ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ មានករណីចោរមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពវា.យកញ្ចក់រថយន្ត រួចលួចយកលុយអស់ប្រមាណ១ ៣០០ ដុល្លារអាមេរិក ខណៈពេលជនរងគ្រោះ (ម្ចាស់រថយន្ត) ចតរថយន្ត រួចចូលទៅយកកូនចេញពីរៀន នៅមុខសាលាអន្តរជាតិ «ឃីងគ្លរី» ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះក្នុងអំពើលួចនោះមាន ឈ្មោះ ឃុន ច័ន្ទម៉ាវីឡា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានជនមិនស្គាល់អត្តសញ្ញាណ (ចោរ) បានធ្វើសកម្មភាពវា.យបំបែកកញ្ចក់រថយន្តម៉ាក KIA អស់១ផ្ទាំងលើទ្វារខាងមុខផ្នែកខាងស្តាំ រួចក៏បានលួចយកប្រាក់អស់ចំនួន៧០០ដុល្លារអាមេរិក (មានក្រដាសប្រាក់១០ និង២០) និងលុយខ្មែរចំនួន ២.៤០០.០០០រៀល សរុបស្មើនឹង ១ ៣០០ ដុល្លារអាមេរិក ខណៈពេលដែលជនរងគ្រោះបានចូលទៅដកប្រាក់ដុល្លាររាយ និងប្រាក់ខ្មែរពីធនាគារ ABA សាខាពេទ្យគន្ធបុប្ផា រួចទុកលើកំរាលជើងក្នុងរថយន្ត ហើយបើកទៅចតចាក់សោទុកនៅមុខសាលារៀន «ឃីងគ្លរី» ដើម្បីចូលទៅយកកូនចេញពីសាលាទៅផ្ទះ ។
តែយ៉ាងណាក្តី ករណីខាងលើនេះ សមត្ថកិច្ចកំពុងតេដុតដៃដុតជើងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញា ដែលថ្លើមធំហ៊ានគាស់ទ្វាររថយន្តលួចយកលុយទាំងថ្ងៃនោះហើយ ។ ហើយសង្ឃឹមថា បទល្មើសដែលកើតឡើងនៅទីក្រុងសៀមរាប ជាទីទឹកដីអង្គរ សម្បូរដោយភ្ញៀវទេសចរទៅទស្សនាប្រាង្គប្រាសាទបុរាណ នឹងមិនអនុញ្ញាតិឲ្យក្រុមចោរទាំងនោះបានរួចផុតពីសំណាញ់ច្បាប់ឡើយ ៕