~
ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសថា នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ មានការបើកការដ្ឋានសាងសង់ស្ពានអាកាស លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចមុខរោងចក្រប៊ីរី ឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវក្រវាត់ក្រុងទី៣ ដែលស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
~
~
សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត
ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសថា នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ មានការបើកការដ្ឋានសាងសង់ស្ពានអាកាស លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចមុខរោងចក្រប៊ីរី ឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវក្រវាត់ក្រុងទី៣ ដែលស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
~
~
ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលមានចំណងធ្វើចរាចរណ៍ឆ្លតកាត់ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ សូមបញ្ចៀសចរាចរណ៍ តាមផ្លូវដូចខាងក្រោម៖
១-ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ស្ពានអាកាសចោមចៅ សូមបញ្ចៀសបត់ឆ្វេង ចូលទៅផ្លូវមុខស្ថានីយប្រេងឥន្ទនៈតេលា រហូតដល់ផ្សារឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខស្តុបវិទ្យាជម្ពូវ័ន ផ្លូវជាតិលេខ រួចបត់ឆ្វេង ទៅរកស្ពានអាកាសចោមចៅ។
~
២-ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សូមបញ្ចៀសបត់ស្តាំ ត្រង់ចំណុចស្តុបមុខវិទ្យាល័យជម្ពូវ័ន ទៅផ្សារឯករាជ្យ២ បត់ឆ្វេងឡើងទៅកាន់មហាវិថីឈ្នះឈ្នះ រួចបត់ស្តាំ រហូតដល់មុខផ្សារបឹងបៃតង បត់ឆ្វេងទៅតាមផ្លូវផ្សារសាមគ្គី ដើម្បីឆ្ពោះទៅផ្លូវជាតិលេខ៤។
៣-ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ពានអាកាសចោមចៅ សូមបញ្ចៀសបត់ឆ្វេង ចូលតាមក្លោងទ្វារវត្តអរុណវត្តី ឡើងទៅដល់ផ្សារសាមគ្គី រួចបត់ស្តាំ មករកមហាវិថីឈ្នះឈ្នះ រួចបន្តបត់ស្តាំ រហូតដល់មុខរោងចក្រប៊ីរី ចូលទៅផ្លូវមុខស្ថានីយប្រេងឥន្ធនៈតេលា រហូតដល់ផ្សារឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខស្តុបវិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ រួចបត់ឆ្វេង ទៅរកស្ពានអាកាសចោមចៅ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ការបញ្ចៀសការធ្វើដំណើរឆ្លងកាត់ចំណុចប្រសព្វនៃផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ មានរយៈពេល ៤៥ថ្ងៃ គិតចាប់ពីចុះហត្ថលេខាតទៅ។
ស្វែងយល់ពីផ្លូវក្រវាត់ក្រុង៖
ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ចំណាយថវិកាសាងសង់ជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
~
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ចាប់ផ្លូវជាតិលេខ៤ រហូតដល់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ។ ក្នុងនោះ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ ជាង ១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាល ប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ ( ភ្ជាប់ពីមហាវិថីឈ្នះឈ្នះ ឬផ្លូវទំនប់កប់ស្រូវ ) និងចំណុចចុងបញ្ចប់ នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។ ទំហំទទឹងផ្លូវ រហូតដល់ទៅ ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនវិញ មានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ ផ្លូវនេះ នឹងមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អ សម្រាប់កំណាត់ផ្លូវក្រៅក្រុង។
ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងមានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ។ សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះ ស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង ៣៦៦ម៉ែត្រ)។ សាងសង់ស្ពានមធ្យម និងខ្លីចំនួន ០៦កន្លែង និងលូគ្រប់ប្រភេទ ១១៣កន្លែង។ គម្រោងផ្លូវនេះ ចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។
~
ផ្លូវមួយខ្សែនេះ សាងសង់តដោយក្រុមហ៊ុនសំណង់សៀងហៃ គ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ ដោយគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ក៏តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតផែកុងតេន័រថ្មីរបស់កំពងផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជា ការបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។
~
ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺផ្លូវដ៏សំខាន់មួយ ជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើរ និងចរាចរណ៍ក្នុងរាជធានីបន្ថែមទៀត។ លើសពីនេះទៀត ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា។
សូមបញ្ជាក់ថា នៅភ្នំពេញ សព្វថ្ងៃ មានផ្លូវក្រវាត់ក្រុង ២ខ្សែមកហើយ គឺផ្លូវក្រវាត់ក្រុងទី១ តភ្ជាប់ពីគីឡូម៉ែត្រលេខ៩ (ផ្លូវជាតិលេខ៥) ភ្ជាប់ផ្លូវសុផារ៉ា ឬផ្លូវ ៥៩៨ ត្រឡោកបែក ទៅផ្លូវ ២៧១ រហូតដល់គល់ស្ពានច្បារអំពៅ តភ្ជាប់ជាមួយផ្លូវជាតិលេខ១។
~
ចំណែកផ្លូវក្រវាត់ក្រុងទី២ បានសាងសង់ កាលពីឆ្នាំ២០១៦ ដោយមាន ២កំណាត់ ប្រវែងសរុបជាង ២៧គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ តភ្ជាប់ផ្លូវមិត្តភាពកម្ពុជា-វៀតណាម ( ផ្លូវផ្សារដីហុយ ) តភ្ជាប់តាមបណ្តោយផ្លូវណ័ដប្រ៊ីដ ផ្លូវទ្រុងមាន់ ផ្លូវភូមិទួលពង្រ ផ្លូវទំនប់ ៧មករា ផ្លូវ ៦០ម៉ែត្រ ហៅ មហាវិថីតេជោ និងតភ្ជាប់ទៅផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ១៤+៤១៧ ចំណុចគល់ស្ពានព្រែកហូរផ្នែកខាងជើង នៅត្រង់ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងតភ្ជាប់ទៅផ្លូវលេខ១១៥ និងស្ពានមិត្តភាពកម្ពុជា-ចិន ក្រុងតាខ្មៅ ឬស្ពានព្រែកសំរោង ឆ្ពោះទៅរោងចក្រថៃហ្គឺ រហូតដល់ផ្លូវជាតិលេខ១។
រាជរដ្ឋាភិបាល ក៏បានដាក់ផែនការ ក្នុងការស្ថាបនាផ្លូវក្រវាត់ក្រុងទី៤ ដែលបានសិក្សាចប់រួចរាល់ហើយ។ ផ្លូវក្រវាត់ក្រុងទី ៤ មានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពឺ ចំនួន ៣ស្រុក ខេត្តតាកែវចំនួន ១ស្រុក ខេត្តកណ្តាល ៨ស្រុក និងខេត្តព្រៃវែង ២ស្រុក៕
~
~