅមុខទៀត ព្រោះតែភ្លើ រស់នៅមិនស្គាល់គន្លងធម្មជាតិកម្មនេះឯង“ ។

~

លោកខឹម វាសនា បានសរសេរបន្ថែម នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ថា “វិញ្ញាណវិប្បយុត្ត គឺវិញ្ញាណដែលដឹងសញ្ញាជាអារម្មណ៍ខុសការពិត។ វិញ្ញាណវិប្បយុត្តិដែលជា សាន សុជា ហៅអាជាមេតុយ វាដឹងខុស ហៅថាមិច្ឆាទិដ្ឋិ ថាពូចង់ឲ្យទឹកលិចលោក ងាប់អស់មនុស្សក្នុងលោក។ តើការដឹងនេះ ដឹងត្រូវតាមដំណើរពិតនៃចិត្តពូទេ? ពូហៅកូនៗ LDP និងមនុស្សក្នុងលោក ឲ្យរត់ ព្រោះពូដឹងថា ទឹកកំពុងលិចលោកហើយ តាំងពីទឹកមិនទាន់មានមនុស្សមើលឃើញថា ទឹកឡើងខ្លាំងម្ល៉េះ អូ! ហ្នឹងឬចិត្តអ្នកចង់ឲ្យមនុស្សស្លាប់ដោយសារទឹកលិចលោកឬ? វិញ្ញាណវិប្បយុត្តរបស់អាជា ដឹងខុសចិត្តពិតរបស់ពូហើយ មិច្ឆាទិដ្ឋិហើយ។ ដើម្បីហៅមនុស្សឲ្យរត់គេចទឹកលិចលោក ឲ្យទាន់ពេលវេលា ពូត្រូវប្រឈមគុកច្រវាក់ ដែលរដ្ឋាភិបាល នឹងដាក់មកលើពូ ដោយចោទពូ ថាបង្កចលាចល តែពូដឹងថា ទឹកនឹងលិចលោកមែន ទោះប្រឈមនឹងទោសអី ក៏ពូមិនគិតពីសុខទុក្ខខ្លួនដែរ ពូនៅតែស្រែកអំពាវនាវប្រាប់ការពិតដល់កូនក្មួយ LDP និងមនុស្សដែលមិនមែនជា LDP ឲ្យដឹងថា ទឹកកំពុងលិចលោកហើយ អូ! ប៉ុណ្ណឹងហើយ នៅតែអារម្មណ៍ដឹងខុសថា ចិត្តពូចង់ឲ្យមនុស្សស្លាប់ដោយលង់ទឹកទៀតឬ? នេះគឺការដឹងខុសពីចិត្តពូ ឬការដឹងខុសជាអារម្មណ៍នៃវិញ្ញាណវិប្បយុត្ត មិច្ឆាទិដ្ឋិ ធុនសាន សុជា នេះ“ ។

~

~

គួរបញ្ជាក់ថា សំណេរជេរប្រមាថរបស់លោកខឹម វាសនា ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលព្រះសង្ឃ សាន សុជា បានទេសនាពន្យល់ប្រជាពលរដ្ឋ និងពលករខ្មែរ នៅសាធារណរដ្ឋកូរ៉េ ថាគ្មានទឹកលិចលោកអីទេ សូមឲ្យប្រជាពលរដ្ឋខ្មែរ កុំមានការពីព្រួយបារម្ភរឿងឃោសនាថា ទឹកលិចលោកនេះ ។

~

ទោះបីយ៉ាងណា ជុំវិញការប្រមាថរបស់លោកខឹម វាសនា ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំថេរដីកាឆ្លើយតបពីព្រះតេជគុណ សាន សុខជា បានទេ កាលពីម្សិលមិញ ខណៈដែលព្រះអង្គកំពុងគង់នៅប្រទេសកូរ៉េខាងត្បូង និងចូលរួមពិធីកាន់បិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនា នៅទីនោះ ដោយព្រះទ័យជ្រះថ្លា ។

