មកដឹងពីមូលហេតុដែលធ្វើឲ្យយើងឈឺក្បាល

189

(សុខភាព)៖ អាការឈឺក្បាលកើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះគឺជាមូលហេតុមួយចំនួន ដែលបង្កឲ្យយើងកើតមានអាការឈឺក្បាលដែលយើងពុំបាននឹកនាដល់។ ការទំពារស្ករកៅស៊ូៈ ការកម្រើកធ្វើចលនាថ្គាមដើម្បីទំពារស្ករកៅស៊ូគ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញ ថ្គាមមានការចុករួយស្រពន់ បង្កឲ្យកើតមានអាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។

ការ៉េមៈ បង្កឲ្យកើតមានការត្រជាក់ខ្លាំងនៅក្នុងក្រអូមមាត់បណ្តាលឲ្យសរសៃប្រសាទ ចំនួន២ និងជាលិកានៅ បរិវេណនោះបញ្ជូនសញ្ញាឈឺចាប់ទៅកាន់ខួរក្បាល។ អំបិលៈ ការបរិភោគប្រៃខ្លាំង អាចបង្កឲ្យកើតមានអាការឈឺក្បាលមួយចំហៀងឬ ប្រកាំង (Migraine)។ អាការនេះ ច្រើនកើតឡើងក្រោយពេលយើងបរិភោគប្រៃខ្លាំងមិនបានប៉ុន្មានម៉ោងផង។ កាបូនម៉ូណុកស៊ីដ (Cabon Monoxide) : អ្នកជ្រាបឬទេថា ការគេងទទូរ ឬ គ្រលំភួយ បង្កឲ្យកើតមានឧស្ម័នកាបូនមូណុកស៊ីដ ដែលជាអ្នករំខានដល់ការធ្វើការរបស់អុកស៊ីហ្សែន ដែលជាបុព្វហេតុនៃអាការឈឺក្បាលផងដែរ។

កម្តៅថ្ងៃៈ ការស្ថិតនៅក្រោមកម្តៅថ្ងៃក្នុងរយៈពេលយូរធ្វើឲ្យរាងកាយរបស់យើងត្រូវបាត់បង់ជាតិទឹក ហើយជាតិ ទឹកនៅក្នុងខួរក្បាលព្រមទាំងខួរឆ្អឹងខ្នងក៏ត្រូវស្រកចុះដែរ ដែលធ្វើឲ្រសរសៃប្រសាទ បណ្តាលឲ្យកើតមានអាការ ឈឺក្បាលឡើង។ ហាត់ប្រាណហួសកំរិតៈ ការហាត់ប្រាណ ឬ លេងកីឡាខ្លាំងហួសហេតុពេក បង្កលក្ខណៈឲ្យសរសៃឈាមតូចៗ ពុំអាចពង្រីកខ្លួនបានទាន់ពេលវេលាក្នុងការទទួលយកបរិមាណឈាម ដែលធ្វើចររាចរយ៉ាងខ្លាំងហើយធ្វើឲ្យ សម្ពាធឈាមកើនឡើងខ្ពស់នៅក្នុងសរសៃឈាមក្រហម បង្ខំឲ្យភ្នាសសរសៃឈាមក្រហមប្រឹងពង្រីកខ្លួនដែល បណ្តាលឲ្យកើតមានអាការឈឺក្បាលកើតឡើង។

ពាក់ស្បែកជើងកែងចោទៈ ការពាក់ស្បែកជើងកែងចោទ បង្កឲ្យកើតមានអាការតឹងតែងនៅត្រង់សាច់ដុំត្រយ៉ូងចេក ហើយសាយភាយទៅដល់កញ្ចឹងក នឹងក្បាល រួចអាចធ្វើឲ្យអ្នកឈឺក្បាល។ ការដឹងពីមូលហេតុដែលជំរុញ ឲ្យកើតមានអាការឈឺក្បាល អាចជួយឲ្យយើងកែខៃបញ្ហាបានខ្លះ តែបើការឈឺក្បាលនោះនៅតែបន្តកើតមកក្នុង រយៈពេលយូរ យើងចាំបាច់ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ៕