Wednesday, November 29, 2023
Google search engine
Homeព័ត៌មានអន្តរជាតិញូយ៉កថាមស៍​​​​ស៊ូ​​អត់​សញ្ញា​ធីក ប៉ុន្តែ​​​មិន​បង់​លុយ​ឱ្យ​ទ្វីតថឺ​​​ជា​ដាច់​ខាត​

ញូយ៉កថាមស៍​​​​ស៊ូ​​អត់​សញ្ញា​ធីក ប៉ុន្តែ​​​មិន​បង់​លុយ​ឱ្យ​ទ្វីតថឺ​​​ជា​ដាច់​ខាត​

ពិត​ជា​ចិត្ត​សឿង​មែន​! កាសែត​ដ៏​ល្បី​របស់​អាមេរិក ញូយ៉ក​ថាម​ស៍ បញ្ជាក់​ថា​ខ្លួន​មិន​ត្រូ​វការ​បង់លុយ​ថ្លៃ​ជាវ​សេវា​ប្រចាំ​ខែ​ពី​ក្រុមហ៊ុន​ទ្វីត​ថឺ​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សញ្ញា​​បញ្ជាក់​អត្ត​សញ្ញាណ​ ឬ​សញ្ញា​​ធីក (verified)​​។ ខាង​លើ​នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ញូយ៉ក​ថាមស៍ ​ដែល​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​​​ទំព័រទ្វីត​ថឺ​ជា​ផ្លូវ​ការ​របស់​ញូយ៉ក​ថាមស៍​ត្រូវ​ទ្វីត​ថឺ​ដក​សញ្ញា​ធីក​ពណ៌​ខៀវ​។

យោង​តាម​គោល​ការណ៍​​ថ្មី​​​,​ ​ទំព័រ​ទ្វីត​ថឺ​ជា​ផ្លូវ​ការ​របស់​អង្គភាព​ទាំង​អស់​​​នៅ​​អាមេរិក​​​បើ​ចង់​​បាន​សញ្ញា​ធីក​ពណ៌​ខៀវ លុះ​ត្រា​​តែ​បង់​សេវា​ជាវ​ប្រចាំ​ខែ​។ ​សញ្ញា​ធីក ឬ​ការ​​បញ្ជាក់​អត្ត​សញ្ញាណ​ (verified) ​ជា​ការ​​ទទួល​ស្គាល់​​ពីទ្វីត​ថឺ​ថា​​ជា​​ទំព័រ​​​ស្រប​ច្បាប់​របស់​នរណ​ម្នាក់​ ឬ​អង្គ​ភាព​ណា​មួយ​​​។​ ​​នេះ​ជា​ក្បួន​រក​ស៊ី​​​​ថ្មី​របស់​ទ្វីតថឺ​។ ស្ថាប័ន​​តូច​ធំ​​ទាំង​អស់​ដែល​មាន​ទំព័រ​ទ្វីត​ថឺ​​​ត្រូវ​បង់​លុយ​​១​ពាន់​ដុល្លា​រ​ជា​រៀង​រាល់​ខែ​។​​​

បន្ទាប់​មក​, ទ្វីត​ថឺ​នឹង​ចេញ​សញ្ញា​ធីក​ពណ៌​មាស​។ ចំណែក​ទំព័រ​​ទ្វីត​ថឺ​​​របស់​​​បុគ្គល​ម្នាក់​ៗ​អាច​​បង់​៧​ដុល្លារ​ជា​រៀង​រាល់​ខែ​​​​​។ ​ទ្វីត​ថឺ​ចាប់​ផ្ដើម​​​អនុវត្ត​​ពី​​​សហ​រដ្ឋ​អាមេរិក​ទៅ​មុន​គេ​។​ អ្នក​ខ្លះ​យល់​ថា​មិន​យូរ​ទេ​ ទ្វីត​ថឺ​គង់​តែ​អនុវត្ត​​​នៅ​ប្រទេស​ដទៃ​ទៀត​ជា​មិន​ខាន​ឡើយ​ ព្រោះ​លោក​អ៊ីឡន​ ម៉ាស់ (Elon Musk) ​បាន​​ចំណាយ​​លុយ​​ច្រើន​​ណាស់​ដើម្បី​សេង​យក​ទ្វីត​ថឺ ។ ដូច្នេះ ដល់​ពេល​ដែល​លោក​​ត្រូវ​ការ​ស្រង់​ដើម​។​

ញូយ៉ក​ថាម​ស៍​ហាក់​ដូច​ជា​ប្រកាន់​គោល​ជំហរ​ម៉ឺង​ម៉ាត់​ មិន​ចុះ​ញ៉ម​តាម​គោល​នយោបាយ​របស់​ទ្វីតថឺ​។​​ ជា​ការ​ពិត, ​ស្ថាប័ន​ដ៏​ធំ​​​ដូច​ញូយ៉ក​ថាម​ស៍​ត្រឹម​លុយ​១​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​បង់​ឱ្យ​ទ្វីត​ថឺ​ គេ​ជឿ​ជាក់​ថា​ញូយ៉ក​ថាមស៍​អាច​ធ្វើ​បាន​ដោយ​ងាយ​។ ប៉ុន្តែ​ញូយ៉កថាមស៍​មិន​ព្រម​​ធ្វើ​តាម​ជា​ដាច់​ខាត​​ ​ដើម្បី​កុំ​ឱ្យ​គេ​ថា​ខ្លួន​ចុះ​ចាញ់​តាម​ការ​ដាក់​សម្ពាធ​ពី​ខាង​ក្រៅ​។​

