~
សៀមរាប ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តបុកជនរងគ្រោះពីក្រោយ បណ្តាលឱ្យដួលនៅលើដងផ្លូវ ហើយរថយន្តបង្កនោះក៏បានបើករថយន្តត្រឡប់ក្រោយមកកិនជាន់ពី លើជនរងគ្រោះទៀត បណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយក៏រត់គេចខ្លួនបាន២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនបាន រួចបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ចរាចរណ៍។
~
~
ហេតុការណ៍ឃាត់ខ្លួនជនបង្កខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅផ្ទះរបស់ជនបង្ក ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
~
~
បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនបាននោះមានឈ្មោះ អ៊ឹង គីមហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុក-ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នរស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដែលប្រព្រឹត្តិអំពើល្មើសករណីឃាតក.ម្ម (គ្រោះថ្នាក់ចរាចរណ៍បុកមនុស្សឱ្យស្លា.ប់) កាលពីម៉ោង២៣និង៤០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពានវត្តកុងម៉ុច ឬស្ពានប៊ីឡាញ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀម រាប ក្រុង-ខេត្តសៀមរាប ។
~
~
ប្រភពដដែលបន្តថា មុនកើតហេតុ គឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ប្រផះ ពាក់ស្លាកលេខ សៀមរាប 2B:9699 បានបើកបុកជនរងគ្រោះពីក្រោយ បណ្តាលឱ្យដួលនៅលើដងផ្លូវ ហើយរថយន្តបង្កនោះក៏បានបើកត្រឡប់មកកិនជាន់ពីលើជនរងគ្រោះបន្ថែមទៀតបណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។
ប្រភពដដែលបានបញ្ជាក់ថា សា.កស.ពជនរងគ្រោះមានឈ្មោះ ហឿន លន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
~
~
ប្រភពដដែលបានបញ្ជាក់ទៀតថា តាមការស្តាប់បំភ្លឺរបស់សាក្សីឈ្មោះ ឈាន ស្រីលីន ភេទស្រី អាយុ២១ឆ្នាំ មុខរបរម៉ាស្សា និងឈ្មោះ ពេស ដាលីន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរម៉ាស្សា បានបញ្ជាក់ប្រហាក់ប្រហែលគ្នាថា នៅវេលាម៉ោង២៣និង៤០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ពួកខ្លួនទាំងពីរនាក់កំពុងអង្គុយធ្វើការនៅកន្លែងម៉ាស្សាទល់មុខទីតាំងកន្លែងកើត ហេតុ ស្រាប់តែឃើញមានរថយន្តធុនធំប្រភេទដឹកទំនិញ១គ្រឿង បើកក្នុងទិសដៅពីលិចទៅកើត បានស៊ីញ៉ូអែបកៀនទៅខាងស្តាំដៃ រួចឈប់នៅខាងលិចហាងម៉ាស្សារបស់ពួកខ្លួនប្រហែល៨ម៉ែត្រ ហើយមានមនុស្សប្រុសជាអ្នកបើកបរបានចុះពីលើរថយន្ត ។
~
~
ប្រភពដដែលបន្តទៀតថា គ្រានោះ ស្រាប់តែមានរថយន្ត១គ្រឿងទៀត បើកក្នុងល្បឿនលឿនទៅបុកមនុស្សប្រុសខាងលើ ចំពីក្រោយបណ្តាលឱ្យខ្ទាតប្រហែល១០ម៉ែត្រទៅកណ្តាលទ្រូងថ្នល់បេតុង ។ ចំណែករថយន្តបង្កនោះក៏បានបន្តដំណើទៅមុខ តែត្រូវឈ្មោះ ឈាន ចរន្ត ភេទប្រុស ជាថៅកែម៉ាស្សាពួកខ្លួនបានស្រែក និងបក់ដៃហៅ ទើបជនបង្កនោះបានបើករថយន្តត្រឡប់ក្រោយវិញ ហើយទម្លាក់កញ្ចក់ចុះ តែមិនពន្លត់ម៉ាស៊ីននោះទេ ហើយបានស្រែកតបមកពួកខ្លួនថា «គេមិនបានខុសអីទេ» បន្ទាប់មកជនបង្កក៏បានបើករថយន្តទៅកិនលើជនរងគ្រោះចំពាក់កណ្តាលខ្លួនបន្ថែមទៀត បណ្តាលឱ្យស្លា.ប់ភ្លាមៗ ហើយក៏បើករថយន្តគេចខ្លួនទៅទិសខាងលិចបាត់តែម្តងទៅ។
