កំពង់ចាម៖ នៅតាមរមណីយដ្ឋាននានា ក្នុងនោះ រួមមាន វត្តនគរបាជ័យ វត្តភ្នំហាន់ជ័យ រមណីយដ្ឋានទឹកឆា ឆ្នេរខ្សាច់កោះប៉ែន និងតំបន់ជាច្រើនទៀត នៅក្នុងខេត្តកំពង់ចាម បានរៀបចំសង្រ្កាន សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលកាន់តែខិតជិតមកដល់។
លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម មានប្រសាសន៍ថា ក្រោយពីខកខានបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ២ឆ្នាំ ដោយសារតែផ្ទុះជំងឺកូវីដ មកដល់ឆ្នាំ២០២២ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានការជួបជុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឡើងវិញ។ ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានស្នើឲ្យអង្គភាពនានា ជុំវិញខេត្ត រួមទាំងរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ ត្រូវរៀបចំតុបតែងលម្អ និងធ្វើសង្ក្រាន ដើម្បីលេងល្បែងប្រជាប្រិយ ក្នុងនោះ មានបោះអង្គុញ ចោលឈូង ទាញព្រ័ត្រ ជាដើម។
ប្រធានមន្ទីរទេសចរណ៍ខេត្ត បញ្ជាក់ថា បើសិនជាភ្ញៀវចង់ទៅលេងរមណីយដ្ឋានកែច្នៃឆ្នេរខ្សាច់កោះប៉ែន គឺអាចធ្វើដំណើរតាមប្រដឹសឫស្សី ពីក្រុងកំពង់ចាម ហើយបើមានរថយន្តវិញ ត្រូវបើកឆ្លងតាមស្ពានកោះប៉ែន។ ពេលដែលត្រឡប់មកវិញ ភ្ញៀវមួយចំនួន បាននាំគ្នាទិញក្រូចថ្លុង ព្រមទាំងផ្លែឈើជាច្រើនទៀត ដែលប្រជាពលរដ្ឋដាំដុះតាមបែបធម្មជាតិ សម្រាប់យកទៅទទួលទាន។
ចំពោះការរំពឹងទុកភ្ញៀវ ដែលមកលេងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លើទឹកដីខេត្តកំពង់ចាម ត្រូវបានលោកប្រធានមន្ទីរ លើកឡើងថា នឹងមានចំនួនកើនឡើងច្រើន ព្រោះដោយសារយើងខានចូលឆ្នាំពីរឆ្នាំមកហើយ។
ចំណែកអ្នកស្រី អាន សុខរស់ អាយុ ៤៣ឆ្នាំ នៅភូមិចុងខ្សាច់ឃុំកោះមិត្ត ស្រុកកំពង់សៀម ប្រាប់ថា គាត់ និងប្ដី ព្រមទាំងកូន បាននាំគ្នាមកលក់ដូរ នៅចំការគ ជាប់នឹងមាត់ទន្លេមេគង្គ ដោយមានលក់ភេសជ្ជៈ ព្រមទាំងមុខម្ហូបខ្មែរជាច្រើនប្រភេទ សម្រាប់ទទួលភ្ញៀវ ដែលមកលេងជារៀងរាល់ថ្ងៃ។ ក្នុងនោះ ចាប់ពីម៉ោង ១រសៀល រហូតដល់ល្ងាច គឺមានមនុស្សមកលេងច្រើន ពិសេសនៅថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មកលេង កាន់តែច្រើនធ្វើឲ្យការលក់ដូររបស់គាត់ ដាច់គ្រាន់បើ សម្រាប់យកថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកស្រី សុខ រស់ ប្រាប់ទៀតថា ចំពោះភ្ញៀវ ដែលមកលេងកន្លែងរបស់គាត់ គឺលក់ឆ្នាំដំបូង គ្រាន់តែមានកន្ទេល សម្រាប់ឲ្យភ្ញៀវអង្គុយលេង។ តែមកដល់ឆ្នាំ២០២២ នេះ គឺមានគ្រែ សម្រាប់ឲ្យភ្ញៀវអង្គុយ ដោយមិនគិតថ្លៃ ចំពោះភ្ញៀវ ដែលចូលមកទិញម្ហូបអាហារ នៅកន្លែងរបស់គាត់ យកទៅទទួលទាន ជាលក្ខណៈគ្រួសារ ឬមានមិត្តភក្តិ មកជាក្រុម។ សម្រាប់តម្លៃមុខម្ហូបវិញ គឺមិនលក់ថ្លៃនោះទេ ទោះបីជាថ្ងៃចូលឆ្នាំ កាន់តែខិតជិតមកដល់យ៉ាងណាក៏ដោយ យ៉ាងច្រើនតម្លៃខុសគ្នា តែបន្តិចបន្តួចប៉ុណ្ណោះ។
ពេលដែលមានភ្ញៀវមកលេងច្រើន នៅចំការគ លោកមេឃុំកោះមិត្ត បានដឹកនាំកម្លាំងប្រជាការពារ រួមទាំងនគរបាលមូលដ្ឋាន មករក្សាការពារសន្តិសុខ ជូនដល់ភ្ញៀវ និងអ្នកលក់ដូរផងដែរ។
ជាមួយនោះ ពេលដែលធ្វើដំណើរតាមដងផ្លូវ និងនៅតាមរមណីយដ្ឋាននានា លោកប្រធានមន្ទីរ អំពាវនាវសូមឱ្យមានការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម នឹងមានប្រជាការពារ និងកម្លាំងនគរបាល ប្រចាំការនៅទីនោះ ដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ជូនពររដ្ឋ។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានមន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ ៣កុំ ៣ការពារ ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងជំងឺកូវីដ១៩។
ក្រៅពីនោះ កម្លាំងស.ស.យ.ក សហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏នឹងដឹកនាំលេងល្បែងប្រជាប្រិយ នៅតាមសាលារៀន និងតាមវត្ត នៅក្នុងខេត្តកំពង់ចាម ដើម្បីឱ្យយើងម្នាក់ៗ ចងចាំពីប្រពៃណីរបស់ជាតិខ្មែរ មិនអាចបំភ្លេចបាននោះទេ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕ ប្រភព៖ កោះសន្តិភាព