~
ស្អែកនេះ! តុលាការនឹងប្រកាសសាលក្រមលើបណ្តឹងសុំនៅក្រៅឃុំរបស់លោកផ្កាយ៣ ឌួង ងៀប
~
~
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានលើកយកបណ្តឹងសុំនៅក្រៅឃុំរបស់លោកផ្កាយ៣ ឌួង ងៀប មកបើកសវនាការតាមការស្នើសុំរបស់ជនត្រូវចោទ មុនជំនុំជម្រះលើអង្គសេចក្តី ។ សវនាការនោះ ត្រូវបានបញ្ចប់ទៅវិញ ប៉ុន្តែចៅក្រមជំនុំជម្រះមិនទាន់ប្រកាសសាលក្រមភ្លាមៗនៅឡើយទេ ដោយបានកំណត់យកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ និងសម្រេចឲ្យ ឬមិនឲ្យ ម្ចាស់បណ្តឹង គឺលោក ឌួង ងៀប សុំនៅក្រៅឃុំនោះ ដឹងបានអត់ ។
~
~
សូមជម្រាបថា លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនលោកផ្កាយ៣ ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោ.ក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន. (សែកស្អុយ) ។
~
លោកឧត្តមសេនីយ៍ ឯក ឌួង ងៀប ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ ។
~
ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថា ជនត្រូវចោទឈ្មោះ ឌួង ងៀប ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាមន្ត្រីរាជការ មានទីលំនៅផ្ទះលេខ០៣ ផ្លូវឌួងងៀប២ កែងផ្លូវដោនថោន៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ.ឆបោ.ក និងបទ.មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសសតាមបញ្ញាត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
~
~
យល់ឃើញថា ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេសពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ។ យល់ឃើញថា តាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានផុតរយៈពេលអនុវត្ត តែមន្ត្រីនគរបាលយុត្តិធម៌មិនអាចស្វែងរកជនត្រូវចោទរូបនេះឃើញ ដើម្បីអនុវត្តការនាំខ្លួនបាន ។ យល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចឲ្យចាប់ខ្លួនឈ្មោះ ឌួង ងៀប យកមកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីអនុវត្តតាមបញ្ញាត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ហេតុដូច្នេះ សម្រេចបញ្ជាដល់កម្លាំងសាធារណៈឲ្យចាប់ខ្លួន នឹងបង្គាប់ឲ្យប្រធានពន្ធនាគារ PJ ទទួល នឹងឃុំខ្លួនឈ្មោះ ឌួង ងៀប ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ប្រភព៖ កោះសន្តិភាព
~
~
~
~