~
~
ជារៀងរាល់ថ្ងៃ គេសង្កេតឃើញមានក្មេងខ្លះ ត្រូវបានឪពុកម្តាយមិនអនុញ្ញាតឱ្យជួយធ្វើការងារអ្វីនោះទេ គឺត្រឹមតែឱ្យប្រឹងប្រែងខិតខំរៀនសូត្រតែប៉ុណ្ណោះ។ ប៉ុន្តែពួកគេមិនត្រឹមតែមិនប្រឹងប្រែងរៀនសូត្រនោះទេ ថែមទាំងចាយថវិកាឪពុកម្តាយផ្តល់ឱ្យ ហើយនាំគ្នាដើរលេងសេពគប់ជាមួយមិត្តភក្តិមិនល្អ ភ្លេចការរៀនសូត្រ ធ្វើឱ្យខូចអនាគតថែមទៀតផង។ចំណែកឯក្មេងៗមួយចំនួនទៀត រស់នៅក្នុងគ្រួសារមានជីវភាពក្រីក្រ ខ្វះខាតមុខក្រោយ ដោយនាំគ្នាដើរលក់នំ ឬបន្លែ ដើម្បីជួយរកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសល់តិចតួច យកទៅរៀនសូត្រ ដើម្បីបានចំណេះដឹងសម្រាប់អនាគត ទាំងត្រដាបត្រដួស។ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ មានក្មេងប្រុសម្នាក់ឈ្មោះ សួន ដេវីត ភេទប្រុស អាយុជាង១៣ឆ្នាំ បានដើរទូលកញ្ច្រែងបន្លែត្រកូន និងបន្លែក្រអៅឈូក ដើរលក់តាមភូមិម្នាក់ឯង ចាប់តាំងពីព្រឹក រហូតដល់ថ្ងៃត្រង់ ទើបចូលផ្ទះទទួលទានអាហារ រួចចេញទៅរៀនបន្តទៀត។
~
~
បើតាមការរៀបរាប់ពីកុមារាខាងលើ បានឱ្យដឹងទាំងទឹកមុខស្រពោនថា ៖ រូបគេមានបងប្អូនចំនួន៤នាក់ ទី១- ឈ្មោះ ចន ភេទប្រុស អាយុ២០ឆ្នាំ ឈប់រៀន, ទី២- ឈ្មោះ តាល់ ភេទស្រី អាយុ១៨ឆ្នាំ ឈប់រៀន ទី៣- គឺរូបគេ ជាសិស្សរៀនថ្នាក់ទី៤ នៃសាលាបឋមសិក្សាប៉ាហ៊ី និងទី៤- ប្អូនប្រុសពៅម្នាក់ទៀត ហើយមានម្តាយឈ្មោះ នូ សុភា អាយុជាង៤០ឆ្នាំ និងឪពុកឈ្មោះ វ៉ិត អាយុជាង៤០ឆ្នាំ (ស្លា.ប់) រស់នៅក្នុងភូមិទឹកថ្លា សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ប្រភពដដែលបន្តទៀតថា ក្រោយពីឪពុកស្លា.ប់ចោលដោយសារបញ្ហាជំងឺរោគា បងប្រុសស្រី២នាក់ ត្រូវបានបង្ខំចិត្តឈប់រៀន
~
~
ដើម្បីស្វែងរកការងារធ្វើ ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ នៅសល់តែរូបគេជាកូនទី៣ បន្តរៀនសូត្ររហូតដល់ថ្នាក់ទី៤ ហើយមិនដឹងជាអាចមានលទ្ធភាពរៀនសូត្រដល់ថ្នាក់ទីប៉ុន្មាននោះទេ។ប្រភពដដែលបន្តថា ការដើរលក់បន្លែត្រកួន និងបន្លែផ្សេងៗ ដើម្បីរកថវិកាយកទៅរៀនសូត្រនេះ ជួនកាលលក់ដាច់អស់យកទៅឱ្យម្តាយទិញអង្ករ និងម្ហូប លុះពេលដល់ម៉ោងទៅរៀន ម្តាយឱ្យប្រាក់ចំនួន៥០០ទៅ១០០០រៀល ដើម្បីយកទៅទិញនំចំណីហូបនៅសាលារៀន ពេលឃើញសិស្សដទៃហូប កុំឱ្យអង្គុយមើលមុខគេ ព្រោះពេលឃើញគេហូបនំចំណីម្តងៗ រូបគេតែងតែងាកមុខចេញ បើមានលុយរត់ទៅទិញមកហូបដែរ។
~
~
ប្រភពដដែលបន្តទៀតថា លើសពីនេះ ម្តាយរបស់ខ្លួនអត់បានធ្វើការងារអ្វីទេ ព្រោះជាប់រវល់មើលប្អូនប្រុសតូចពៅ ហើយរូបគេជួនកាលលើកបន្លែពីអ្នកដទៃទៅលក់ដូរនៅក្បែរៗផ្សារជាមួយនឹងជីដូនចំណាស់របស់ខ្លួនម្នាក់ដែរ។
ក្មេងប្រុសខាងលើ បានបញ្ជាក់ទៀតថា ស្ថិតក្នុងជីវភាពខ្សត់ខ្សោយ រវល់តែដើរលក់ដូរបន្លែនៅតាមភូមិ មិនសូវមានពេលមើលមេរៀនទេ ហើយរូបគេក៏រៀនមិនពូកែដែរ ដោយរៀនជាប់លេខ២០ឡើង ព្រោះខ្វះខាតថវិការៀនគួរ ណាមួយរៀនមិនសូវយល់ ព្រោះគិតតែពីការដើរលក់បន្លែច្រើនជាង។ តែទោះបីជាយ៉ាងណា រូបគេប្តេជ្ញាចិត្តខិតខំរៀនសូត្រ ទោះបីជារៀនមិនពូកែ ដើម្បីមានដើមទុនសម្រាប់អនាគត មិនឱ្យភាពក្រីក្របន្តអូសបន្លាយដូចក្រុមគ្រួសាររបស់គេបច្ចុប្បន្ននេះឡើយ៕
~
~
~
~
~