~
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើក វេទិកាសេដ្ឋកិច្ចកម្រិតខ្ពស់ បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងមានការចូលរួមពីតំណាង វិស័យសាធារណៈ និងវិស័យឯកជនជាង១៣០នាក់ និងក្រុមហ៊ុនអន្តរជាតិហ្វ្រង់កូហ្វូនីជិត ៧០ក្រុមហ៊ុន។
~
~
សេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះបានបញ្ជាក់ថា វេទិកានេះផ្តោតជាសំខាន់ទៅលើវិស័យចម្បងៗចំនួន៣ គឺវិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម ព្រមទាំងមានរៀបចំជាជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនហ្រ្វង់កូហ្វូនីផងដែរ។
~
~
ថ្លែងក្នុងឱកាសនៃវេទិកាសេដ្ឋកិច្ចកម្រិតខ្ពស់នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហ្វ្រង់កូហ្វូនី ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍។
~
~
~
អ្នកឧកញ៉ា ប្រធាន គូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ហើយសភាពាណិជ្ជកម្មកម្ពុជា តែងតែបានចូលរួមគាំទ្រដល់សកម្មភាពនានា របស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី សំដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា ជាមួយប្រទេសហ្វ្រង់កូហ្វូនី ជាពិសេសការតភ្ជាប់ក្រុមហ៊ុនកម្ពុជា ជាមួយក្រុមហ៊ុនហ្វ្រង់កូហ្វូនី។
~
~
ក្នុងនោះ សភាពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីចំនួន២លើក។ សិក្ខាសាលាលើកទី១ ប្រព្រឹត្តទៅនាថ្ងៃទី៧ ខែធ្នូឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង សិក្ខាសាលាលើកទី២ ប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅ អេក្វាសិន ផាក (Aquation Park) កោះពេជ្រ។
~
អ្នកឧកញ៉ាប្រធាន បានជម្រាបជូនគណៈប្រតិភូហ្វ្រង់កូហ្វូនី អំពីវិស័យសក្តានុពលនានារបស់កម្ពុជា កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងទៅនេះ និងបានលើកឡើងអំពីវិធានការដ៏ត្រឹមត្រូវ និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចនិងធុរកិច្ច។
~
~
លើសពីនេះទៅទៀតកម្ពុជា មានទីផ្សារទូលំទូលាយ និងមានទីតាំងភូមិសាស្ត្រអំណោយផលស្ថិតនៅចំកណ្តាលអាស៊ាន ដែលផ្តល់នូវកាលនុវត្តភាពធុរកិច្ច ជាមូលដ្ឋានផលិតកម្ម និងនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោក ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP) កិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងសេរីកម្ពុជា-កូរ៉េ និងក្របខណ្ឌអនុគ្រោះពន្វផ្សេងទៀត ទៅកាន់សហរដ្ឋអាមរិកនិងសហគមន៍អឺរ៉ុប។
ក្នុងឱកាសនៃវេទិកាសេដ្ឋកិច្ចកម្រិតខ្ពស់នេះ ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សរណយោគយល់ចំនួន៣ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនៃប្រទេសហ្វ្រង់កូហ្វូនី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី៖
~
~
១៖ អនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មបេណាំង (Benin)
២៖ អនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាហ្វ្រិកខាងលិច
៣៖ អនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូដឹវ័រ (Côte d’Ivoire)៕
~
~
~
~
~