~
លំនៅឋានមួយខ្នងដែលមានទំហំ៦គុណនឹង៧ម៉ែត្រ សាងសង់អំពីឈើក្រាលក្តារ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្គសី ត្រូវបានអគ្គិភ័យលេបត្របាក់ហ្មត់ បណ្តាលឱ្យឪពុកនិងកូន២នាក់របួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
~
~
ជនរងគ្រោះទាំង២នាក់ឪពុកនិងកូនខាងលើ ដែលជាម្ចាស់ផ្ទះឈ្មោះម៉េត ឡុង ភេទប្រុសអាយុ៦៦ឆ្នាំ (ឪពុក) និងកូនម្នាក់ទៀតឈ្មោះ ឡុង ពៅ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
~
~
បើតាមសម្តីទាំង២នាក់ឪពុកនិងកូន បានអះអាងប្រាប់ថា មុនពេលកើតហេតុ ខ្លួនបានជក់បារីរួចហើយក៏បានបោះកន្ទុយបារីទៅទើលើពូកដេក ហើយក្រោយមកស្រាប់តែមានចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ោងសន្ធោសន្ទៅឡើងតែម្តង ។ គ្រានោះខ្លួនក៏បានស្រែកហៅឱ្យអ្នកភូមិ រួមទាំងសមត្ថកិច្ចជួយពន្លត់ដែរ ប៉ុន្តែមិនរលត់នោះទេ ដោយសារតែអំណាចភ្លើងឆាបឆេះខ្លាំងពេក ទើបមិនអាចជួយពន្លត់បានភ្លាមៗ។
~
~
ទាក់ទិននឹងហេតុការណ៍ខាងលើនេះ បើតាមអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា ក្រោយពីកើតហេតុ កម្លាំងអាវុធហត្ថស្រុក រួមទាំងកម្លាំងប្រជាការពារ និងពលរដ្ឋអ្នកភូមិ បាននាំគ្នារត់ទៅជួយពន្លត់អគ្គិភ័យដែរ តែមិនរលត់ឡើយ រហូតភ្លើងឆាបឆេះហ្មត់តែម្តង ទើបអណ្តាតភផ្លើងរលត់ទៅវិញ។
~
~
អាវុធហត្ថស្រុកអន្លង់វែង ក៏បានបញ្ជាក់ដែរថា ចំណែកទំហំនៃការខូចខាតទ្រព្យសម្បត្តិ មានដូចជា ៖ ផ្ទះទំហំ៦x៧ម៉ែត្រធ្វើពីឈើប្រក់សង្គ័សី, ជង្រុកស្រូវទំហំ៥x៣ម៉ែត្រ, គោយន្តកន្ត្រៃ១គ្រឿង, ម៉ូតូម៉ាកវេវ ស៊េរី០១៦ មួយគ្រឿង, ម៉ាស៊ីនបោកខោអាវ១គ្រឿង, ម៉ាស៊ីនកាត់ស្មៅ១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំ១គ្រឿង, ស្រូវ២តោន, លុយ៦០ម៉ឺនរៀល ចំណែកជនរងគ្រោះទាំង២នាក់ឪពុកនិងកូនវិញ ត្រូវបាននាំទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យស្រុកអន្លង់វែងផងដែរ ៕ ប្រភព៖ កោះសន្តិភាព
~
~
~
~