~
សម្តេចតេជោ ទុកពេល១ថ្ងៃឲ្យម្ចាស់រថយន្តចង្កូតស្តាំទៅបង់ពន្ធដោយមិនបាច់ដូរចង្កូតទៅឆ្វេង
~
~
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ដោយទុករយៈពេលមួយថ្ងៃ គឺថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះឲ្យម្ចាស់រថយន្តទៅបង់ពន្ធឲ្យអស់ ហើយចំពោះរថយន្តដែលនាំចូលចាប់ពីថ្ងៃទី៧ ខែកក្កដាតទៅ គឺចាប់ទាំងអស់ ។ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បន្ទាប់ពីមានការតវ៉ាពីម្ចាស់រថយន្តដែលមានចង្កូតស្តាំ ហើយស្នើសុំមិនផ្លាស់ប្តូរពីចង្កូតស្តាំទៅឆ្វេង តែសុំបង់ពន្ធ ។
~
ថ្លែងក្នុងសំណេះសំណាលក៏ដូចជា ផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិកាអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចយកថ្ងៃទី៦ កក្កដាតែមួយថ្ងៃប៉ុណ្ណោះ សម្រាប់ឲ្យម្ចាស់រថយន្តមានចង្កូតស្តាំដែលតវ៉ាពីការមិនចង់ប្តូរត្រូវធ្វើការបង់ពន្ធដោយក្រសួងសារធាណការ និងដឹកជញ្ជូនត្រូវចេញផ្លាកលេខឲ្យ ។
~
ចំពោះរថយន្តដែលបានកក់ប្រាក់ធ្វើការផ្លាស់ប្តូរចង្កួតហើយមិនចាំបាច់ផ្លាស់ប្តូរទេ តែត្រូវបង់ពន្ធឲ្យគ្រប់ ។ សម្តេចតេជោបានគូសបញ្ជាក់ថា ៖«ខ្ញុំសូមសម្រេច គឺគិតពីពេលនេះ គឺតែថ្ងៃទី៦ កក្កដា ឆ្នាំ២០២២នេះមួយថ្ងៃប៉ុណ្ណោះ សូមម្ចាស់រថយន្តដែលមានចង្កូតស្តាំអញ្ជើញទៅបង់ពន្ធ ដោយមិនចាំបាច់ផ្លាស់ប្តូរចង្កូតនោះទេ លើសពីថ្ងៃនេះទៅនឹងចាប់យកតែម្តង»។
~
សម្តេចតេជោ ក៏បានស្នើឲ្យសមត្ថកិច្ច និងភាគីពាក់ទាំងអស់ត្រូវធ្វើការបិទការនាំចូលរថយន្តចង្កូតស្តាំពីខាងក្រៅជាដាច់ខាត ។ ចំពោះរថយន្តចង្កូតស្តាំ នៅព្រំដែនហើយបម្រុងនាំចូល គឺឲ្យគេយកទៅវិញ បើនាំយកមក គឺត្រូវចាប់យកតែម្តង ។
~
~
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានស្នើគ្រប់ស្ថាប័នធ្វើយ៉ាងណាកុំឲ្យមាននាំយករថយន្តចង្កូតស្តាំងលួចលាក់ ឬស្នើសុំមកជាដាច់ខាត ។សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ មានប្រសាសន៍បញ្ជាក់ថា យើងមានរថយន្តចង្កូតស្តាំ ដែលនាំចូលពីថៃទាំងអស់ ដែលមាន ចំនួនជាង ៦ ពាន់គ្រឿង កែចង្កូតរួចហើយជាង ៤ពាន់គ្រឿង និងមិនទាន់បង់ពន្ធនិងកែចង្កូតមានជាង ២ ពាន់គ្រឿង»។
~
~
ការសម្រេចទុកពេលមួយថ្ងៃនេះ ធ្វើឡើងក្រោយពីមានម្ចាស់រថយន្តបែនដឹកដីប្រភេទចង្កូតស្ដាំប្រមាណជិត៣០០នាក់ បានធ្វើការប្រមូលផ្ដុំគ្នាឈរកាន់បដាធ្វើការតវ៉ានៅលើរង្វង់មូលកួរស្រូវ ស្ថិតនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។
~
ម្ចាស់រថយន្តបែនដឹកដីប្រភេទចង្កូតស្ដាំបានតវ៉ានឹងចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាល ដែលបានតម្រូវឲ្យរថយន្តចង្កូតស្ដាំអត់ពន្ធគ្រប់ប្រភេទ ត្រូវតែបង់ពន្ធ និងកែចង្កូតទាំងអស់។ ពួកគាត់បានកាន់បដាស្នើសុំបង់ពន្ធតាមច្បាប់ តែសុំការអនុគ្រោះមិនកែចង្កូតរថយន្តឡើយ គឺរក្សាឲ្យនៅចង្កូតស្ដាំដដែល៕ ប្រភព៖ កោះសន្តិភាព
~
~
~
~