គួរ​តែ​ត្រូវ​រ៉ូវ​គ្នា​វិញ​ទៅ បើ​អ្នក​នៅ​តែ​មាន​ចំណុច​នេះ​បន្ទាប់​ពី​បែក​គ្នា​ហើយ

120

ទំនាក់ទំនង​ស្នេហា​ណា​ក៏​ដូចគ្នា​ដែរ មិន​យូរ​មិនឆាប់​ក៏​គង់​មាន​រឿង​រ៉ាវ​ជាមួយ​គ្នា តែ​អ្វី​ដែល​សំខាន់​នោះ​ ពេល​កំពុង​មាន​បញ្ហា​តើ​អ្នក​ជ្រើសយក​ផ្លូវ​មួយ​ណា? មាន​គូស្នេហ៍​មួយ​ចំនួន​ គឺ​ដើរ​រក​ផ្លូវ​បំបែក ទាំង​ពេល​ខ្លះ​នៅ​តែ​ស្រឡាញ់​ គ្រាន់​តែ​ពួក​គេ​ហត់នឿយពេក ឬ​ខឹង​មួយ​ឆាវ។ បើ​បន្ទាប់​ពី​បែក​គ្នា​ហើយ​អ្នក​នៅ​តែមាន​រឿង​ទាំង​នេះ​ នោះ​គួរ​តែ​ត្រឡប់​ទៅ​រក​គ្នា​វិញ​ទៅ ៖

១. អ្នក​នៅតែ​នឹក​​ និង​ធ្វើ​អ្វី​សម្រាប់​គាត់

បើ​កន្លង​យូរ​ហើយ​អ្នក​នៅ​តែ​នឹក​គាត់ មិន​ដាច់ស្រេច​ពី​គាត់​ នោះ​ជា​សញ្ញា​មួយ​ដែល​អ្នក​នៅ​តែ​ស្រឡាញ់​គាត់។ ទោះ​ក្នុង​អំឡុង​ពេល​អ្នក​បែក​គ្នា​ក៏​ដោយ​ ក៏​អ្នក​នៅ​តែ​ធ្វើ​អ្វី​ដើម្បី​គាត់ និយាយ​ល្អ​ពីគាត់​ពេល​គេ​សួរ​នាំនោះ​អ្នក​គួរ​តែ​គិត​ម្ដង​ទៀត​ថា​គួរ​តែ​ត្រឡប់​ទៅ​វិញ​ឬ​ក៏​អត់?

២. អ្នក​ប្រាកដប្រជាចំពោះ​គាត់

អ្នក​នៅ​តែ​មានអារម្មណ៍​ច្បាស់លាក់​ជាមួយ​គាត់ ទោះ​បែក​គ្នា​មួយ​រយៈ​ហើយ​ក៏​នៅ​តែ​គិត​ថា​ថ្ងៃ​ណា​មួយ​នឹង​អាច​ជានា​គ្នា​វិញ ឬ​ក៏​អាច​ចាប់ផ្ដើម​ម្ដង​ទៀត​បាន។ ពេល​ខ្លះ​អ្នក​មិន​ហ៊ាន​ទៅ​វិញ​ក៏​ដោយសារ​ហេតុផល​ជាច្រើន ខ្មាស ខ្លាច​អន់… តែ​បើ​ហេតុផល​​មួយ​នេះអ្នក​មាន​ដូចគ្នា​ គឺ​​អ្នក​ទាំងពីរ​នៅតែ​ស្រលាញ់​ និង​នឹករលឹក​គ្នា គួរតែ​ត្រឡប់​ក្រោយ​ទៅ។

៣. អ្នក​នៅ​តែ​ចង់​ឲ្យ​គាត់​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​អ្នក

គ្រប់​​ពេល​ដែល​ទទួល​បាន​​ជោគជ័យ​អ្វី​មួយ​ក្នុង​ជីវិត​អ្នក​តែង​តែ​នឹក​ឃើញ​ដល់​​​គាត់​ ហើយ​គិត​ថា​បើ​សិន​ពេល​មាន​គាត់​នៅ​មិន​ដឹង​ជា​ល្អ​ប៉ុណ្ណា។ ​​​​មាន​ន័យ​ថា​អ្នក​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​បំផុត​នៅ​ពេល​បែក​គ្នា​ ដូច្នេះ​មិន​គួរ​បណ្ដោយ​ការ​សោកស្ដាយ​នេះ​បន្ត​ទៀត​ទេ។

៤. អ្នក​នៅ​តែ​ចង់​ឲ្យ​គាត់​ចាប់​អារម្មណ៍​មក​លើ​អ្នក

អ្នក​នៅ​តែ​បង្ហាញ​ពី​សកម្ម​ដែល​ធ្វើ​ឲ្យ​គាត់​កត់​សម្គាល់​ពី​អ្នក​ ហើយនឹក​ឃើញ​ថា​អ្នក​ និង​​គាត់​ខាត​ជួប​គ្នា​យូរ​ ហើយ​នៅ​តែ​ចង់​ឲ្យ​គាត់​មើល​មក​អ្នក​នៅ​តែ​សំខាន់​។

៥. អ្នក​នៅ​តែ​រក​មនុស្ស​មក​ជំនួស​គាត់​មិន​បាន

អ្នក​ព្យាយាម​ណាត់​ជួប​​​ និង​ទាក់ទង​បុរស​ផ្សេង​ដែរ​​ តែ​ចុង​ក្រោយ​នៅ​តែ​មិន​អាច​ទទួល​យក​គេ។​ ព្រោះ​អ្នក​អ្នក​ទុក​គាត់​ក្នុង​បេះដូង​រហូត ដោយ​គ្មាន​នរណា​អាច​ស្មើ ឬ​ជំនួស​បាន​។​ បើ​សិន​ជា​បែប​នោះ​ គួរ​តែ​ត្រឡប់​ក្រោយ​ទៅ​ ព្រោះ​អ្នក​នៅ​តែ​មើល​មិន​ឃើញ​ពី​អនាគត​ដោយ​គ្មាន​គាត់។

៦. មិន​ដែល​ប្រាប់​គេ​ថា​អ្នក​បែក​គ្នា

ទោះ​អ្នក​បែក​គ្នា​យូរ ឬ​ឆាប់​ក្ដី​ក៏​អ្នក​មិន​ដែល​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ​ដែរ ហើយ​បើ​គេសួរ​ គឺ​អ្នក​តែងតែ​ថា​អត់​មាន​រឿង​អី​ជាមួយ​គ្នា​ទេ គ្រាន់​តែ​មួយរយៈនេះ​គាត់​រវល់​ពេក​ទើប​មិន​សូវ​បាន​ជួប​គ្នា​ជាដើម។ នេះ​អាច​មក​ពី​អ្នក​ខ្លាច​ខ្មាស់​គេ ឬ​មួយ​ទៀត​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​អ្នក​អាច​មាន​ផ្លូវ​ផ្សះផ្សា​គ្នា​បាន។ កុំ​ដោយសារ​រឿងរ៉ាវ​ទាស់គ្នា​តិចតួច​ អ្នក​បោះចោល​ស្នេហា​ដែល​ខំ​ថែ​មក​ជាយូរ​នោះ​អី ព្រោះ​វា​អាច​នាំ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ និង​គ្រាំគ្រាចិត្ត៕ ប្រភព៖ Kanha-Sabay