~
~
~
សត្វដំរីព្រៃ ១ក្បាល បានព្រេចយុវជនម្នាក់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងទឹកដីថៃ ដែលយុវជនរងគ្រោះ គឺជាពលករខ្មែរ ទៅធ្វើការងារចម្ការនៅប្រទេសថៃ។
~
~
~
ប្រភពព័ត៌មានបឋម ពីតំបន់ព្រំដែន បានឱ្យដឹងថា ករណីដ៏កម្រនេះ បានកើតឡើងនៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់កំណាត់ផ្លូវណងខ្លាំ ក្នុងភូមិសាស្ត្រភូមិ១ ឃុំខៅកែវ ស្រុកថាម៉ៃ ខេត្តច័ន្ទបុរី ប្រទេសថៃ ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង។មកទល់ព្រលប់ថ្ងៃទី០៩ ខែវិច្ឆកា ឆ្នាំ២០២១ នៅមិនទាន់មានប្រភពផ្លូវការណាមួយ បញ្ជាក់ពីសាវតារជនរងគ្រោះ ឱ្យបានច្បាស់នៅឡើយទេ ប៉ុន្តែតាមភិនភាគ ជនរងគ្រោះ ជាយុវជនមានអាយុ ប្រមាណជា២២ឆ្នាំ និងសង្ស័យថាជាពលករធ្វើការងារនៅក្នុងចម្ការឯទឹកដីថៃ។
~
~
នៅក្បែរសាកសព ឃើញមានម៉ូតូ ១គ្រឿង ជារបស់ជនរងគ្រោះ ហើយមានស្លាកស្នាមបុកត្រូវផ្នែកខាងមុខខ្ទេច ដែលសមត្ថកិច្ចថៃ សន្និដ្ឋានថា អាចដោយសារស្ថានភាពផ្លូវងងឹត ធ្វើឱ្យយុវជនរងគ្រោះ ជិះម៉ូតូបុកសត្វដំរី ទើបសត្វដំរី តាមជាន់រហូតដល់ស្លាប់។ ម៉្យាងទៀត នៅក្បែរទីតាំងកើតហេតុ ក៏មានស្នាមដានជើងដំរីចេញពីព្រៃ មករកស៊ីផ្លែម្នាស់ របស់ប្រជាពលរដ្ឋ បានដាំ ក្នុងចម្ការក្បែរនោះផងដែរ។
~
~
~
ករណីដូចគ្នា រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ សត្វដំរីព្រៃ ដែលនៅលើទឹកដីថៃ បានចេញមកជាន់ព្រេច សម្លាប់មនុស្ស សរុប ចំនួន ២នាក់ហើយ ដែលគេដាក់ការសង្ស័យថា ជាពលករខ្មែរ ទៅធ្វើការងារចម្ការ នៅប្រទេសថៃ។
ជុំវិញហេតុការណ៍ខាងលើនេះ លោកសុខ គឹមខុន អភិបាលស្រុកកំរៀង បានប្រាប់ថា លោកនៅមិនទាន់ទទួលបានព័ត៌មានខាងលើនេះនៅឡើយទេ លោកនឹងស្រាវជ្រាវ ទាក់ទងទៅភាគីពាក់ព័ន្ធ៕
~
~
~
~