~
កូនអ្នកលក់ស្ករទាញម្នាក់ប្រលងជាប់សិស្សពូកែទូទាំងប្រទេស«គណិតវិទ្យា» ធ្វើឲ្យសាលាល្បី
ភ្នំពេញ ៖ ចេញពីកូនអ្នកជិះកង់ដើរលក់ស្ករទាញ និងម្តាយជាកម្មកររោងចក្រ ដើម្បីយកលុយមកផ្គត់ផ្គងគ្រួសារ យុវសិស្សរៀននៅវិទ្យាល័យហ៊ុន សែនព្រែកអំបិលបានប្រឡងជាប់សិស្សពូកែទូទាំងប្រទេសផ្នែក«គណិតវិទ្យា»ដែលធ្វើវិទ្យាល័យរបស់ខ្លួនដែលមិនធ្លាប់មានច្រើនទស្សវត្សរ៍មកហើយល្បី ។
~
~
ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្សកំពុងអង្គុយរៀនក្នុងបន្ទប់សុគា សុធា បានឲ្យដឹងថា ខ្លួនបានប្រជាប់សិស្សពូកែផ្នែកគណិតវិទ្យាទូទាំងប្រទេសបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមសិស្សដែលក្រសួងអប់រំយុវជន និងកីឡា សម្រេចយកតែ១០នាក់ ។
យុវសិស្សសុធាមានមាឌខ្ពស់ល្មមសំបុរស និងរាងស្គម ហើយពាក់វែនតា រស់នៅក្នុងភូមិព្រែកក្រាញ់ឃុំ ព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល រៀននៅវិទ្យាល័យហ៊ុន សែនព្រែកអំបិល ឪពុកមានមុខរបជាអ្នកលក់ស្ករទាញ និងធ្វើស្រែ និងម្តាយជាកម្មកររោងចក្រ ។
~
~
សុធាបានឲ្យដឹងថា ក្នុងគ្រួសារមានបងប្អូនចំនួន៤នាក់ ហើយខ្លួនជាកូនច្បង នៅក្នុងគ្រួសារហើយខ្លួនមានអាយុ១៨ឆ្នាំ ។ បើនិយាយពីការសិក្សាវិញ សុធាបានឲ្យដឹងថា ខ្លួនមានការពិបាកផងដែរ ដោយសារតែជាកូនច្បង ពេលខ្លះជួយការងារម្តាយ ឪពុក និងមើលប្អូនផងដែរ ។ ឪពុកខ្លួនដើរលក់ស្ករទាញនៅរាជធានីភ្នំពេញ ដើម្បីយកប្រាក់មកផ្គត់ផ្គងការសិក្សា និងគ្រួសារ ឯម្តាយវិញធ្វើការរោងចក្រ ។យ៉ាងណាក្តីសុធាបានលើកឡើងថា ទោះបីជាមានការពិបាកក្តី ក៏រូបគេខិតខំព្យាយាមក្នុងការសិក្សាដូចជា ធ្វើលំហាត់ មើលមេរៀនផ្សេងៗជាដើម ។ ក្នុងរយៈពេលរៀនកន្លងមក ពិសេសនោះមុខវិទ្យាគណិតវិទ្យាតែម្តង សុធាថា មានការពិបាក តែខ្លួនចូលចិត្ត ជាក់ស្តែងនៅពេលរៀនថ្នាក់ទី៩ ខ្លួនប្រលងមិនដែលជាប់នោះទេ ប៉ុន្តែដោយសារមានការតាំងចិត្ត និងមានការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូជួយបង្ហាត់បបង្រៀន និងបំប៉នមួយរយៈពេលធ្វើឲ្យខ្លួនកាន់តែចងចាំទើបឈានដល់ការពាក្យប្រឡងសិស្សពូកែនៅថ្នាក់ខេត្តរហូតប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងខេត្តកណ្តាលផ្នែក «គណិតវិទ្យា» ។
~
យុវសិស្សសុធាក៏បានឲ្យដឹងក្នុងសិក្សារហូតដល់ប្រជាប់សិស្សពូកែទូទាំងប្រទេសនេះខ្លួនត្រូវបានលោកគ្រូហៅទៅរៀនបំប៉នពិសេសនោះនៅពេលជំងឺកូវីដ១៩ វាយលុកក្នុងប្រទេសកម្ពុជា ។
