~
ភ្នំពេញ៖ ជារឿងហួសចិត្តមួយ ដែលក្មេងស្រីម្នាក់ បានជិះម៉ូតូ បុករថយន្ត HILUX REVO ១គ្រឿង ទើបទិញ មិនទាន់ទាំងធ្វើស្លាកលេខផង។ ម្ចាស់បានបោះសោរប្រគល់រថយន្តឲ្យ រួចទារប្រាក់ ៥ម៉ឺនដុល្លារ។ ទីបំផុត ខាងក្មេងស្រី សង ១០០ដុល្លារ ក៏ត្រូវម្ចាស់រថយន្ត ទទួលយក រួចហែកលុយចោល និងដាក់បណ្ដាសា។
~
~
~
រថយន្តនោះ រងការខូចខាត ដោយក្រពឹតទ្វារ និងបែកកញ្ចក់មើលក្រោយម្ខាង។ ភ្លាមៗនោះ ត្រូវបានម្ចាស់ប្រគល់រថយន្តឲ្យនាងតែម្ដង រួចបានទារប្រាក់ពីនាងចំនួន ៥ម៉ឺនដុល្លារ ដើម្បីយកទៅទិញរថយន្តថ្មីវិញ។
~
~
~
ក្មេងស្រី ដែលជិះម៉ូតូបុកឡាននោះ បានអង្វរម្ចាស់រថយន្ត និងប្រាប់ថា នាងគ្មានប្រាក់ទេ ព្រោះឪពុកម្ដាយនាងក្រ។ តែម្ចាស់រថយន្តខឹងខ្លាំងណាស់ មិនព្រមឡើយ និងដឹងតែទារយក ៥ម៉ឺនដុល្លារនោះប៉ុណ្ណោះ។ ដោយសារទាល់គំនិតរកគិតមិនចេញ គ្មានលទ្ធភាព ទើបនាងអង្គុយស្រែកទ្រហ៊ោយំតែម្ដង។
~
~
~
ប៉ុន្តែក្រោយពេលមានការសម្របសម្រួលគ្នា ខាងក្មេងស្រីជំទង់ មានលទ្ធភាពសងត្រឹម ១០០ដុល្លារ។ ពេលនោះ ខាងភាគីម្ចាស់រថយន្ត ព្រមទទួលយក។ បន្ទាប់មក ក៏ហែកលុយ ១០០ដុល្លារនោះ ចោល និងដាក់បណ្ដាសាទៅលើក្មេងស្រីនោះថា «ឲ្យឯង រលាយខ្សុល ឲ្យឯងជិះទៅងាប់ និងគេបុក» រួចក៏ឡើងជិះរថយន្តចាកចេញទៅបាត់។
~
~
សកម្មភាពរបស់ស្រ្តីម្ចាស់ឡាននោះ បានធ្វើឲ្យមហាជន ហាក់មានការហួសចិត្តគ្រប់ៗគ្នា ដោយអ្នកខ្លះបាននិយាយថា រឿងគ្រោះថ្នាក់ចរាចរណ៍ គ្មាននរណាចង់ឲ្យកើតឡើងទេ ហើយបើជ្រុល ជាទទួលយកលុយបញ្ចប់រឿងហើយ ចាំបាច់ហែកលុយចោល និងដាក់បណ្ដាសាគ្នាធ្វើអីទៀត។
~
~
ឧប្បត្តិហេតុនោះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ត្រង់ចំណុចផ្លូវខ្វែង ស្ថិតនៅក្នុងបុរីពិភពថ្មី ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីជំទង់ខាងលើ បានជិះម៉ូតូម៉ាកហុងដា ប៊ីត ពណ៌ខៀវ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HL-9890 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកចំចំហៀងរថយន្តម៉ាក HILUX REVO ពណ៌ស មិនមានស្លាកលេខ ដែលកំពុងបើកបរធ្វើដំណើរ ក្នុងទិសដៅពីជើង ទៅត្បូង។
~
ប្រភពដដែលបានប្រាប់បន្តថា ពេលនោះ បានបណ្ដាលឲ្យរថយន្តម៉ាក HILUX VIGO នេះ រងការខូចខាត ក្រពឹតទ្វារមុខខាងស្ដាំ និងបែកកញ្ចក់មើលក្រោយចំហៀងខាងស្ដាំ ១ផងដែរ។ ចំណែកឯក្មេងស្រីជំទង់ បានដួលម៉ូតូ រងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរទេ ហើយក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានទាមទារប្រាក់ចំនួន ៥ម៉ឺនដុល្លារ និងប្រគល់រថយន្តទៅឲ្យក្មេងស្រី យកទៅជួសជុល និងប្រើប្រាស់តែម្ដង។
~
~
ប្រភពខាងលើ បានបន្ថែមទៀតថា ម្ចាស់រថយន្តធ្វើបែបនេះ ក៏ព្រោះតែរថយន្តរបស់គាត់ ទើបនឹងទិញពីឃ្លាំងថ្មី ស្រឡាង ពុំទាន់ទាំងធ្វើស្លាកលេខនៅឡើយ ហើយខណៈដែលគាត់បើកចេញពីផ្ទះ យកទៅធ្វើស្លាកលេខ ក៏ជួបរឿងបែបនេះ។
ប៉ុន្តែក្មេងស្រីជំទង់ឯណោះវិញ បានសុំអង្វរឲ្យម្ចាស់រថយន្ត លើកលែងឲ្យ ដោយនាងនិយាយថា នាងគ្មានប្រាក់ទេ ព្រោះឪពុកម្ដាយនាងក្រ។ តែពេលនោះ ម្ចាស់រថយន្ត មិនព្រមឡើយ ដឹងតែទារយក ៥ម៉ឺនដុល្លារ ទើបនាងទាល់គំនិត រកគិតមិនចេញ ហើយអង្គុយស្រែកយំខ្លាំងៗតែម្ដង។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោរ បានចុះទៅកាន់ទីនោះ ហើយបានឱ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា។ លុះក្រោយមក ខាងម្ចាស់រថយន្ត បានចុះថ្លៃពី ៥ម៉ឺនដុល្លារ មកនៅត្រឹម ៤ពាន់ដុល្លារវិញ។
~
~
ប៉ុន្តែក្មេងស្រី បានហៅក្រុមគ្រួសារ ឲ្យមកជួយដោះស្រាយ និងមានលទ្ធភាពត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ ដើម្បីជួយថ្លៃជួសជុលរថយន្ត។ លុះក្រោយពីការចរចាគ្នាយ៉ាងយូរ ទើបខាងស្រ្តី ជាម្ចាស់រថយន្ត ព្រមទទួលយក ១០០ដុល្លារនោះ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែក្រោយពីទទួលយកគាត់បាននិយាយថា ជាលុយក្លែងក្លាយ។ បន្ទាប់មក ក្រុមគ្រួសារគាត់ បានចាប់នាំគាត់ចេញពីកន្លែងកើតហេតុ រួចគាត់ ក៏ហែកលុយនោះចោល និងដាក់បណ្ដាសាទៅក្មេងស្រីជំទង់ ដែលជិះម៉ូតូបុករថយន្តគាត់នោះ ថា «ឲ្យឯង រលាយខ្សុលនិងឲ្យនាងឯង ជិះទៅងាប់ និងគេបុក»។ បន្ទាប់មក ស្ត្រីម្ចាស់ឡាននោះ ក៏ឡើងជិះឡានទៅបាត់ស្រមោល៕ កោះសន្តិភាព
~
~
~