~
~
មន្ត្រីកំពូលម្នាក់ នៅនិយតករទំនាក់ទំនងអាមេរិកកំពុងជំរុញឱ្យក្រុមហ៊ុន Apple និង Google ទាត់ចោលកម្មវិធី TikTok ចេញពី App Stores របស់ពួកគេ។ ជុំវិញបញ្ហាសុវត្ថិភាពទិន្នន័យទាក់ទងនឹងក្រុមហ៊ុនរបស់ចិន។ នេះបើយោងតាមប្រភពពី Euronews ចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅ។លោក Brendan Carr សមាជិកគណៈបក្សសាធារណៈរដ្ឋនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានសរសេរសំបុត្រមួយទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Apple និង Google ដោយនិយាយថា កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់ចិន TikTok បានប្រមូលនូវទិន្នន័យរសើបយ៉ាងច្រើនអំពីអ្នកប្រើប្រាស់អាមេរិក។ ដែលអាចចូលប្រើបានដោយបុគ្គលិកនៅក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតពហុជាតិសាសន៍របស់ចិន «ByteDance» ដែលជាក្រុមហ៊ុនមេរបស់ TikTok ។
~
~
លោក Brendan Carr បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា TikTok មិនមែនគ្រាន់តែជាកម្មវិធីវីដេអូកម្សាន្តមួយប៉ុណ្ណោះទេ។ តែវាថែមទាំងប្រមូលទិន្នន័យរសើបជាច្រើន។ ដែលរបាយការណ៍ថ្មីៗបានបង្ហាញថា វាកំពុងត្រូវបានចូលប្រើប្រាស់នៅក្នុងទីក្រុងប៉េកាំង។ ដែលសកម្មភាពនេះ បានធ្វើឱ្យកម្មវិធី TikTok មិនអនុលោមតាមគោលការណ៍របស់ក្រុមហ៊ុន Apple រួមនិង Google។ ហើយបុរសវ័យ៤៣ឆ្នាំរូបនេះ បានស្នើឱ្យក្រុមហ៊ុនទាំង២ ដកកម្មវិធីនេះចេញពីប្រតិបត្តិការណ៍របស់ពួកគេត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឬក៏ត្រូវពន្យល់គាត់ថា ហេតុអ្វីបានជាក្រុមហ៊ុនទាំង២ មិនមានគម្រោងធ្វើដូច្នេះ។
~
~
ទោះយ៉ាងណា ប្រភពពី Euronews បានរាយការណ៍ថា Google បានបដិសេធមិនធ្វើអត្ថាធិប្បាយលើលិខិតរបស់លោក Carrឡើយ។ ខណៈដែល Apple មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
~
~
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យ TikTok បានអះអាងថា វិស្វករបស់ក្រុមហ៊ុន ដែលស្ថិតនៅក្នុងទីតាំងខាងក្រៅសហរដ្ឋអាមេរិក រួមទាំងប្រទេសចិន អាចត្រូវបានផ្តល់សិទ្ធិចូលប្រើទិន្នន័យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកតាមតម្រូវការ និងក្រោមការគ្រប់គ្រងយ៉ាងតឹងរឹង។
~
~
សូមជម្រាបថា កម្មវិធី TikTok នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានស្ថិតនៅក្រោមការត្រួតពិនិត្យបទប្បញ្ញត្តិដ៏តឹងរ៉ឹង លើការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់រដ្ឋអាមេរិក។ ខណៈដែលអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់បានរិះគន់ក្រុមហ៊ុននេះ ម្តងហើយម្តងទៀត។ ហើយថែមទាំងបានព្យាយាមហាមឃាត់កម្មវិធីដ៏ល្បីល្បាញមួយនេះ តាមរយៈបទបញ្ជាប្រតិបត្តិថែមទៀត អំឡុងពេលលោកនៅកាន់តំណែង ប៉ុន្តែមិនទទួលបានជោគជ័យ៕
~
~
~