ប៉ុន្តែសម្រាប់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ នៅក្នុងប្រទេសកម្ពុជា រួមមានមន្រ្តីអតីតបក្សប្រឆាំង និងខាងលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ បានសម្ដែងប្រតិកម្មជំនួសព្រះភិក្ខុ សាន សុជា ចំពោះការជេរប្រមាថរបស់លោកខឹម វាសនា ខាងើលើនេះ ដោយចាត់ទុកការជេរប្រមាថព្រះគ្រូវជិរប្បញ្ញោ សាន សុជា ថា “អាជាមេតុយ” នោះ ជាការជេរប្រមាថដ៏ធ្ងន់បំផុត ហើយថាការប្រមាថព្រះសង្ឃ ជាបទល្មើសជាក់ស្ដែង ដែលត្រូវផ្ដន្ទាទោសដល់អ្នកជេរប្រមាថនោះ ។

លោកហ៊ុន កុសល អតីតយុវជននៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ថា ខឹម វាសនា ប្រមាថព្រះសង្ឃ (ប្រមាថព្រះតេជគុណសាន សុជា) ជាន់ឈ្លីព្រះពុទ្ធសាសនា ហើយប្រៀបធៀបខ្លួនឯងទៅនឹងព្រះពុទ្ធ បើនៅក្នុងផ្លូវធម៌ គឺមហាសែននរកហើយ គឺនរកដែលមិនមានថ្ងៃនឹងងើបមកវិញទេ ។ បានន័យថា ការបង្កាច់បង្ខូចដីកាព្រះនេះ មានទោសធ្ងន់ធ្ងរណាស់ ហើយខឹម វាសនា ក្រោយពេលស្លាប់ គឺមិនអាចងើបពីនរកបានទេ ព្រោះទង្វើរបស់គាត់ ជាទង្វើរបស់សត្វនរកហើយ នៅក្នុងពេលបច្ចុប្បន្ននេះ មិនមែនជាទង្វើរបស់ព្រហ្ម ឯណាទេ ។ ឯនិយាយពីផ្លូវច្បាប់ ក៏មិនដឹងយកទោសឯណាមកដាក់អស់ដែរ ជុំវិញប្រមាថចំពោះព្រះសង្ឃ ចំពោះព្រះពុទ្ធសាសានា ចំពោះសង្គមជាតិ ចំពោះអ្នកប្រាជ្ញ ចំពោះចាស់ក្មេង និងការតាំងខ្លួនឯងជាព្រហ្មរក្សាលោកនេះ ។

