ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងចូលមកដល់នាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមេសានេះហើយ ដែលជាទូទៅចូលឆ្នាំខ្មែររាល់ឆ្នាំ ត្រូវនឹងខែចែត្រក្តៅខ្លាំង ហើយតាមចំណាំគឺពលរដ្ឋតែងនាំគ្នាទៅវត្ត តែនៅក្នុងឆ្នាំខាល ២០២២ នេះ សភាពការណ៍ហាក់ប្រែប្រួល ពីក្តៅខ្លាំងទៅជាមានភ្លៀងផ្គរនិងលាយឡំដោយរន្ទះថែមទៀតផង ។
យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចេញផ្សាយនាថ្ងៃទី ១២ ខែមេសានេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ ដែលចំនឹងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅធម្យម ប៉ះនិងស៊ីតុណ្ហភាពផ្ទៃដីឡើងកំដៅ (ហប់) បង្កើតបានជាបាតុភូតទែម៉ូឌីណាមិច (Thermodynamic) ដូច្នេះ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមេសា ស៊ីតុណ្ហភាពអតិបរិមានិងភ្លៀងក៏នឹងចុះថមថយបន្តិចវិញផងដែរ ។
ក្នុងស្ថានភាពបែបនេះ នឹងធ្វើឱ្យ ៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ស៊ីតុណ្ហភាពអប្បបរមាមានពី ២៤-២៧ អង្សាសេ និង «ចន្លោះពីថ្ងៃទី ១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់» ៕