~
រឿងនារីលេងតិកតុក ! សម្តេចតេជោ ស្នើឱ្យបញ្ឈប់ការលេង «បែបចំអេះចំអាស»
~
~
ភ្នំពេញ៖ ដោយមើលឃើញការប្រើប្រាស់បណ្តាញសង្គមតិកតុកខ្មែរ (TikTok) មិនត្រឹមត្រូវដោយការប្រើប្រាស់ពាក្យចំអាសច្រើនហួសហេតុពេក ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្តែងការហួសចិត្ត និងស្នើដល់ម្ចាស់គណនីជាស្ត្រីបញ្ឈប់ការប្រើប្រាស់ពាក្យអាសក្រាមខ្លាំង។…
~
~
សម្តេចតេជោ បានថ្លែងថា កន្លងមកមានការលេងសើចលើបណ្តាញសង្គមតិកតុក បង្អាប់បុរសឈ្មោះ «រិទ្ធ» ថាខូច តែក៏មានស្ត្រីខ្លះលេងបណ្តាញសង្គមនេះហួសហេតុខ្លាំងពេកទាំងការប្រើប្រាស់ពាក្យជេរបញ្ជោ និងប្រើប្រាស់ពាក្យពេជន៍ខ្លះអាសក្រាមខ្លាំងពេក ។
~
សម្តេចបន្តថា «ហើយប៉ុន្មានថ្ងៃកន្លងទៅ រឿងតិកតុកហ្នឹង គឺវាមាន២។ ខ្ញុំសុំផ្តាំផ្ញើទៅអ្នកលេងតិកតុកតិច។ ទី១ ខ្ញុំចង់ផ្តាំផ្ញើទៅជាមួយនឹងនែ នាងៗក្មួយៗជានារីដែលចូលលេងក្នុងអាតិកតុក។ ខ្លះក៏ឱ្យជាឧទាហរណ៍ល្អ អ៊ីចឹងទៅ ខ្លះក៏និយាយបែបកំប្លែងអ៊ីចឹងទៅ ដូចជា បងរិទ្ធ អីជាដើមអ៊ីចឹងទៅ។ ល្ងាចមិញ ខ្ញុំក៏បើកមើលចំ រឿងបងរិទ្ធ បងរិទ្ធជំនាន់មុននិងបងរិទ្ធជំនាន់ក្រោយ។ បងរិទ្ធ ដូចជាបង ខៀវ កញ្ញារិទ្ធ គេយោគយល់ឱ្យខូចទៅចុះ ព្រោះកាលពីសម័យមុនអត់បានខូច ប៉ុន្តែគេមិនយោគយល់បងរិទ្ធជំនាន់ក្រោយទេ»។
~
~
«ប៉ុន្តែ ខ្ញុំសង្កេតឃើញថា ក្មួយៗស្ត្រីខ្មែរមួយចំនួន ដូចជាអាសអាភាសពេកទេដឹង។ ខ្លះចេញមក គឺថា អារឿងចំអេះចំអាសហ្នឹងតែម្តង។ អ៊ីចឹងខ្ញុំសុំអង្វករ ឱ្យរក្សាគោរពប្រពៃណីរបស់ខ្លួន។ តែចេញមក គ្មានអីស្រួលជាងខ្លះចេញមកចំអេះចំអាសតែម្តង»។ នេះជាការថ្លែងរបស់សម្តេចតេជោ នៅក្នុងកម្មវិធី អញ្ជើញជួបសំណេះ សំណាល ក៏ដូចជា ផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
~
~
សម្តេចបន្តថា អ្នកខ្លះចេញមកប្រើប្រាស់ពាក្យថា «គ្មានអីស្រួលជាង …» រួចសម្តេចក៏បន្តថា សម្តេចសុំ និយាយប៉ុណ្ណឹងមិនបាច់ពោលដល់ ឃ្លាខាងចុងបន្តទេ គឺគេដឹងហើយថាវាយ៉ាងម៉េចនោះ។សម្តេចបន្តថា «អង្វរកចំពោះនាងៗក្មួយៗ ដូចខ្លះ និយាយត្រង់ៗទៅចំចំណុចហ្នឹងតែម្តង» ដូច្នេះសម្តេចអង្វរកនិងសុំបញ្ឈប់ការប្រើប្រាស់ពាក្យចំអេះចំអាសចំៗពេក។ តែយ៉ាងណាមិញ សម្តេចបញ្ជាក់ថា «យើងគ្មានផែនការបិទតិកតុកទេ លេងចុះ តែវាមិនមែនជាមធ្យោបាយសម្រាប់យកមកនិយាយចំអាសចំអូងទេ»៕
~
~
~