~
~
លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានសម្រចឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(ចេញស្អែកស្អុយ) ទៅលើទឹកប្រាក់ប្រមាណ២៥ម៉ឺនដុល្លារអាមេរិក ។
~
~
ជនសង្ស័យខាងលើមានឈ្មោះ ជា លាងនី អាយុ៥២ឆ្នាំ មុខរបរជាអាជីវករ ស្នាក់នៅផ្ទះលេខ៦១៣ ផ្លូវជាតិ១ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើពាក្យបណ្ដឹងរបស់ឈ្មោះ ឡាយ គឹមហុង ភេទប្រុស អាយុ៣២ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅផ្ទះលេខ២០៣ E0 ផ្លូវ១០៧ ស្ថិតក្នុងភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
~
~
~
ដើមចមនៃការឃុំខ្លួនស្ត្រីខាងលើនេះ ត្រូវបានគេដឹងថា កាលពីដើមឆ្នាំ២០២១ ស្ត្រីជាជនសង្ស័យបានខ្ចីប្រាក់ពីដើមបណ្តឹងជាបន្តបន្ទាប់រហូតដល់ទៅ២៥ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនបង្កើតមុខរបររកស៊ីចិញ្ចឹមជីវិត ដោយសន្យាឲ្យការប្រាក់ និងសងវិញគ្រប់ចំនួន ។
~
~
ប៉ុន្តែនៅពេលទទួលបានប្រាក់ពីដើមបណ្តឹងហើយ ជនសង្ស័យមិនបានគោរពតាមកិច្ចសន្យានោះទេ និងបានព្យាយាមគេចវេសពីបំណុលនេះថែមទៀតផង ។ដោយឃើញទង្វើជនសង្ស័យមានគំនិតទុច្ចរិតដូច្នេះ ទើបដើមបណ្តឹងបានណាត់ជួបជនសង្ស័យ ហើយកំណត់ពេលវេលាក្នុងការសងប្រាក់ ទើបពេលនោះជនសង្ស័យបានប្រើប្រាស់មូលប្បទានបត្រចំនួន២សន្លឹក ដែលមានទឹកប្រាក់ចំនួន២៥ម៉ឺនដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹង ដើម្បីឲ្យមានការជឿទុកចិត្ត លុះដើមបណ្តឹងយកសែកនោះទៅបើកប្រាក់ពីធនាគារ ស្រាប់តែខាងធនាគារឆ្លើយតបមកវិញថា ជាសែកគ្មានសាច់ប្រាក់ ។
~
~
ក្រោយពីដឹងថា សែកអត់លុយហើយ ដើមបណ្តឹងបានព្យាយាមទាក់ទងទៅជនសង្ស័យ ដើម្បីឲ្យដោះស្រាយរឿងសែកស្អុយនោះ និងឱ្យសងប្រាក់តាមសន្តិវិធី តែជនសង្ស័យមិនព្រមជួបទេ និងបិទទូរស័ព្ទផ្តាច់ការទំនាក់ទំនងទៀត ក៏បានធ្វើឲ្យដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចឲ្យជួយចាត់ការទៅលើជនសង្ស័យតាមផ្លូវច្បាប់តែម្តងទៅ ៕ ប្រភព៖ កោះសន្តិភាព
~
~