~
~
បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យុវជន២នាក់សង្ស័យឆ្លងចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យលិចបាត់ខ្លួនទៅក្នុងទឹក បង្កឱ្យមានការភ្ញាក់ផ្អើលនៅចំណុចអាងអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
~
~
សេចក្តីរាយការណ៍បន្តថា ករណីបង្កការភ្ញាក់ផ្អើលខាងលើ បានកើតឡើងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ហើយជនរងគ្រោះដែលបាត់ខ្លួនក្នុងហេតុការណ៍នេះ គឺ១- ឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់និងក្រុងប៉ោយប៉ែត ជាអ្នកគ្រប់គ្រងបុគ្គលិកផ្នែកចែកបៀនៅកាស៊ីណូផ្កាយ៥ (DNA STAR) និងទី២- ឈ្មោះ សែម លឹមហៀង ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករបំរើការនៅខ្យូសជាប់កន្លែងកើតហេតុ។
~
~
~
តាមប្រភពពីនារីម្នាក់ជាមិត្តភក្តិរបស់ជនរងគ្រោះទី១ (ឡេះ ស៊ីណាន) បាននិយាយឱ្យដឹងថា មុនពេលហេតុការណ៍កើតឡើង គឺជនរងគ្រោះទី១ បានមកញ៉ាំអាហារនៅកញ្ចុះកន្លែងកើតហេតុ ដោយមានគ្នា៧នាក់ ក្នុងនោះស្រី៤នាក់ និងប្រុស៣នាក់ តាំងពីម៉ោង១០ព្រឹកថ្ងៃដដែលលុះរហូតដល់ម៉ោងប្រហែល១រសៀល ជនរងគ្រោះទី១ (ឡេះ ស៊ីណាន) ចង់ចុះទៅលេងទឹក ហើយក៏ចុះទៅងូតទឹកតែម្តង ដឹងអី ក៏ស្រាប់តែលិចបាត់។
~
~
នារីខាងលើបន្តថា បន្ទាប់មកនោះ ក៏មានស្ត្រីអាយុ១៩ឆ្នាំត្រូវជាសង្សាររបស់ជនរងគ្រោះ ដែលស្ថិតនៅក្នុងហេតុការណ៍នោះ បានស្រែកឲ្យគេឯងជួយ ភ្លាមៗនោះយុវជនម្នាក់ឈ្មោះ សែម លឹមហៀង អាយុ២០ឆ្នាំ ជាកម្មករបំរើការងារនៅខ្យូសខាងលិច ជាប់កន្លែងកើតហេតុ ក៏បានរត់មកជួយ ប៉ុន្តែដឹងអី ស្រាប់តែស្រែកថា «មានចរន្តអគ្គិសនីឆក់» បន្ទាប់មកក៏លិចបាត់ដូចជាជនរងគ្រោះទី១ ដែរទៅ។
~
~
គួរបញ្ជាក់ថា រហូតមកទល់ម៉ោងជាង៤រសៀលថ្ងៃទី១៧ ខែមិថុនានេះ មន្ត្រីជំនាញជាប់ពាក់ព័ន្ធ បានចុះមកដល់កន្លែងកើតហេតុ តែនៅតែរកមិនឃើញជនរងគ្រោះទាំង២នាក់នៅឡើយទេ។ កោះសន្តិភាព
~
~
~