~

~

លោកហ៊ុន កុសល បានមានប្រសាសន៍ថា “សេចក្ដីប្រមាថចំពោះព្រះសង្ឃ ចំពោះព្រះពុទ្ធសាសានា ចំពោះសង្គមជាតិ ចំពោះអ្នកប្រាជ្ញ ចំពោះចាស់ក្មេង ដែលខឹម វាសនា បានបង្កឡើងជាច្រើនឆ្នាំមកនោះ គឺមានទំហំធំធេងណាស់ ហើយមិនដឹងថា រកច្បាប់ឯណាទៅដាក់ទោស កាត់ទោសខឹម វាសនា រួចទេ បើសិនជាច្បាប់ នៅក្នុងប្រទេសកម្ពុជា មិនមានស្ដង់ដារនោះ មានន័យថា ច្បាប់មានការរើសអើង ។ ច្បាប់ក្នុងពេលនេះ ខ្ញុំចង់សំដៅច្បាប់ដែលកាត់ទោសចំពោះបុគ្គល រើសបុគ្គល រើសមនុស្ស ។ បើចំពោះគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងពិតប្រាកដនោះ កុំថាឡើយតែអ្នកនយោបាយ ជាមេដឹកនាំជាន់ខ្ពស់ សូម្បីតែសកម្មជនតូច ក៏ត្រូវបានគេចោទប្រកាន់ ដោយច្បាប់គេ ឧបករណ៍របស់គេ សម្រាប់មកកាត់ទោស ឬមកដាក់ទោសទណ្ឌចំពោះសកម្មជនបក្សសង្រ្គោះជាតិ ផងដែរ ។ អ៊ីចឹងនៅពេលពេលដែលព្រះតេជគុណ សាន សុជា លោកលើកឡើងអំពីបញ្ហាហ្នឹង បញ្ហាថា ខឹម វាសនា ប្រាកដជារីករាយ នៅពេលដែលពិភពលោកលិចលង់ពិតប្រាកដនោះ គឺអត់ខុសទេ ព្រោះដោយសារតែខ្ញុំសង្កេតមើល សកម្មជនដែលគាំទ្រលោកខឹម វាសនា គ្រប់គ្នា បានយកវីដេអូចាស់ៗ ដូចជាស៊ូណាមិនៅជប៉ុន ក្ដី ស៊ូណាមិនៅនេប៉ាល់ ក្ដី ស៊ូណាមិ នៅប្រទេសនេះ ប្រទេសនោះ ឬព្រឹត្តិការណ៍ទឹកជំនន់ជាប្រចាំ រៀងរាល់ឆ្នាំនោះ យកមកបំភ័យសង្គមជាតិបន្ថែមទៀត ។ អ៊ីចឹងមានន័យថា អ្វីដែលពួកអិលឌីភី ឬអ្នកគាំទ្រដ៏ងងឹត ខឹម វាសនា យកព្រឹត្តិការណ៍តាំងពីឆ្នាំកន្លងទៅ មកបំប៉ោង មកបំភ័យនោះ គឺបើសិនជាពិភពលោកនេះ លិចលង់ពិតប្រាកដមែន គឺពួកអិលឌីភី សប្បាយចិត្តជាងគេ ព្រោះសម្ដីពូនិយាយត្រូវ ពូបានក្លាយទៅជាព្រះហើយ ។ អ៊ីចឹងវាមិនមែនទៅជាចិត្តដែលមានសេចក្ដីសង្រ្គោះពិភពលោកអីឯណាទេ វាគ្រាន់តែជាភាពអំនួតអួតអាងរបស់ពួកងងឹតងងុលទាំងអស់ហ្នឹងទេ មិនមែនរឿងជួយសង្រ្គោះ រឿងសន្ដោសពិភពលោកអីទេ ។ អាហ្នឹងគ្រាន់តែកំហុសប៉ុណ្ណឹង គឺខឹម វាសនា មិនដឹងថា យកច្បាប់ឯណាមកកាត់ទោសបានទេ គឺវាជាការបោកប្រាស់សង្គមជាតិទាំងមូល ។ នេះមិនមែនជាជំនឿសាសនាទេ ព្រោះជំនឿសាសនាឯណាមកចេញបំផុសបំផុល ធ្វើឲ្យសង្គមវឹកវរអ៊ីចឹង ហើយជំនឿសាសនា ក៏ត្រូវមានបែបផែននៅក្នុងបន្ទាត់របស់ច្បាប់ដែរ មិនមែនសាសនា ចេះតែជឿ ចេះតែធ្វើអីតាមតែទំនើងចិត្ត តាមតែការនឹកឃើញរបស់ខ្លួនអ៊ីចឹងទេ ។ ដូច្នេះការដែលខឹម វាសនា បង្កើតរឿងទឹកលិចពិភពលោកនេះ ជាការកុហកបោកប្រាស់ធំធេងមែនទែន ប៉ុន្តែខឹម វាសនា នៅតែបន្តធ្វើសកម្មភាពជ្រុលនិយម និងគឃ្លើនរបស់ខ្លួន ដោយមិនមានការខ្លាចក្រែងច្បាប់ សូម្បីតែបន្តិច ហើយខឹម វាសនា នៅតែបន្តប្រមាថអ្នកផ្សេង ។ ខឹម វាសនា ប្រមាថព្រះសង្ឃ ជាន់ឈ្លីព្រះពុទ្ធសាសនា ហើយប្រៀបធៀបខ្លួនឯងទៅនឹងព្រះពុទ្ធហ្នឹង គឺបើនៅក្នុងផ្លូវធម៌ គឺមហាសែននរកហើយ គឺនរកដែលមិនមានថ្ងៃនឹងងើបមកវិញទេ គឺការធ្លាក់នរក គឺការបង្កាច់បង្ខូចដីកាព្រះនេះ គឺមានទោសធ្ងន់ធ្ងរណាស់ ហើយខឹម វាសនា ក្រោយពេលស្លាប់ គឺមិនអាចងើបពីនរកបានទេ ព្រោះទង្វើរបស់គាត់ ជាទង្វើរបស់សត្វនរកហើយ នៅក្នុងពេលបច្ចុប្បន្ននេះ មិនមែនជាទង្វើរបស់ព្រហ្ម ឯណាទេ“ ។

