~
~
ខេត្តកណ្តាល ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ បានធ្វើការឃាត់ខ្លួនចោរលួចម៉ូតូរបស់ពលរដ្ឋម្នាក់ ក្រោយធ្វើសកម្មភាពបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទីព្រឹក នៅចំណុចភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។នគរបាលស្រុកស្អាង បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សុង ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ អ៊ីវ សល់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
~
~
នគរបាលស្រុកស្អាតបានឱ្យដឹងបន្តថា មុនពេលកើតហេតុ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៦និង០០នាទីព្រឹក ជនរងគ្រោះបានចេញពីផ្ទះទៅលក់ដូរ ដោយទុកឲ្យកូនស្រីឈ្មោះ ដែន ដារីន អាយុ១៣ឆ្នាំ នៅផ្ទះ រហូតដល់វេលាម៉ោង០៨និង៣០នាទីព្រឹក ស្រាប់តែមានជនសង្ស័យឈ្មោះ អ៊ីវ សល់ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះចេញទៅបាត់តែម្តង។
~
~
ប្រភពដដែលបន្តថា លុះរហូតដល់វេលាម៉ោង០៨និង៣៥នាទីព្រឹក បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះតាមរយៈទូរស័ព្ទដៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានស្វែងរកឃាត់ខ្លួនជនសង្ស័យ រួមជាមួយនឹងវត្ថុតាងនៅចំណុចផ្ទះរបស់ឈ្មោះ អ៊ីវ សល់ ហើយក៏បានធ្វើការនាំខ្លួនជនសង្ស័យ រួមជាមួយនឹងវត្ថុតាងមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីបន្តនីតិវិធី។
~
~
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ហើយ។
~
~
~
~