គួរបញ្ជាក់ថា តាមការពិនិត្យទៅលើរូបថត និងវីដេអូ ដែលសាក្សីទាំងពីរខាងលើ បានថតតាមរយៈទូរស័ព្ទដៃនោះ រថយន្តបង្ក គឺម៉ាក FORD RANGER ពណ៌ប្រផះ ពាក់ស្លាកលេខសៀមរាប 2B:9699។ ហើយក្រោមកិច្ចប្រតិបត្តិការ យើងក៏បានកំណត់អត្តសញ្ញាណជនបង្កគឺមានឈ្មោះ អ៊ឹង គីមហុង ។
~
បន្ទាប់មកនៅម៉ោង១១និង៣០នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ កម្លាំងយើងបាននាំខ្លួនជនសង្ស័យរូបនេះមកធ្វើការសាកសួរ ដោយឈ្មោះ អ៊ឹង គីមហុង បានឆ្លើយសារ ភាពថា កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ រូបខ្លួន និងមិត្តភក្តិម្នាក់ទៀតឈ្មោះ ស្រ៊ុន (មិនស្គាល់ត្រកូល) ភេទប្រុស បានចូលទៅផឹកស៊ីនៅហាងមួយមិនចាំយីហោ ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។
លុះដល់ម៉ោង២៣និង១០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដោយពួកខ្ញុំស្រវឹងស្រារៀងៗខ្លួន ក៏បានឈប់ផឹក ហើយរូបខ្លួនបានឡើងបើករថយន្តផ្ទាល់ខ្លួនតែម្នាក់ឯងមានម៉ាក FORD RANGER ចង្កូតឆ្វេង ស៊េរីឆ្នាំ២០១៧ ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប 2B:9699 ឡើងចេញមកផ្លូវក្រវ៉ាតក្រុង លុះដល់កន្លែងកើតហេតុ ស្រាប់តែជួបជាមួយរថយន្តប្រភេទដឹកទំនិញ ១គ្រឿង ម៉ាក HYUNDAI ពណ៌ស (មិនចាំស្លាកលេខ) បានស៊ីញ៉ូអែបកៀននៅលើចិញ្ចើមផ្លូវខាងស្តាំដៃ ដែលមនុស្សប្រុសម្នាក់ជាអ្នកបើកបរបានចុះពីលើរថយន្តនោះភ្លាម ធ្វើឱ្យរូបខ្លួនចាប់ហ្វាំងមិនទាន់ ក៏បើកទៅបុកកោសរថយន្តខាងលើ និងបន្តបុកបុរសជាអ្នកបើកបរនោះពី ក្រោយមួយទំហឹង បណ្តាលឱ្យបុរសនោះខ្ទាតទៅខាងមុខចម្ងាយប្រហែល៣ទៅ៥ម៉ែត្រដួលសន្លប់នៅផ្លូវប៉េតុង។
~
~
ជនសង្ស័យរូបនេះសារភាពបន្តថា រថយន្តខ្លួនក៏បន្តល្បឿនទៅមុខប្រហែល៥០ទៅ៦០ម៉ែត្រ ហើយខ្លួនក៏បត់មកក្រោយវិញ ក្នុងគោលបំណងមកជួយសង្គ្រោះជនរងគ្រោះ តែដោយសារខ្លួនមានអារម្មណ៍ភ័យស្លន់ស្លោ ណាមួយនៅកន្លែងកើតហេតុជាទីងងឹតផង ទើបខ្លួនមើលមិនឃើញជនរងគ្រោះ ហើយក៏បើកទៅបុកប៉ះចំពីលើជនរងគ្រោះបន្ថែមទៀតទាំងមិនដឹងខ្លួន ក្នុងពេលនោះខ្លួនទំលាក់កញ្ចក់រថយន្តចុះ តែមិនបានពន្លត់ម៉ាស៊ីនរថយន្តទេ ហើយក៏បានតបទៅមនុស្ស ប្រុស-ស្រីនៅទីនោះថា «ខ្ញុំមិនបានខុសអីទេ គឺជនរងគ្រោះជាអ្នកដើរមកចូលឡានខ្ញុំដោយខ្លួនឯង» បន្ទាប់មកក៏បើករថយន្តចេញពីកន្លែងកើតហេតុ ព្រោះភ័យខ្លាចប្រជាលរដ្ឋនៅទីនោះប្រើហិ.ង្សាមកលើរូបខ្លួន។
~
~
បច្ចុប្បន្ន ជនសង្ស័យ និងរថយន្ត ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ហើយត្រូវបានតំណាងអយ្យការ ឱ្យយកទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕ ប្រភព៖ កោះសន្តិភាព
~
~