~

~

សម្ដេចព្រះពុទ្ធជ័យ ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ថា មនុស្សណាប្រព្រឹត្តខុសនៅក្នុងប្រទេសមួយ ទាល់តែច្បាប់ ទើបមានអាជ្ញាក្នុងការដាក់ទោស ឬអាចគ្របសង្កត់ទៅលើបុគ្គលណាដែលប្រព្រឹត្តកន្លង ហើយអ្នកបួសគ្រប់រូប ក៏នៅក្រោមច្បាប់របស់ប្រទេស ដូចព្រះអង្គ ឬព្រះសង្ឃសាន សុជា ឬព្រះសង្ឃដទៃទៀត បើប្រព្រឹត្តខុស ក៏គេតម្រូវឲ្យគោរពតាមច្បាប់ហ្នឹងដែរ ។

~

~

សម្ដេចព្រះពុទ្ធជ័យ ឃឹម សន បានមានពុទ្ធដីកាថា “ច្បាប់ ញោម! ទាល់តែច្បាប់ មនុស្សណាប្រព្រឹត្តខុសនៅក្នុងប្រទេសមួយ ទាល់តែច្បាប់ មានតែច្បាប់ទេ ទើបបានមានអាជ្ញា ហើយដល់អ្នកសាសនា ដូចអាត្មាអី ជាអ្នកបួស ទោះបីជាសម្ដេច ឬគណៈសង្ឃធំៗ ក៏ដោយ បានមកទេសនាទូន្មានឱវាទព្រះពុទ្ធ ស្ដីប្រដៅ ដាស់តឿនឲ្យដើរត្រូវអីអ៊ីចឹង ហើយបើថារឿងអ្នកណាប្រព្រឹត្តខុស គេធ្វើអីផ្ទុយទៅ គឺមានច្បាប់ ពរ! គឺទាល់តែច្បាប់ សម្រាប់ប្រទេស បានគ្រប់គ្រងបុគ្គលប្រព្រឹត្តខុសបាន ។ ត្រង់ចំណុចនេះ ចំពោះការប្រមាថហ្នឹង ព្រះគុណម្ចាស់ សាន សុជា លោកយល់ច្បាស់ហើយតើ! ព្រះពុទ្ធហ្នឹង ពេលខ្លះក៏គេជេរដែរ ដូច្នេះមានតែច្បាប់ទេ បានគ្របសង្កត់ទៅលើបុគ្គលណាដែលប្រព្រឹត្តកន្លង ប្រទេសណា ដូចប្រទេសណាដែរ មានតែច្បាប់មួយទេ អាចគ្រប់គ្រងបាន ។ ចង់និយាយថា អ្នកបួសគ្រប់រូប នៅក្រោមច្បាប់របស់ប្រទេស ដូចអាត្មា ប្រព្រឹត្តខុស ក៏ច្បាប់គេតម្រូវឲ្យគោរពតាមច្បាប់ហ្នឹង“ ។

~

~

សម្ដេចព្រះពុទ្ធជ័យ ឃឹម សន បានមានពុទ្ធដីកាបន្តថា “ពុទ្ធបរិស័ទ អ្នកគោរពព្រះសង្ឃ អ្នកគោរពព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បើសិនណាជាពុទ្ធបរិស័ទក្រៅពីព្រះរាជាណាចក្រកម្ពុជា វិញ បុគ្គលហ្នឹង មិនដឹងជាខ្ទាតដល់ណាទេ ប៉ុន្តែពុទ្ធបរិស័ទនៃព្រះរាជាណាចក្រកម្ពុជាស្លូតទាំងអស់គ្នា ឲ្យគេជេរទាំងអស់គ្នាទៅ ។ ដូចអាត្មាថាអ៊ីចឹង យើងព្រះសង្ឃ ពូកែណាស់ចេញច្បាប់ថា កុំឲ្យប្រព្រឹត្តខុសផ្ទុយ ប្រើពាក្យមិនសមរម្យ ។ ពោលគឺគណៈសង្ឃ ធ្លាប់ធ្វើអនុសំវចរសំណូមពរហើយតើ! ប៉ុន្តែយើងបានតែប៉ុណ្ណឹង បានតែប្រាប់ថា ឲ្យដើរផ្លូវត្រូវអីអ៊ីចឹង ធ្លាប់តើ! បួនប្រាំឆ្នាំមុនហ្នឹង ប៉ុន្តែមកដល់ឥឡូវ លើសដើមទៀត ហ្នឹងហើយ! ជេរលើសដើមទៀតហ្នឹងហើយ!“ ។

