~
មនុស្សពីរនាក់ស្រលាញ់គ្នា រមែងតែងតែចង់រស់នៅជាមួយគ្នាជាប្តីប្រពន្ធយ៉ាងមានក្តីសុខ។ ក្តីសុខទាំងនោះ អាចកើតឡើងបាន លុះត្រាណាអ្នក ចេះសង្កេតមើលអត្តចរិតដៃគូឲ្យបានច្បាស់លាស់ ហើយបើអាច សូមជៀសឲ្យផុតពី មនុស្សទាំង ១១ ប្រភេទខាងក្រោមនេះ ៖
~
១. រិះគន់ឥតឈប់ឈរ គេទើសសព្វគ្រប់ នូវរាល់ទង្វើរបស់អ្នក ទាំងការស្លៀកពាក់ ការនិយាយស្តី ឬមួយក៏រិះគន់សូម្បីតែមិត្តភ័ក្ដិអ្នក។ ពេលខ្លះ ការរិះគន់ ពីមនុស្សដែលអ្នកស្រលាញ់ ស្តាប់ទៅដូចជាការខ្វាយខ្វល់ ចង់កែតម្រូវឲ្យគ្នា ប៉ុន្តែបើហួសហេតុពេក វាអាចនឹងធ្វើឲ្យ ដៃគូម្ខាងទៀតបាក់ទឹកចិត្ត និងមិនសប្បាយ ក្នុងការមានអ្វីដែលជារបស់ខ្លូន។
~
~
២. ប្រច័ណ្ឌខុសរឿង បើអ្នកស្រលាញ់ប៉ះចំ មនុស្សប្រភេទនេះ ត្រៀមខ្លួនចាំឆ្លើយសំនួរ ឲ្យហើយទៅ ព្រោះការសួរដេញដោល គ្មានហេតុផល នឹងកើតឡើង លើសពីអ្វីដែលអ្នករំពឹងទុក។
៣. ពូកែកុហកពេលស្គាល់គ្នាដំបូងមនុស្សនេះចូលចិត្តនិយាយកុហក ពូកែសម្តែងធ្វើពុតជាល្អណាស់ ប៉ុន្តែយូរៗទៅ គេនឹងផ្លាស់ប្តូរដូចមេឃ និងដី។ ម្ល៉ោះហើយមុននឹងទុកចិត្តនរណាម្នាក់ អ្នកគួរមានការប្រយ័ត្នប្រយែងខ្ពស់។
~
~
៤. មិនចុះសម្រុងជាមួយអ្នកដទៃ មិនថាមិត្តរួមសាលា មិត្តរួមការងារ គ្រួសារ ឬមនុស្សដែលគេស្រលាញ់ក៏ដោយ គេតែងមានអារម្មណ៍ថា ពិភពលោកប្រឆាំងនឹងគំនិតរបស់គេ ដូច្នេះមនុស្សបែបនេះ មិនសូវជាចុះសម្រុងជាមួយអ្នកនៅជុំវិញខ្លួនប៉ុន្មានទេ។
៥. មានចរិតកូនក្មេង អ្នកខ្លះច្រើនតែអាយុ ប៉ុន្តែគំនិតដូចកូនក្មេង គ្មានទំនួលខុសត្រូវ ខ្វះនូវការគិតពិចារណា ហើយនៅតែពឹងលើប៉ាម៉ាក់ឲ្យជួយ ក្នុងការសម្រេចចិត្តគ្រប់បញ្ហា។
~
៦. គិតតែពីការងារ បើទើបតែស្គាល់គ្នា អ្នកប្រាកដជាស្រលាញ់ នូវចរិតម៉ឺងម៉ាត់របស់គេ ប៉ុន្តែបើគេឲ្យតម្លៃលើការងារពេក ហើយមិនសូវខ្វាយខ្វល់ពីអ្នក នោះពេលដែលបានរស់នៅជាមួយគ្នា អ្នកទាំងពីរនឹងឆាប់ធុញទ្រាន់ ហើយសោះអង្គើយរៀងៗខ្លួន។
៧. មានអត្តចរិតផ្ទុយស្រឡះពីគ្នា ជាប្តីប្រពន្ធ ទោះបីជាគ្មានការគិត និងចំណង់ចំណូលដូចគ្នាទាំងស្រុងក៏ដោយ យ៉ាងហោចណាស់ អាចស្រដៀងគ្នាខ្លះ ប្រសើរជាងខុសគ្នាទាំងស្រុង ព្រោះវាអាចនាំឲ្យជម្លោះកើតឡើងបានយ៉ាងងាយ។
~
៨. យកចិត្ត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គេខំប្រឹងយកចិត្ត យកថ្លើម ដើម្បីទាមទារការទុកចិត្តពីអ្នក ហើយព្យាយាមផ្លាស់ប្តូរនូវទំនុកចិត្តនោះ ឲ្យក្លាយទៅជាផលប្រយោជន៍របស់គេវិញទៅថ្ងៃមុខ។ បែបនេះគេ បើរស់នៅជាមួយគ្នា អ្នកនឹងគ្រាំចិត្ត មិនខាន។
៩. ប្រមឹក នរណាក៏ប្រឹងធ្វើបុណ្យ ផ្សងជៀសឲ្យឆ្ងាយ កុំជួបឲ្យសោះ មនុស្សប្រមឹក ព្រោះគេមិនងាយចោលទម្លាប់អាក្រក់នេះទេ។ បើបានគ្នាជាប្តីប្រពន្ធ គេនឹងឱបដបស្រា ច្រើនជាងឱបអ្នក។
~
១០. អាត្មានិយម មនុស្សអាត្មានិយម គិតខ្វាយខ្វល់តែពីរឿងរបស់ខ្លួនឯង ច្រើនជាងការផ្តល់ក្តីស្រលាញ់ឲ្យអ្នក។ ទោះបីជាអ្នកជួបការលំបាក អ្វីមួយក៏ដោយ គេមិនសូវបារម្ភ យកចិត្តទុកដាក់ចំពោះអ្នកឡើយ។
១១. ចេះដឹង ហួងហែងជ្រុល មនុស្សបែបនេះ មិនងាយឲ្យអ្នកទៅណាមកណា ឬធ្វើអ្វីដោយមិនមានវត្តមានគេ ទៅជាមួយនោះទេ ដូច្នេះអ្នកប្រហែលជាពិបាកបន្តិច ក្នុងការរក្សានូវភាពឯងរាជ្យ និងធ្វើកិច្ចការងារផ្ទាល់ខ្លួន៕
~
~