~
ប្តីប្រពន្ធគថ្លង់មួយគូបង្កើតមុខរបរចិញ្ចឹមសត្វផ្គត់ផ្គង់ជីវភាពបានប្រសើរ
~
ខេត្តស្វាយរៀង ៖ មហាជនកោតសរសើរប្តីប្រពន្ធគថ្លង់មួយគូបង្កើតមុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារបានល្អប្រសើរចេះតស៊ូរៀនអក្សរ លេខនិពន្ធ និងជំនាញ ដើម្បីប្រកបមុខរបរផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរជាមធ្យម ។នៅព្រឹកថ្ងៃទី៨ កក្កដា ២០២២ កោះសន្តិភាពបានទៅជូបសម្ភាសបុរស់ឈ្មោះ សៅ វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ គថ្លង់ មានប្រពន្ធឈ្មោះសុខ កាន អាយុ២៥ឆ្នាំ និយាយមិនច្បាស់ (ទឡាន់)ថ្លង់ រស់នៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ប្រកបមុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសាររួមមាន៖ ជ្រូកមេ០៥ក្បាល ក្នុងនោះមេជ្រូក១ក្បាលមានកូនតូច០៨ក្បាល និងចិញ្ចឹមកូនជ្រូកយកសាច់ចំនួន៤៥ក្បាល ។
~
~
មេគោ ៤ក្បាល មានកូន៤ក្បាល សត្វទាចំនួន៥០ក្បាល សត្វ មាន់៤៥ក្បាល និងចិញ្ចឹមកង្កែបជាង៤០០ក្បាល ហើយក្រៅពីការចិញ្ចឹមសត្វ គឺមុខរបរមួយទៀតធ្វើជាជាងកាត់សក់ផងដែរ ។ បើតាមស្ត្រីឈ្មោះ នន់ សុខុម អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់បុរស់ គថ្លង់បានប្រាប់កោះសន្តិភាពថា គាត់ជាស្ត្រីមេម៉ាយ មានកូន០៣នាក់ ស្រីម្នាក់បានរៀបការអស់ហើយ ចំពោះកូនប្រុសឈ្មោះ សៅ វណ្ណៈ ដែលគ ហើយថ្លង់នេះ គឺជាកូនច្បង កាលពីមានអាយុ១៤ឆ្នាំ ត្រូវបានអង្គការជនពិការគថ្លង់យកទៅបង្រៀនអក្សរ និងលេខពន្ធ នៅរាជធានីភ្នំពេញ សាលាភាសាគរហូតចេះមើលអក្សរ និងសរសេរអក្សចេះលេខចេះបូកលេខ ដកលេខ គុណចែក និងចេះប្រើកាស្យូ ស្ទាត់ជំនាញរហូត អាយុ២២ឆ្នាំ អង្គការគថ្លង់បានឲ្យជ្រើសរើសជំនាញ វណ្ណៈបានជ្រើសរើសជំនាញកាត់សក់ អាយុ២៤ឆ្នាំ បានសុំអង្គការចេញមកផ្ទះស្រុកកំណើតបើកតូបកាត់សក់ អង្គការជនពិការគថ្លង់បានសង់តូបឲ្យ និងទិញឧបករកាត់សក់ឲ្យមួយកំប្លេប្រកបមុខរបរ ក្រោយមកបានសន្សំប្រាក់ពីការកាត់សក់យកទៅទិញកូនជ្រូក២ក្បាល ចិញ្ចឹម ជ្រូកមេពូជយកកូន ខណៈនោះអង្គការឃើញវណ្ណៈចង់ចិញ្ចឹមជ្រូក ក៏បានផ្តល់ទុនធ្វើទ្រុង និងចាក់សាប និងបង្រៀនបច្ចេកទេសជំនាញចិញ្ចឹមសត្វ វណ្ណៈបានសុំអង្គការប្រកបមុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ចិញ្ចឹមមាន់ ទា ទេស និងចិញ្ចឹមគោ ដាំបន្លែ ។
~
~
អង្គការជនពិការគថ្លង់កម្ពុជា ក៏បានគាំទ្រផ្តល់ទុន និងផ្តល់ជំនាញដល់វណ្ណៈរហូត វណ្ណៈអាចដំណើរការអនុវត្តន៍វិស័យកសិកម្មកសិដ្ឋានខ្នាតតូចលក្ខណៈគ្រួសារបានជោគជ័យ ។ នៅឆ្នាំ២០២២នេះវណ្ណៈ បានរៀបការប្រពន្ធឈ្មោះ សុខកាន អាយុ២៥ឆ្នាំ ដែលជានារីម្នាក់ទុំឡាន់ និយាយមិនច្បាស់ និងថ្លង់ មកដល់ពេលនេះនាងមានផ្ទៃពោះ០៦ខែ កូនដំបូង ហើយពីនាក់ប្តីប្រពន្ធបានប្រឹងប្រែងធ្វើការប្រកបមុខរបរគ្មានទំនេរឡើយ គឺកាត់សក់ និងចិញ្ចឹមសត្វជាកសិដ្ឋានខ្នាតតូចលក្ខណៈគ្រួសារបានប្រសើរធ្វើឲ្យមហាជនកោតសរសើរជាមនុស្សឧស្សាហ៍ព្យាយាម ។ហើយបច្ចុប្បន្ននេះបន្ថែម ចិញ្ចឹមកង្កែប០៣អាង ស្មើជាង៤០០ក្បាលទៀត ។
~
~
ទទឹមការជោគជ័យ នេះដែរ ម្តាយវណ្ណៈ បាននិយាយថា ប៉ុន្មានឆ្នាំចុងក្រោយនេះការលក់កូនជ្រូកបានតម្លៃថោកពីមុនកូវីដ គឺកូនជ្រូក១ក្បាល តម្លៃ១០០ដុល្លារ បច្ចុប្បន្នកូនជ្រូកគ្មានទីផ្សារអ្នកទិញឲ្យតម្លៃថោកដូច្នេះសម្រេចមិនលក់ទុកចិញ្ចឹមយកសាច់វិញ ដោយជ្រូកសាច់ ជ្រូករស់១គីឡូតម្លៃ១២,០០០រៀល ។ ហើយការចិញ្ចឹមគឺឲ្យចំណីធម្មជាតិ ទីញកន្ទក់និងបបរបន្លែ ទិញចំណីបំប៉នបន្តិបន្តួចប៉ុណ្ណោះ ៕
~
~
~
~
~