​អ្នក​ខ្លះ​វិភាគ​ឃើញ​ថា​​ប្រហែល​​ជា​ដោយ​សារ​ការ​កាច់​កុង​គ្នា​ខាង​និន្នា​ការ​នយោបាយ​ផង​ក៏​មិន​ដឹង​​។ លោក​អ៊ីឡន​ម៉ាស់​ធ្លាប់​ប្រកាស​ក្ដែង​ៗ​ថា​លោក​​​គាំទ្រ​បក្ស​សាធាណរដ្ឋ​។ ចំណែក​ញូយ៉ក​ថាមស៍​ត្រូវ​គេ​ដឹង​ជា​ប្រពៃណី​មក​ហើយ​ថា​ជា​សារព័ត៌មាន​​ដែល​មាន​និន្នា​ការ​ខាង​ឆ្វេង និង​កាន់​ជើង​បក្ស​ប្រជា​ធិបតេយ្យ​។​ ​ញូយ៉ក​ថាមស៍​បញ្ជាក់​ថា​សូម្បី​​តែ​​ទំព័រ​ទ្វីត​ថឺ​របស់​បុគ្គលិក​ខ្លួន​ក៏​ខ្លួន​​មិន​​ត្រូវ​ការ​ចំណាយ​​លុយ​មួយ​កាក់​មួយ​សេន​ដែរ។​​

លើក​លែង​តែ​នៅ​ក្នុង​ករណី​ចាំ​បាច់​​ដែល​ជៀស​មិន​រួច​​​។​ ​បើ​មិន​​បង់​សេវា​ប្រចាំ​ខែ​ខ្លាច​បង្ហោះ​អត្ថ​បទ​អត់​ចេញ​​​។​ ឥឡូវនេះ មិន​ត្រឹម​តែ​ញូយ៉កថាមស៍​ទេ​, កម្ម​វិធី​នយោបាយ​របស់​លោក​អ៊ីឡន​ម៉ាស់​ក៏​​​មាន​បញ្ហា​សម្រាប់​ស្ថាប័ន​សារព័ត៌​មាន​ដទៃ​ទៀត​ផង​ដែរ។ ​គេហទំព័រ​ផូលីទីកូ (Politico) ប្រកាស​ថា​ខ្លួន​ក៏​​​មិន​បង់​សេវា​​​ប្រចាំ​ខែ​ទៅ​ឱ្យ​ទ្វីត​ថឺ​ទេ​​។ ចំណែក​​​​ទ្វីត​ថឺ​របស់​បុគ្គលិក​ខ្លួន​ក៏​ខ្លួន​មិន​បង់​ប្រចាំ​ខែ​ដើម្បីទទួល​បាន​សញ្ញា​ធីក​ពណ៌​ខៀវ​​ដែរ​។​ នេះ​បើ​យោង​តាម​លិខិត​អនុស្សារ​​ ឬ​មេម​ម៉ូ​(memo)​ដែល​ផូលីទីកូ​បញ្ជូន​ទៅ​គ្រប់​បុគ្គលិក​របស់​ខ្លួន​។

ទ្វីត​ថឺ​ធ្លាប់​បាន​ប្រកាស​តាំង​ពី​មុន​នេះ​មក​ម៉្លេះ​ថា​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា​ត​ទៅ​, ទំព័រ​ទ្វីត​ថឺ​របស់​​បុគ្គល និង​ទ្វីត​ថឺ​របស់​​​ស្ថាប័ន​នានា​​អាច​នឹង​បាត់​សញ្ញា​ធីក​ជា​បណ្ដើរ​ៗ​ ព្រោះ​ក្រុម​ហ៊ុន​​​ចាប់​ផ្ដើម​អនុវត្ត​គោល​ការណ៍​ថ្មី​​។​ ​តាម​ដឹង​មក​ថា​​សូម្បី​តែ​​​សេត​វិមាន​​ក៏​សម្រេច​ចិត្ត​​​​​មិន​បង់​លុយ​ប្រចាំ​ខែ​ឱ្យ​ទ្វីត​ថឺ​ទេ​។ សេត​វិមាន​​សុខ​ចិត្ត​ឱ្យ​ទ្វីត​ថឺ​ដក​សញ្ញា​ធីក​ពណ៌​ខៀវ​ចេញ​ពី​ទំព័រ​របស់​បុគ្គលិក​ខ្លួន​ក៏​ដក​ទៅ​ចុះ​​​​៕​

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments