ភ្នំពេញ៖ ជាដំណឹងដ៏គួរឱ្យរីករាយ និងប្រកបដោយមោទកភាពណាស់ ដែលអបអរសាទរ ដែលកម្ពុជា ទទួលបានមេដាយមាសទី១ នៅអាស៊ានប៉ារ៉ាហ្គេម។ នោះគឺក្រុមបាល់បោះរទេះនារីកម្ពុជា ៣ ទល់ ៣ ដណ្តើមបានមេដាយមាស ជាមួយកំណត់ត្រាឈ្នះ ១០០% ជូនកម្ពុជា នារសៀលថ្ងៃទី៣១ ខែកក្កដានេះ។ នាវគ្គផ្តាច់ព្រ័ត្រ កម្ពុជា បានយកឈ្នះក្រុមនារីថៃ ដោយលទ្ធផល ៧-៥។
ក្នុងព្រឹត្តិការណ៍ប្រកួតបាល់បោះរទេះនារីនេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំក្រុមការងាររបស់លោក ទៅទស្សនា និងលើកទឹកចិត្តក្រុមកីឡាករកម្ពុជាដោយផ្ទាល់។ លោក ហ៊ុន ម៉ានី បានលោតអបអរសាទរក្រុមបាល់បោះជិះរទេះនារីកម្ពុជា ពេលឈ្នះថៃ ដើម្បីបានមេដាយមាស លើវិញ្ញាសានារី ៣ ទល់ ៣ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។
ដោយឡែក នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ ក្រុមបាល់បោះជិះរទេះជនពិការបុរសកម្ពុជា បរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយសំរឹទ្ធិ ក្រោមថ្វីដៃម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ៩-៥។
កម្ពុជា បានបញ្ជូនកីឡាករជនពិការ ១១ប្រភេទ ទៅចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុង Surakarta ឬទីក្រុង Solo ប្រទេសឥណ្ឌូណេស៊ី។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឱ្យដឹងថា កីឡាជនពិការ១១ប្រភេទរបស់កម្ពុជា ដែលចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នេះ រួមមាន៖ កីឡាអត្ដពលកម្ម, បាល់ទះអង្គុយបុរស និងនារី, ហែលទឹក, បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់ ៧ម្ខាង (ចលករខួរក្បាល), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និងបូស្យា។
ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០២០ ត្រូវបានលុបចោល ដោយសារបញ្ហារីករាលដាលជំងឺកូវីដ-១៩។ ដោយឡែក សម្រាប់ការប្រកួត លើកទី៩ នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧ កម្ពុជា ឈ្នះបានមេដាយប្រាក់ ៥គ្រឿង និងសំរិទ្ធ ៥គ្រឿង។
ព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០១ ដោយមានប្រទេសអាស៊ានទាំង ១០ប្រទេស ចូលរួមប្រកួត។ ម៉ាឡេស៊ី បានធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១។ រហូតដល់ឆ្នាំ២០០៣ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បានបញ្ចូលប្រទេសទីម័រខាងកើតមួយទៀត។
នៅឆ្នាំ២០២៣ កម្ពុជាយើង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍កីឡា ស៊ីហ្គម លើកទី៣២ និងព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅរាជធានីភ្នំពេញ៕