ពលរដ្ឋ​១​ភូមិ​ថា ឱ្យ​ពួក​គាត់​រស់​យ៉ាងម៉េច​ បើ​១​យប់​ៗ​ដេក​មិន​លក់ ភ័យ​ខ្លាច​បែប​នេះ (មាន​វី​ដេ​អូ​)

0
41

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ បាន​អះអាង​ថា រយៈពេល​១​ខែ​មកនេះ​អ្នក​ភូមិ​របស់​គាត់​ត្រូវ​ក្រុម​ចោរលួច​គាស់​ផ្ទះ​យក​ម៉ូតូ​អស់​៣​គ្រឿង​ទៅ​ហើយ ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​ភ័យ​ខ្លាច​បិទ​ភ្នែក​ដេក​មិន​លក់​ទេ​។

ពួក​គាត់​និយាយ​ថា ក្រុម​ចោរ​ដដែល​ៗ​មាន​គ្នា​តែ​២-៣​នាក់​ប៉ុណ្ណោះ​ដែល​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ដើមខែ​កក្កដា ពួក​វា​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជាង​បុក​អណ្តូង លួច​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៩ អស់​១​គ្រឿង​នៅ​ពាក់កណ្តាល​ខែកក្កដា វា​លួច​នៅផ្ទះ​ជិត​គ្នា​នោះ​យក​អស់​១​គ្រឿង​ទៀត ម៉ូតូ​ហុងដា​ដូច​គ្នា​ស៊េរី​ឆ្នាំ​២០១៤ ហើយ​នៅ​ម៉ោង​២​យប់​ថ្ងៃ​ទី​២៧ កក្កដា ថ្មី​ៗ​នេះ វា​លួច​នៅផ្ទះ​អ្នក​ចិញ្ចឹម​ជ្រូក​យក​ម៉ូតូ​ហុងដា​ស៊េរី​២០១៥​មួយ​គ្រឿង​ទៀត និង​ចូល​អូស​យក​ម៉ូតូ​ស្កុប​ពី​១​គ្រឿង​ទៀត តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ភ្ញាក់​ទាន់​ស្រែក​ចោរ​ឡើង ទើប​ក្រុម​ចោរ​ស្ទុះ​រត់​ចេញ ដោយ​យក​តែ​ម៉ូតូ​ហុងដា​ដែល​លួច​បាន​ទៅ​ជាមួយ​ផង​ដែរ​។

ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរលួច​យក​ម៉ូតូ​បាត់​បាន​ប្រាប់​ថា ក្រោយ​ពី​ស្រែក​ឆោឡោ​ផង ដេញចោរ​ផង​តែ​មិន​ទាន់ គាត់​បានរ​ត់ទៅ​ប្តឹង​ប៉ូ​លី​ស​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ភ្លាម ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់ចោរ តែ​លោក​ប៉ូលិស​ប្រាប់​ថា ផុត​ម៉ោង​រដ្ឋបាល​ហើយ ឱ្យទៅ​ប្តឹង​វិទ្យុ ABC វិញ​ទៅ​ធ្វើ​ឱ្យ​គាត់​គាំង​និយាយ​លែង​ចេញ​ព្រោះ​ហួសចិត្ត​ពេក​។

ប្រជាពលរដ្ឋ​នៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌ បានឱ្យ​ដឹង​ថា ក្រោយ​ពី​ក្រុម​ចោរលួច​យក​ម៉ូតូ​ពួក​គាត់​ទៅ​បាត់​អស់ រហូត​ដល់​ព្រឹក​ឡើង​ទើប​ឃើញ​សមត្ថកិច្ច និង​អាវុធហត្ថ​ចុះ​មក​សួរនាំ​ធ្វើ​កំណត់ហេតុ​នៅផ្ទះ​របស់​គាត់ ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​ចាប់ចោរ​មិន​ទាន់​បាន​ទេ ផ្ទុយ​ទៅ​វិញ​ក្រុម​ចោរ​នៅ​តែ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ម្តង​ហើយ​ម្តងទៀត​ដដែល​ៗ​យក​អស់​ម៉ូតូ​៣​គ្រឿង​ហើយ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ទាំងនោះ​នាំ​គ្នា​សំណូមពរ​យ៉ាង​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សមត្ថកិច្ច​គ្រប់​ស្ថាប័ន​មេត្តា​ជួយ​ពួក​គាត់​ផង ហើយ​ឱ្យ​ពួក​គាត់​រស់នៅ​យ៉ាងម៉េច​សុខ បើ​១​យប់​ៗ​ដេក​មិន​លក់ ភ័យ​ខ្លាច​តែ​ចោរ​ចូល​ផ្ទះ​បែប​នេះ​….​៕

ប្រភព៖ កោះសន្តិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here