ជីវភាពរបស់មនុស្សម្នាក់ៗ បណ្ដាលមកពីការគិត និងទង្វើរបស់ពួកគេ កាលណាអ្នកគិតត្រូវ ធ្វើត្រូវ នោះលទ្ធផលនឹងទទួលបានជាទីគាប់ចិត្ត។ ប៉ុន្ដែ បើអ្នកគិតខុស ធ្វើខុស ឬ គិតត្រូវ តែធ្វើខុស ក៏លទ្ធផលមិនសូវជាបានគាប់ប្រសើរនោះដែរ។ ដូចពាក្យមួយឃ្លាថា «ការគិតរបស់អ្នក នឹងបញ្ជាក់ពីអនាគតរបស់អ្នក»។ ខាងក្រោមនេះជា៦ចំណុចដែលអ្នកអាចពិចារណាបានពីភាពខុសគ្នារវាងអ្នកមាននឹងអ្នកក្រ។
១. អ្នកចំណូលមធ្យមចង់តែដេកស្រណុក អ្នកចំណូលខ្ពស់រស់ដើម្បីដោះស្រាយភាពមិនស្រណុក«ដាក់ខ្លួនដើម្បីហ៊ានជំនះរឿងលំបាក វាពិតជារឿងលំបាកណាស់ ប៉ុន្ដែ វាក៏ជាតម្លៃតិចតួចមួយសម្រាប់ ការរស់នៅដើម្បីក្ដីស្រមៃ»។ – លោក Peter McWilliams«វាគឺជារឿងងាយស្រួលនៅពេលយើងមានការងារធ្វើច្បាស់លាស់ ឬធ្វើការឲ្យគេវាស្រួលចិត្តជាងរកស៊ីខ្លួនឯង ដែលវាមិនត្រូវប្រឈមនឹងហានិភ័យខាតបង់ខ្ពស់» នេះគឺជាអ្វីដែលអ្នកចំណូលមធ្យមតែងតែគិត ហើយវាជាតំបន់ស្រណុកសុខស្រួលមួយ សម្រាប់ពួកគេដែលមិនចង់មានការផ្លាស់ប្តូរ (Comfort zone)។ ប៉ុន្ដែ សម្រាប់អ្នកមាន គឺជឿលើការផ្លាស់ប្តូរ និងមានជំនឿចិត្តថា ពីក្រោយរឿងលំបាកៗ គឺជាក្ដីសុខបំផុតសម្រាប់ពួកគេ ដូច្នេះហើយទើបពួកគេនិយមដោះស្រាយបញ្ហានានាសម្រាប់អ្នកចំណូលមធ្យមដែលមិនសូវចង់ធ្វើ តួយ៉ាងការចាប់ផ្ដើមអាជីវកម្ម និងការវិនិយោគ ទោះបីគេដឹងថា វាមានហានិភ័យខ្ពស់ក៏ដោយ។

២. អ្នកចំណូលមធ្យមរស់ដើរងើយ អ្នកចំណូលខ្ពស់រស់ដើរឱន «គ្មានភាពហ៊ឺហា ឬភាពស៊ីវិល័យខុសគេឯណា ដែលធ្វើឲ្យគេភ្ញាក់ផ្អើល ឬគិតថាអ្នកថ្លៃថ្នូរនោះទេ។ មានតែការរស់នៅជាមួយនឹងអ្វីដែលខ្លួនកំពុងមានប៉ុណ្ណោះ ទើបអាចបញ្ជាក់សេចក្ដីថ្លៃថ្នូរ និងការគោរពបាន»។ -លោក CalVin Coolidge«មនុស្សភាគច្រើនប្រើបំណុលដើម្បីទិញរបស់ដែលខ្លួនមិនចង់បាន ដើម្បីបង្ហាញទៅកាន់មនុស្សដែលខ្លួនមិនចូលចិត្ត»។ – លោក Will Rogers«បើអ្នកទិញរបស់ដែលខ្លួនមិនចាំបាច់មាន មិនយូរទេអ្នកនឹងត្រូវលក់របស់ដែលខ្លួនចាំបាច់វិញ»។ – លោក Warren Buffettអ្នកមានចំណូលមធ្យមខ្លះ ហាក់កំពុងដើរតួរធ្វើជាអ្នកមាន ព្រោះខ្លាចគេថាខ្លួនអន់ ទើបខំចំណាយលុយសន្សំ និងប្រើបំណុលបន្ថែម ដើម្បីទិញរបស់ប្រើប្រាស់នានា សម្រាប់បង្ហាញពីភាពអស្ចារ្យរបស់ខ្លួន។ ប៉ុន្ដែ សម្រាប់អ្នកមានពិតប្រាកដ គេមិនបានប្រើខ្ទង់ចំណាយបែបនេះឡើយ ប៉ុន្ដែ រាល់ការចំណាយរបស់ពួកគេ គឺដើម្បីបង្កើនទ្រព្យ តែមិនសូវគិតពីរឿងស៊ីវិល័យប៉ុន្មាននោះទេ ដូចពាក្យខ្មែរយើងពោលថា «ងើយស្កក ឱនដាក់គ្រាប់»។