សុធាថា ក្រៅពីការសិក្សានៅសាលាជាមួយមិត្តភក្តិ(ម៉ោងរដ្ឋ) ខ្លួនក៏បានរៀនគួរជាមួយលោកគ្រូគណិតវិទ្យាតែម្នាក់ឯង ហើយខ្លួនបានសិក្សាស្រាវជ្រាវរកវិញ្ញាសារបរទេស ដើម្បីមករៀនធ្វើលំហាត់ផងដែរ ។
~
ជាងនេះក៏បានឯកសារពីលោកគ្រូខ្លួនឲ្យមកមើល និងស្រាវជ្រាវនៅផ្ទះបន្ថែម ។ យុវសិស្សដដែលបានបញ្ជាក់ថា ៖«ខ្ញុំស្រាវជ្រាវរកវិញ្ញាសារប្រព័ន្ធអីនធ័រណេត ហើយឯកសារលោកគ្រូឲ្យមកមើលនៅផ្ទះ ហើយលោកគ្រូប្រាប់ថា មើលវិញ្ញាសារសិស្សពូកែរបរទេសដូចជា របស់ចិន អាមេរិកជប៉ុន អាចនឹងប្រឡងចេញ ហើយខ្មែរយើងបន្ថយមើល» ។
យុវសិស្សសុធាថា ដោយមានការប្រាប់ពីលោកគ្រូ ខ្លួនក៏បានខិតខំសិក្សា និងធ្វើលំហាត់បរទេសនៅពេលទំនេរពីការសិក្សាសាលារដ្ឋ ។ សុធាបានឲ្យដឹង នៅពេលថ្ងៃខាងមុខពេលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្លួនចង់រៀនជំនាញព័ត៌មានវិទ្យា (IT)ដើម្បីជួយគ្រួសារ និងប្រទេសជាតិ ។
~
~
បើតាមសាស្ត្រាចារ្យដែលធ្លាប់បង្រៀននៅវិទ្យាល័យខាងលើបានឲ្យដឹងថា នេះជារឿងមួយប្រវត្តិសាស្ត្រហើយសម្រាប់វិទ្យាល័យព្រែកអំបិលដែលមានសិស្សខិតខំរៀងរហូតដល់ប្រឡងជាប់សិស្សពូកែទូទាំងប្រទេស ។លោកសាស្ត្រាចារ្យដដែលថា ការដែលទទួលបានសិស្សិពូកែនេះ គឺមិនមែនមកពីសិស្សតែម្នាក់គេ គឺក៏មានការចូលរួមពីអ្នកគ្រូ លោកគ្រូ ដែលខិតខំបង្ហាត់បង្រៀន និងថ្នាក់ដឹកនាំសាលាផងដែរ ។
~
~
យ៉ាងណាក្តី បើលោកគ្រូដែលធ្លាប់បង្ហាត់យុវសិស្សនេះ អាចនឹងមានអនាគតល្អដោយសារខួរក្បាលគេល្អមានការចងចាំក្នុងការសិក្សា ហើយអាចធ្វើលំហាត់បានល្អក្នុងពេលគេរៀន ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយសុធាបានឲ្យដឹងថា សុធា គឺជាក្មេងមួយឧស្សាហ៍ព្យាយាម តស៊ូក្នុងការសិក្សាចាប់តាំងពីដើមមក ។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋក៏អំពាវនាវដល់សប្បុរសក៏ដូចជា គណៈពង្រឹងខេត្តកណ្តាល និងថ្នាក់ដឹកនាំសូមជួយគាំទ្រ និងផ្តល់ជាថវិការ និងសំភារៈដល់យុវសិស្សនេះផងដោយសារគេមានការខ្វះខាត ហើយ ដើម្បីឲ្យប្រឡងថ្នាក់អន្តរជាតិផងដែរ ។ សូមជម្រាបថា យុវសិស្ស សុធា បច្ចុប្បន្នកំពុងរៀនថ្នាក់ទី១២នៅវិទ្យាល័យ ហ៊ុន សែន ព្រែកអំបិលស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាលបានប្រឡងជាប់សិស្សពូកែគណិតវិទ្យាថ្នាក់ខេត្តលេខ១ទើបឈានដល់ចូលរួមប្រឡងថ្នាក់ទូទាំងប្រទេស ៕
~
~