~
ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អគារខុនដូកំពស់៣២ជាន់ត្រូវបានអគ្គិភ័យឆាបឆេះប្រអប់ភ្លើងពីជាន់ទី១៦ រហូតដល់ជាន់ទី៣១ អស់ទាំងស្រុង បង្កអោយជាប់មនុស្សជាង៣០នាក់ ហើយត្រូវបានក្រុមកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យចេញអន្តរាគមន៍ និងជួយរំដោះមនុស្សចេញពីខុនដូទាន់ពេលវេលាផងដែរ គ្រាន់តែបណ្តាលឱ្យរងរបួសស្រាល៣នាក់តែម្តង ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅក្នុងចំណុចខុនដូយីហោ «ដាយមិនធ្វីនថោវើ» ចំណុចបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងភូមិ១៤ ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
~
~
សេចក្តីរាយការណ៍បន្តថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ដា បូរ៉ាពេជ្រ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរម្ចាស់អគារ ជាប្រភេទសំណង់ ដែលឆាបឆេះសាងសង់ពីថ្មបេតុងមានទំហំ៧០ម៉ែត្រx១០០ម៉ែត្រ មានកំពស់៣២ជាន់ ។
~
~
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គឺមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចថា មានឃើញហុយផ្សែងចេញពីអគារខុនដូខាងលើ តែមិនដឹងថា ចេញពីអគារជាន់ទីប៉ុន្មាននោះទេ? ដោយសារតែផ្សែងហុយខ្មួលខ្មាញ់ខ្លាំងពេក ទើបពួកគាត់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយរថយន្ដពន្លត់អគ្គីភ័យ ចេញអន្តរាគមន៍ចំនួន៤១គ្រឿង តែរថយន្តពន្លត់អគ្គិភ័យទាំងអស់មិនបានប្រើប្រាស់ទឹកនោះទេ ។ ហើយក្នុងនោះក៏មានរថយន្តការិយាអគ្គិភ័យចំនួន២៥ គ្រឿង រថយន្តជំនួយអន្តរាគមន៍ពន្លត់ រួមមាន៖ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន២គ្រឿង រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន៧គ្រឿង រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន៥ គ្រឿង រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន២គ្រឿង ។
~
~
~
~
សមត្ថកិច្ចបានបន្តទៀតថា ក្នុងករណីខាងលើនេះ កម្លាំងពន្លត់អគ្គិភ័យមិនបានប្រើប្រាស់ទឹក ក៏ពិតមែន តែកម្លាំងជំនាញរបស់ខាងបង្ការ និងពន្លត់អគ្គិភ័យរបស់ការិយាល័យ បានបំពាក់អ៊ុកស៊ីហ្សែន ដើម្បីឡើងទៅជួយរំដោះមនុស្សដែលជាប់នៅជាន់ទី៣២ បានជាង៣០នាក់ ក្នុងនោះមានអ្នករងរបួសស្រាលចំនួន៣នាក់ គឺក្មេងប្រុសម្នាក់ ក្មេងស្រីម្នាក់ និងស្ត្រីម្នាក់ តែមិនបណ្ដាលឱ្យឆេះរាលដាលដល់បន្ទប់របស់បងប្អូនប្រជាពលរដ្ឋនោះទេ គឺគ្រាន់តែខូចប្រអប់ភ្លើងចាប់ពីជាន់ទី១៦ រហូតដល់ជាន់ទី៣១ ទាំងស្រុង ចំពោះមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ទៀត ដើម្បីអោយដឹងមូលហេតុពិតប្រាកដ ។
~
~
ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានអោយជួយរំដោះមនុស្សបានដោយជោគជ័យ និងបញ្ចប់ភារៈកិច្ចនៅវេលាម៉ោង៧យប់ថ្ងៃដដែល ៕ ប្រភព៖ កោះសន្តិភាព
~
~