ភ្នំពេញ ៖ ក្រចេះ ជាឈ្មោះខេត្តមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅប៉ែកឦសាននៃ រាជធានីភ្នំពេញ។ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។
កន្លងមក មានបងប្អូនយើងខ្លះបានចំអន់គ្នាលេងថា ខេត្តតូចច្រឡឹងមួយនេះ មានឈ្មោះថា ក្រចេះ ព្រោះមកពីអ្នកខេត្តនេះ គឺ «រៀនមិនងាយចេះ» ។ តែការពិត គឺខេត្តក្រចេះ មានឈ្មោះបែបនេះ ដោយសារតែជាប់ពាក់ព័ន្ធនឹងរុក្ខជាតិម្យ៉ាងឈ្មោះថា «ក្រចេះ» ។
ដើមក្រចេះ ជារុក្ខជាតិម្យ៉ាងមានក្លិនក្រអូបស្រដៀងនឹងដើម ចន្ទន៍ ក្រស្នា ដែលមនុស្សសម័យដើមនិយមយកមកធ្វើជាគ្រឿងសម្អាងកាយ ម្សៅលាបមុខ ថ្នាំសង្កូវ ធូបក្រអូបប្រេងក្រចេះជាដើម។ ខេត្តក្រចេះ ដែលមនុស្សភាពច្រើនតែងនិយមមកនិយាយលេងថា ពាក្យក្រចេះបានមកពីរៀនមិនងាយចេះ តាមពិតទៅក៏មានប្រវត្តិពាកព័ន្ធជាមួយដើមក្រចេះចួងចន្ទន៍នេះដែរ។
យោងទៅតាមឯកសារមួយចំនួនដែលបានមកពីក្រុមស្រាវជ្រាវជីវៈចម្រុះកម្ពុជាបានបង្ហាញប្រាប់ពីប្រវត្តខ្លះៗរបស់ដើមក្រចេះ ដែលគួរឲ្យសោកស្ដាយបច្ចុប្បន្នដើមក្រចេះបានផុតពូជទៅហើយនៅកម្ពុជា។ ដើមក្រចេះ មានរូបរាងស្រដៀងដើមក្រសាំង មានផ្ការីកចាប់ពីខែមីនា ដល់ខែឧសភា ផ្លែខ្ចីមានពណ៌បៃតង ប៉ុន្តែពេលចាស់ទៅវាប្រែជាពណ៌ស្វាយចាស់។លើសពីនេះទៅទៀត ដើមក្រចេះក៏មានអត្ថប្រយោជន៍ជាច្រើនជួយទៅដល់សុខភាព ដែលមនុស្សសម័យដើមយកមកធ្វើជាឱសថសម្រាប់ព្យាបាលជំងឺមានដូចជា ព្យាបាលជំងឺគ្រុនក្ដៅ បញ្ចុះកំដៅ បង្កើនចំណង់អាហារ សន្លាក់ឆ្អឹង រោគពោះវៀន ទល់លាមក និងជំនួយក្នុងការពន្យាកំណើតជាដើម។
លោក សុខ វិជ្ជា ជាអ្នកស្រាវជ្រាវផ្នែកជីវៈចម្រុះកម្ពុជា និងបានសហការជាមួយក្រសួងបរិស្ថាន បានមានប្រសាសន៍ឲ្យដឹងថា « តាមពិតទៅប្រហែលកាលសម័យមុន នៅត្រង់ម្តុំខេត្តក្រចេះ អាចមានការជួញដូរម្សៅក្រចេះនេះច្រើន ឬ ក៏មានការកា.ប់ឈើក្រចេះលក់ ទើបគេហៅ ខេត្តក្រចេះមកដល់សព្វថ្ងៃ ! »។លោកបានបន្ថែមទៀតថា «តាមពិតទៅ បើតាមខ្ញុំបានសិក្សាលម្អិត ម្សៅក្រចេះចួងចន្ទន៍នេះ ជារបស់ត្រកូលអភិយវង្សបែន ដែលជាចៅហ្វាយខេត្តបាត់ដំបងនាសម័យមុន ព្រោះសព្វថ្ងៃចៅស្រីបង្កើតរបស់ កថាថនឈុំ មានឈ្មោះថា ប៉ាក់ប៊ុនថាន ស៊ុមស្រីកែវ បានយករូបមន្តធ្វើម្សៅក្រចេះចន្ទន៍នេះ មកផលិតសាឡើងវិញនៅឯស្រុកសៀម ! ដូច្នេះហើយយើងអាចសន្មត់យ៉ាងជាក់លាក់ហើយថា ម្សៅក្រចេះចួងចន្ទន៍នេះ ពិតជាមានវត្តមានប្រើប្រាស់នៅស្រុកខ្មែរសម័យមុនមែន គ្រាន់តែយើងពុំទាន់អាចកំណត់ពីសម័យកាលអោយបានច្បាស់លាស់ !»។
បើតាមឯកសារមួយទៀតបានបង្ហាញថា « ខេត្តក្រចេះ » ជាដែនដីប្រវត្តិសាស្ត្រមួយក្នុងកម្ពុជរដ្ឋនៃយើង តាំងពី សម័យចេនឡាមកម្ល៉េះ ដោយហេតុថា « ស្រុកសំបូរ » ដែលស្ថិតនៅតាមដងទន្លេមេគង្គ គឺជាអតីតរាជធានី នៃ « ចេនឡា ទឹក លិច» មានឈ្មោះថា « ក្រុងសម្ភុបុរៈ»! តាមពាក្យរបស់ព្រឹទ្ធាចារ្យនៅតំបន់នោះក៏ដូចជាតាមឯកសារមួយចំនួនបានបង្ហាញថា «ក្រចេះ» គឺជាពាក្យក្លាយពីភាសាបារាំងថា GATILLE ( ហ្គាទីឡេ ) ដោយអ្នកបកប្រែឱ្យអាជ្ញាធរបារាំងពេលនោះនិយាយពុំត្រូវតាមភាសាបារាំងនាំឱ្យពាក្យ GATILLE( ហ្គាទីឡេ ) នោះក៏ក្លាយជា ពាក្យ «ក្រចេះ» ។
ឯកសារប្រវត្តិសាស្ត្រនោះ បញ្ជាក់ថា ដោយមានការបះបោរប្រឆាំងនៃជនជាតិព្នងចំពោះបារាំង នាសម័យនោះពួក បារាំងបានចាត់កងកម្លាំងបញ្ជូនទ័ព និងចាត់លោក GATILLE ឱ្យផ្គត់ផ្គង់សម្ភារៈសឹកភ័ស្តុភារ និងបោះទីតាំងមូលដ្ឋានទ័ពនៅចំក្រុងក្រចេះសព្វថ្ងៃនេះ ។ មូលដ្ឋានទ័ពនោះ គេឱ្យឈ្មោះថា CAMP LOGISTIQUE DE GATILLE មានន័យជាខេមរភាសាថា ជំរំ GATILLE ។ ដូច្នេះហើយទើបមានអ្នកខ្លះយល់ថា ពាក្យក្រចេះនេះយកតាមឈ្មោះមេទ័ពបារាំង GATILLE នេះ ! តែទោះជាយ៉ាងណា ក៏វាពុំអាចជារឿងសមហេតុផលដែលថា ខេត្តក្រចេះជាឈ្មោះហៅច្រឡំពីបារាំងដែរ ៕ កោះសន្តិភាព