អ្នកមានក្លែងក្លាយ

116

ក្នុងសង្គមយើងរស់នៅបច្ចុប្បន្ននេះសម្បូរទៅដោយអ្នកមានក្លែងក្លាយ សម្បូរទៅដោយមនុស្សអួតក្អែងក្អាង អ្នកទាំងអស់នោះគិតថាមានតែអញឡូយ អាញល្អដាច់គេ គ្មាននរណាប្រៀបនឹងខ្លួនបាន ពួកគេជាមនុស្សចូលចិត្តពាក្យសរសើរពីមនុស្សជុំវិញខ្លួនអស់អីក៏អស់ទៅសំខាន់ពួកគេចង់ឮនៅពាក្យសរសើរ ចង់ឲ្យអ្នកដទៃមើលមកខ្លួនថា​ខ្លួនឯងអស្ចារ្យ។

អ្នកមានក្លែងក្លាយចូលចិត្តបង្ហាញគេនៅរបស់ថ្លៃៗ​សម្ភារនិយម តែមិនមែនយកលុយទៅទិញដោយផ្ទាល់នោះទេ គឺពួកគេបង់រំលួស ស្មាតហ្វូន ឡានស៊េរីទំនើបយកមកជិះបង្អួតគេ ជីវិតរបស់អ្នកមានក្លែងក្លាយតែងតែរស់នៅក្រោមក្រសែភ្នែករបស់អ្នកដទៃជាដរាប ។ មូលហេតុព្រោះពួកគេធ្វើអ្វីៗដើម្បីតែគិតខ្វាយខ្វល់ពីមនុស្សជុំវិញខ្លួនគេ ខ្លាចគេមើលមកថាខ្លួនអន់ ដូច្នេះហើយបានជាគេខិតខំធ្វើគ្រប់មធ្យោបាយដើម្បីបង្ហាញថាគេជាមនុស្សគ្រាន់បើ ។

ការប្រើជីវិតបែបអ្នកមានក្លែងក្លាយរបស់ពួកគេល្អមើលតែនៅនឹងមុខមនុស្សផ្សេងគ្នាតែប៉ុណ្ណោះ។ តែរឿងនៅពីក្រោយខ្នងរបស់អ្នកមានក្លែងក្លាយទាំងអស់នោះគឺត្រូវដេកព្រួយសឹងតែគ្រប់រឿង ពួកគេដេកកើតទុក្ខ ដោយត្រូវរកលុយឲ្យបានដើម្បីបង់ថ្លៃរំលួសសម្ភារៈនិយមដែលពួកគេបានយកមកបង្អួតភ្នែកគេ។ ភាពឡូយឆាយរបស់ពួកគេវាមិនមែនជាក្តីសុខពិតប្រាកដនោះទេ។ អាចនិយាយបានថាល្អមើលតែវាមិនល្អស៊ី តែមនុស្សយើងភាគច្រើនចូលចិត្តណាស់រឿងកាច់កុងអួតគ្នាហ្នឹង។

អ្នកមានពិតប្រាកដគេមិនសូវជាអួត ហើយក៏មិនសូវជាក្អេងក្អាងនឹងបញ្ចេញប៉ុន្មាននោះទេ ពួកគេជាមនុស្សដែលសាមញ្ញបំផុត ហើយជីវិតរបស់ពួកគេរស់នៅដោយក្តីសុខមិនមែនរស់នៅខ្លាចពាក្យគេថាខ្លួនឯងអន់នោះទេ ព្រោះពួកគេស្គាល់ខ្លួនឯងច្បាស់ជាងនរណាៗទាំងអស់។