~
~
ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសអ្នករត់ម៉ូតូកង់បីម្នាក់អស់កម្លាំងពេក ក៏សំរាន្តលង់លក់នៅក្នុងម៉ូតូកង់បី ក៏ស្រាប់តែត្រូវក្រុមជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូ២គ្រឿងបាននាំគ្នាមកធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់គាត់បានសម្រេច លុះលួចបានហើយ រវល់តែសប្បាយអរ ជនសង្ស័យក៏បានរត់ឡើងម៉ូតូមិត្តភ័ក្តិខ្លួនរត់គេចខ្លួនបាត់ ដោយភ្លេចម៉ូតូមួយគ្រឿងទៀតនៅកន្លែងកើតហេតុ ។
~
~
សេចក្តីរាយការណ៍បន្តថា លុះមួយសន្ទុះក្រោយមក ជនសង្ស័យក៏បានត្រឡប់មកវិញ ដោយសុំយកម៉ូតូវិញ ហើយយសន្យាថា នឹងប្រគល់ទូរស័ព្ទអោយម្ចាស់ម៉ូតូកង់បីវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចសួនច្បារមុខអគារណាហ្គាវើរ១ ខាងលិចគល់ស្ពាននាគកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។យោងតាមប្រភពពីម្ចាស់ម៉ូតូកង់បី និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះជាអ្នករត់ម៉ូតូកង់បីឥណ្ឌា បានសម្រាកលង់លក់ក្នុងម៉ូតូកង់បីរបស់គាត់ ។
~
~
~
~
ក្រោយមកក៏លេចមុខជនសង្ស័យ០២នាក់ អាយុក្រោម២០ឆ្នាំជិះម៉ូតូ០២គ្រឿងមកឈប់ក្បែរម៉ូតូកង់បីរបស់ជនរងគ្រោះ ។ បន្ទាប់មកជនសង្ស័យម្នាក់ដែលជិះម៉ូតូម៉ាក yamaha mio បានឈប់ម៉ូតូមួយសន្ទុះ ក៏បានដើរទៅក្បែរម៉ូតូកង់បី រួចលួចយកទូរស័ព្ទដៃរបស់ម្ចាស់កង់បីបានចំនួន០១គ្រឿង ម៉ាក vivo ដែលទិញក្នុងតម្លៃ១៧៩ដុល្លារ ។ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចហើយ ជនសង្ស័យក៏បានដើរឡើងម៉ូតូបក្សពួកខ្លួន រួចជិះរត់គេចខ្លួនបាត់ស្រមោល ។ ដោយមានការសង្ស័យ អ្នករត់កង់បីនៅក្បែរនោះ ក៏បានដើរមកដាស់ជនរងគ្រោះ ទើបដឹងថា បាត់ទូរស័ព្ទ តែឃើញម៉ូតូមួយគ្រឿងដែលជនសង្ស័យភ្លេចយកនោះ ក៏បានយកទៅប្រគល់អោយសមត្ថកិច្ចតែម្តង។
~
~
ហើយអ្វីដែរហួសចិត្តទៀតនោះ គឺរំលងបានមួយសន្ទុះ ក៏លេចមុខជនសង្ស័យមួយក្រុម សុទ្ធតែជាក្មេងៗអាយុក្រោម២០ឆ្នាំ បាននាំគ្នាមកសុំយកម៉ូតូត្រឡប់ទៅវិញ ដោយពួកគេអះអាងថា ម៉ូតូនោះ គឺពួកគេខ្ចីគេជិះមកទេ ។ ដោយលឺដូច្នោះ ជនរងគ្រោះមិនចង់វែងឆ្ងាយក៏បានចរចាគ្នាជាមួយក្រុមជនសង្ស័យ ដោយដាក់លក្ខខណ្ឌថា បើជនសង្ស័យយកទូរស័ព្ទមកអោយគាត់វិញ ទើបគាត់ព្រមប្រគល់ម៉ូតូអោយ ។
~
~
ចំណែកក្រុមជនសង្ស័យលឺដូច្នោះ ក៏ត្រឡប់ទៅវិញពិភាក្សាគ្នាមួយសន្ទុះ ក៏លេចមុខជនសង្ស័យម្នាក់បានយកទូរស័ព្ទដៃជនរងគ្រោះមកប្រគល់ឲ្យម្ចាស់ដើមវិញ ដើម្បីប្តូរយកម៉ូតូត្រឡប់មកវិញ ។ ហើយអ្វីដែលស៊យធំសម្រាប់ក្រុមចោរនោះ ពេលដែលប្រគល់ទូរស័ព្ទអោយម្ចាស់គេវិញហើយ ស្រាប់តែសមត្ថកិច្ចក៏មកជិតដល់ល្មម ដោយឃើញដូច្នោះ ជនសង្ស័យក៏បានរត់គេចខ្លួនម្តងទៀត ដោយមិនបានយកម៉ូតូទៅនោះទេ ។
~
~
ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនសង្ស័យត្រូវបានជនរងគ្រោះប្រគល់ឱ្យសមត្ថកិច្ចខណ្ឌចំការមន យកទៅរក្សាទុក និងចាត់ការតាមនីតិវិធី ចំណែករូបគាត់វិញ (ជនរងគ្រោះ) ក៏មិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ។
~
~
~
~