៣. អ្នកចំណូលមធ្យមឡើងតាមជណ្ដើរ អ្នកចំណូលខ្ពស់ជាម្ចាស់ជណ្ដើរ«អ្នកមានបំផុតក្នុងលោក ស្វែងរក និងបង្កើតបណ្ដាញទំនាក់ទំនង (Networks) ហើយអ្នកផ្សេងទៀតចេះតែស្វែងរកការងារធ្វើប៉ុណ្ណោះ»។ – លោក Robert Kiyosakiអ្នកចំណូលមធ្យមភាគច្រើន ចូលចិត្តធ្វើការឲ្យអ្នកដទៃ ហើយការងារនោះជាប្រភពចំណូលសំខាន់សម្រាប់ពួកគេ។ រីឯអ្នកមានចំណូលលើមធ្យម គឺជាអ្នកធ្វើការសម្រាប់ខ្លួនឯង ហើយគាត់ជាម្ចាស់នៃការងារនោះ។ ដោយឡែក អ្នកចំណូលខ្ពស់ ជាអ្នកធ្វើពាណិជ្ជកម្ម សហគ្រិន ឬវិនិយោគិន។ ពួកជាអ្នកបង្កើត និងជាម្ចាស់នៃជណ្ដើរសម្រាប់ឲ្យអ្នកចំណូលមធ្យមដើរចុះឡើងរាល់ថ្ងៃ។
៤. អ្នកចំណូលមធ្យមជាមិត្តនៃមនុស្សគ្រប់គ្នា អ្នកចំណូលខ្ពស់ជ្រើសរើសមិត្តដោយម៉ត់ចត់«វាជារឿងប្រសើរបំផុត ដែលអ្នកដើរចូលជាមួយមនុស្សដែលល្អជាងអ្នក។ ការសេពគប់ មនុស្សដែលមានចរិយាមាយាថល្អជាងអ្នក នោះនឹងអាចនាំអ្នកទៅរកអនាគតគាប់ប្រសើរ»។ -លោក Warren Buffettការសេពគប់មិត្តភក្ដិ ដែលមានគំនិត និងអត្តចរិតល្អ នោះអនាគតរបស់អ្នកនឹងដើរទៅរកផ្លូវល្អដែរ។ តែបើជុំវិញខ្លួនអ្នកសុទ្ធតែជាមនុស្សពូកែដើរលេង ផឹកស៊ី គ្មានការគិតវែងឆ្ងាយ នោះមិនយូរមិនឆាប់អ្នកក៏អាចដើរទៅរកផ្លូវនោះដែរ។ ការសេពគប់មិត្តភក្ដិ ក៏ជាការវិនិយោគមួយដែរ បើអ្នកជ្រើសខុស អ្នកនឹងត្រូវខាតបង់ធ្ងន់ធ្ងរនៅថ្ងៃក្រោយ។
៥. អ្នកចំណូលមធ្យមធ្វើការដើម្បីរកលុយ អ្នកចំណូលខ្ពស់ធ្វើការដើម្បីរៀនច្រើនជាងរកលុយ«ពេលអ្នកនៅក្មេង ធ្វើការដើម្បីរៀន កុំធ្វើការដើម្បីតែលុយ» ។ – លោក Robert Kiyosakiអ្នកចំណូលមធ្យមងាយស្រួលក្នុងការបញ្ចុះបញ្ចូល ដើម្បីផ្លាស់ប្តូរការងារណាស់ ប្រសិនបើផ្ដល់ប្រាក់ខែឲ្យខ្ពស់ជាងកន្លែងការចាស់។ ប៉ុន្ដែ អ្នកចំណូលខ្ពស់ យល់ច្បាស់ថា ការធ្វើការមិនមែនសម្រាប់តែលុយនោះទេ ជាពិសេសគឺនៅឆ្នាំដំបូងៗនៃការចូលប្រឡូកក្នុងវិស័យការងារ។ ពួកគេយល់ថា ការងារ គឺជាការអភិវឌ្ឍជំនាញ និងបុគ្គលិកលក្ខណៈ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកមាននៅថ្ងៃណាមួយ។ តួយ៉ាង ការធ្វើការងារជាបុគ្គលិកផ្នែកលក់ គឺជាការស្វែងយល់ពី ពិភពនៃការលក់ (World of selling)។ បើអ្នកធ្វើជាគណនេយ្យករ ឬបម្រើការក្នុងវិស័យធនាគារ គឺជាការស្វែងយល់ពីជំនាញគណនេយ្យ ដែលជំនាញទាំងអស់នេះ សុទ្ធតែទាមទារឲ្យអ្នកត្រូវចេះនៅពេលដែលអ្នកក្លាយទៅជាថៅកែគេ ឬអ្នកមាន។
៦. អ្នកចំណូលមធ្យមផ្ដោតលើការសន្សំ អ្នកចំណូលខ្ពស់ផ្ដោតលើការរកលុយបន្ថែម«ទ្រព្យសម្បត្តិដ៏ប្រសើរបំផុត គឺជាសមត្ថភាពក្នុងការបង្កើនប្រាក់ចំណូល ហើយធនធានដ៏សំខាន់បំផុតសម្រាប់អ្នក គឺពេលវេលាដែលអ្នកមាន»។ -លោក Brian Tracyការសន្សំ គឺមានសារសំខាន់ តែការវិនិយោគ គឺរឹតតែសំខាន់ជាងការសន្សំទៅទៀត។ ប៉ុន្ដែ ការបង្កើនចំណូល គឺជាគ្រឹះនៃវិធីទាំងពីរនេះ។ អ្នកមានចំណូលខ្ពស់ដឹងយ៉ាងប្រាកដថា ការសន្សំមិនងាយនឹងក្លាយជាអ្នកមានបានឡើយ តែការប្រើសមត្ថភាពក្នុងការបង្កើនចំណូលតាមរយៈការវិនិយោគ ឬបង្កើតអាជីវកម្មផ្សេងៗ ទើបជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីក្លាយជាអ្នកមាន។