យើងមកស្វែងយល់ពីការអភិវឌ្ឍដីតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងអស់គ្នា

0
42

ដូចដែលយើងបានដឹងរួចមកហើយថាឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាត្រូវបានគេឲ្យឈ្មោះថាជាឆ្នេរល្អដាច់គេនៅក្នុងពិភពលោក។ ដើម្បីរក្សា សោភ័ណភាព និងប្រើប្រាស់ឆ្នេរដ៏មានសក្តានុពលនេះឲ្យបានជាប្រយោជន៍ជាតិ រាជរដ្ឋាភិបាល មានការកំណត់គន្លាតសម្រាប់ការសាងសង់សំណង់ និងការប្រើប្រាស់ឆ្នេរ ឲ្យបានត្រឹមត្រូវ មានប្រសិទ្ធិភាព និងចីរភាព។​ នេះបើយោងតាមសារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លេខ ៤៤២ ចុះថ្ងៃទី ០៨ កុម្ភៈ ២០១២។ 

តើត្រូវសាងសង់គន្លាតប៉ុន្មានម៉ែត្រពីឆ្នេរសមុទ្រ? 

តាមសារាចរណែនាំតំបន់ឆ្នេរត្រូវបានបែងចែកជាពីរផ្នែក៖ ឆ្នេរសមុទ្រ និងដីចំណីឆ្នេរ។ ឆ្នេរសមុទ្រត្រូវបានគិតរាប់ចាប់ពីទឹកជោរខ្ពស់បំផុតឡើងមកលើគោកចំនួន ៣០ មែ៉ត្រ សម្រាប់ឆ្នេរជម្រាល និងកំណត់ចំនួន ២០ ម៉ែត្រសម្រាប់ឆ្នេរចោត។ ចំណែកឯដីចំណីឆ្នេរ រាប់ចាប់ពីព្រំនៃឆ្នេរសមុទ្ររហូតដល់ ៥០ មែ៉ត្រចូលទៅខាងដីគោក។ ប៉ុន្តែប្រសិនបើមានផ្លូវនៅតំបន់នោះ គេត្រូវរាប់ដល់ត្រឹមផ្លូវសាធារណៈនោះ។​ ជាការកំណត់ដោយច្បាប់ ផ្នែកទាំងពីរនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលមិនអាចឲ្យមានការសាងសង់សំណង់ណាមួយ នៅលើតំបន់នេះនោះទេ។ នេះមានន័យថា រាល់ការសាងសង់សំណង់ផ្សេងៗ អាចធ្វើទៅបានចម្ងាយយ៉ាងហោចណាស់ ៥០ ម៉ែត្រពីឆ្នេរសមុទ្រ។

ការប្រើប្រាស់ដីចំណីឆ្នេរដីចំណីឆ្នេរត្រូវបានបែងចែកជាពីរប្រភេទ ដែលមានដូចជា ដីចំណីឆ្នេរ ដែលជាទីប្រជុំជនសម្រាប់គោលដៅទេសចរណ៍ និងដីចំណីឆ្នេរ ដែលមិនសូវមានមនុស្សរស់នៅ។

១. ដីចំណីឆ្នេរ នៅទីប្រជុំជន រាល់ការសាងសង់សំណង់ណាមួយ ដែលត្រូវបានអនុញ្ញាតនៅលើដីចំណីឆ្នេរនេះមិនត្រូវឲ្យមានការប៉ះពាល់ដល់សោភ័ណភាពឆ្នេរ និងប្រាស់ចាកពីការបំរើសម្រាប់ទេសចរណ៍នៃតំបន់នោះទេ។សកម្មភាពខាងក្រោមនេះ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដូចជាគេអាចសាងសង់ជាតូបតូចៗ ដែលនៅចន្លោះដើមឈើ និងត្រូវមានចម្ងាយពីគ្នា ប្រមាណ ១៥ មែ៉ត្រ ដើម្បីកុំឲ្យប៉ះពាល់ដល់ការដើរចេញចូលរបស់ភ្ញៀវទេសចរណ៍។ កន្លែងចតយានយន្តក៏ត្រូវបានអនុញ្ញាតឲ្យដាក់ផងដែរ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សោភ័ណភាពនោះទេ។

គេអនុញ្ញាតឲ្យមានការសាងសង់បន្គន់សាធារណៈក្នុងចំនួនសក្តិសម ប៉ុន្តែមិនត្រូវប៉ះ ពាល់ដល់សោភ័ណភាពនោះទេ។ការសាងសង់រូបសំណាក់ផ្សេងៗក៏អាចធ្វើទៅបាន ដើម្បីលំអទស្សនីយភាពនៃតំបន់ នោះផងដែរ។ មិនអនុញ្ញាតឲ្យមានការសាងសង់កំពង់ផែនោះទេ ប៉ុន្តែក្នុងករណីដែល ការសាងសង់នោះ​ផ្តល់ផលប្រយោជន៍ខ្លាំង សម្រាប់សេដ្ឋកិច្ច គេអាចនឹងត្រូវបានអនុញ្ញាតបាន។ រាល់សំណង់រឹងមាំផ្សេងៗ ត្រូវបានហាមឃាត់ លើកលែងតែសំណង់ដូចជាស្ពានសម្រាប់ សម្រួលដល់ការធ្វើដំណើរ ឬកន្លែងទស្សនាទិដ្ឋភាពក្រោមបាទសមុទ្រជាដើម ដែលសម្រួលដល់វិស័យទេសចរណ៍ អាចត្រូវបានអនុញ្ញាតឲ្យធ្វើឡើងក្នុងតំបន់នោះ។

២.​ ដីចំណីឆ្នេរ ដែលមិនសូវមានមនុស្ស ការប្រើប្រាស់នឹងត្រូវបានអនុញ្ញាតដូចជាអាចអនុញ្ញាតឲ្យមានការសាងសង់កំពង់ផែផ្សេងៗ ប៉ុន្តែគេត្រូវគិតគូរពីបញ្ហាប៉ះពាល់ ដល់បរិស្ថាន។អនុញ្ញាតឲ្យសាងសង់កំពង់ផែលើទឹក សម្រាប់បំរើវិស័យទេសចរណ៍ ប៉ុន្តែត្រូវគិតគូរពីបញ្ហាបរិស្ថានអនុញ្ញាតឲ្យមានការរៀបចំភូមិដ្ឋានថ្មីផងដែរបើមានសំណង់រោងចក្រផ្សេង ដែលបញ្ចេញផ្សែង ត្រូវតែមានការសិក្សាពីផលប៉ះពាល់ បរិស្ថានផងដែរអនុញ្ញាតឲ្យមានការសាងសង់សំណង់ផ្សេងទៀត ដែលស្របតាមគោលការណ៍របស់ រាជរដ្ឋាភិបាល។ 

ប្រភព៖ អចលនទ្រព្យ

LEAVE A REPLY

Please enter your comment!
Please enter your name here