~

~

សម្ដេចព្រះពុទ្ធជ័យ ឃឹម សន បានមានពុទ្ធដីកាបន្តទៀតថា “អាត្មាឃើញសភាពអ៊ីចឹង ដូចជាមិនចង់តបតអីទេ មិនមែនថា យកមួយរួចខ្លួនទេ ប៉ុន្តែគ្រាន់តែថា ព្រះសម្មាសម្ពុទ្ធ ព្រះអង្គជាសម្បញ្ញុតញ្ញាណ ប៉ុន្តែពេលខ្លះ មិនមែនព្រះអង្គមិនដឹង ព្រះអង្គអត់សម្ដែងប្រោសទេ ព្រោះថា ប្រោសវាមិនបាន ទម្រាំយើងជាបុថុជ្ជន? ដូច្នេះនិយាយទៅ! សាន សុជា ហ្នឹង អាត្មាធ្លាប់និមន្តឲ្យមកធ្វើការជាមួយ ឲ្យធ្វើអីហ្នឹង ហើយធ្លាប់ប្រគេនទាំងបុណ្យ ប្រគេនទាំងរាជាគណៈ ប៉ុន្តែលោកមិនទទួលពីអាត្មា គឺអាត្មាផ្ទាល់ហើយ អ្នកដឹង មិនជឿ សួរលោកមើល? អាត្មាឲ្យលោកមកជួយក្នុងគណៈសង្ឃ ជួយក្នុងពុទ្ធសាសនា ឃើញព្រះអង្គ អ្នកចេះដឹង អាត្មាគោរពស្រឡាញ់រាប់អានលោកតើ! ហើយ (ខឹម វាសនា) មិនមែនទើបតែជេរលើកហ្នឹងទេ គឺជេរលោក យូរមកហើយតើ!“ ។

~

~

គួរបញ្ជាក់ថា ព្រះសង្ឃ ត្រូវបានពុទ្ធសាសនិក នៅក្នុងប្រទេសកម្ពុជា ចាត់ទុកថា ជាស្រែបុណ្យ ជាសាវ័ករបស់ព្រះពុទ្ធ និងជាក្រុមឧត្តមភេទ ដែលជាទីសក្ការៈ តែកន្លងមកនេះ ពលរដ្ឋខ្មែរខ្លះ ហាក់មិនសូវគោរព ឲ្យតម្លៃព្រះសង្ឃ នោះឡើយ ។ ពេលខ្លះ មានដល់ជនមួយចំនួន ជេរប្រមាថព្រះសង្ឃ ដូចលោកខឹម វាសនា នេះជាដើម ។

នៅក្នុងក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា ត្រង់ជំពូកទី៥ មាត្រា៥១៦ បានកំណត់ពីបទល្មើសប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី យ៉ាងដូច្នេះថា «ជនណាដែលប្រមាថទៅលើព្រះសង្ឃ ដូនជី តាជី គឺត្រូវមានទោសព្រហ្មទណ្ឌ តែស្ថិតក្នុងប្រភេទបទល្មើសលហុ» ។ ផ្អែកតាមក្រមដដែលនេះ ការប្រមាថ គឺសំដៅទៅលើការប្រើវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃព្រះសង្ឃ ដូនជី តាជី ត្រូវចាត់ចូលជាទោសព្រហ្មទណ្ឌ ហេតុនេះ គួរពលរដ្ឋគ្រប់រូប ធ្វើជាពុទ្ធបរិស័ទល្អ មិនគប្បីជេរប្រមាថអ្នកបួសឡើយ ៕ នគរធំ

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments